លោក ស៊ូប៊ែឌី ចាត់​ទុក​អ្នក​រិះគន់​លោក​ថា​មិន​បាន​អាន​របាយការណ៍​ចប់​សព្វគ្រប់

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​បញ្ជាក់​ចុង​ក្រោយ​នៅ​មុន​ពេល​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា វិញ​នោះ​ថា នៅ​ក្នុង​ពេល​បេសកកម្ម​របស់​លោក​ម្ដងៗ​នៅ​កម្ពុជា លោក​បាន​ធ្វើ​ការ​ជាមួយ​ក្រុម​មនុស្ស​ចម្រុះ​ជា​ច្រើន។

0:00 / 0:00

ក្រុម​មនុស្ស​ទាំង​នោះ មាន​ដូច​ជា​មន្ត្រី​រដ្ឋាភិបាល បុគ្គល​ខាង​បក្ស​ប្រឆាំង ខាង​អង្គការ​សង្គម​ស៊ីវិល ពលរដ្ឋ​ធម្មតា ជន​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ដៃគូ​អភិវឌ្ឍន៍​នៅ​កម្ពុជា និង​តំណាង​រាជធានី​ភ្នំពេញ។

ការងារ​របស់​លោក គឺ​ស្ដាប់។ ស្ដាប់​គ្រប់​ភាគី​ទាំងអស់ ហើយ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្អែក​លើ​មូលដ្ឋាន​ព័ត៌មាន​ដែល​លោក​បាន​ទទួល រួច​លោក​នឹង​វាយ​តម្លៃ​ស្ថានភាព​នោះ តាម​ចំណាប់​អារម្មណ៍ និង​ទស្សនៈ​របស់​លោក ហើយ​សរសេរ​ជា​របាយការណ៍​ដ៏​ឯករាជ្យ​ទាំង​ស្រុង មិន​លម្អៀង និង​មាន​កម្មវត្ថុ​ច្បាស់​លាស់ មិន​ដូច​ក្រុម​និស្សិត​មួយ​ចំនួន​ចោទ​ប្រកាន់​រូប​លោក​នោះ​ទេ។

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី បាន​ចាត់​ទុក​អ្នក​រិះគន់​របាយការណ៍​របស់​លោក​ថា អ្នក​នោះ​មិន​បាន​អាន​របាយការណ៍​របស់​លោក​ឲ្យ​បាន​ច្បាស់​លាស់ និង​ចប់​សព្វគ្រប់​នោះ​ឡើយ។

ការ​លើក​ឡើង​របស់​លោក សុរិយា ស៊ូប៊ែឌី ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រឆាំង​នឹង​រូប​លោក និង​របាយការណ៍​របស់​លោក នៅ​ក្នុង​ដំណើរ​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា។

លោក សុរិយា ស៊ូប៊ែឌី បាន​បញ្ជាក់​ពី​តួនាទី​របស់​លោក​ថា ការងារ​របស់​លោក គឺ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស តាង​នាម​ឱ្យ​សហគមន៍​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ពិនិត្យ​មើល​ស្ថានភាព វិភាគ​ស្ថានភាព និង​ផ្ដល់​យោបល់​របស់​លោក​ជា​អនុសាសន៍​ផ្លូវ​ការ ដាក់​ជូន​រដ្ឋាភិបាល។ រដ្ឋាភិបាល​ជា​អ្នក​ពិចារណា​អនុសាសន៍​របស់​លោក។

លោក​បញ្ជាក់​ថា ទស្សនៈ​ទាំងអស់​របស់​លោក មាន​កម្មវត្ថុ​ច្បាស់​លាស់ មិន​លម្អៀង និង​ឯករាជ្យ ក្នុង​ការ​បំពេញ​អាណត្តិ​ការងារ និង​ភារកិច្ច​របស់​លោក ក្នុង​នាម​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា៖ «ការ​តវ៉ា​របស់​និស្សិត​ដែល​លោក​លើក​ឡើង​នេះ បើ​យើង​មើល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ ការ​តវ៉ា​នេះ គឺ​មាន​ការ​រៀបចំ​ទុក ដើម្បី​ក្រឡុក​ខ្ញុំ ឬ​បង្អាប់​បង្អោន ឬ​បំផ្លាញ​ខ្ញុំ​ពី​ការងារ។ ក៏​ប៉ុន្តែ ខ្ញុំ​មិន​វិនាស​ដោយសារ​តែ​ការ​តវ៉ា​នោះ​ទេ ពី​ព្រោះ​តែ​ខ្ញុំ​ចង់​ជួយ​ពលរដ្ឋ​កម្ពុជា ឱ្យ​បាន​ច្រើន តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នេះ​ហើយ​ជា​អាណត្តិ​ការងារ​របស់​ខ្ញុំ។ ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណើរ​ឆ្លង​កាត់​មួយ ដែល​ការ​បោះឆ្នោត​ជាតិ​មួយ​នឹង​មក​ដល់​នៅ​ក្នុង​រយៈពេល​ខែ​ទៀត។ ជា​ពេល​វេលា​មួយ ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ ខ្ញុំ​យល់​ពី​បញ្ហា​នេះ»

នៅ​ក្នុង​បេសកកម្ម​របស់​អ្នក​រាយការណ៍​ពិសេស​លើក​ទី៩ នេះ មាន​ការ​រំខាន​ដោយ​ការ​ប្រឆាំង​តវ៉ា​ចំពោះ​វត្តមាន​លោក ស៊ូប៊ែឌី ចំនួន ២​លើក។ លើក​ទី១ នៅ​ថ្ងៃ​ទី២០ ឧសភា នៅ​ខាង​មុខ​ទីស្នាក់ការ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា ដោយ​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប។ លើក​ទី​២ ធ្វើ​ឡើង​ដោយ​ក្រុម​យុវជន​នៅ​ក្នុង​ពេល​លោក​ធ្វើ​បាឋកថា ស្ដីពី​ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍ នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​វិនិយោគ​បរទេស នៅ​ឯ​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២១ ឧសភា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្រោយ​ពី​អ្នក​ប្រឆាំង​តវ៉ា និង​រិះគន់​លោក សុរិយា ស៊ូប៊ែឌី នោះ ពិសេស​ក្រុម​និស្សិត​ដែល​លើក​បដា​ប្រឆាំង​នឹង​រូប​លោក ហើយ​ចោទ​ថា របាយការណ៍​របស់​លោក​បំផ្លើស​ការ​ពិត​នៅ​កម្ពុជា ដែល​បាន​តវ៉ា​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន​បាន​រិះគន់​ក្រុម​និស្សិត​ទាំង​នោះ ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

និស្សិត ជា ឆេង ក្នុង​ចំណោម​និស្សិត​មួយ​ចំនួន​ទៀត ដែល​ឡើង​តវ៉ា​ប្រឆាំង​នឹង​រូប​លោក សុរិយា ស៊ូប៊ែឌី នោះ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ លោក​បាន​ព្យាយាម​ថត​ជា​ខ្សែ​វីដេអូ ដើម្បី​បកស្រាយ​ពន្យល់​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ នៅ​ក្នុង​ឃ្លីប​វីដេអូ នោះ យុវជន ជា ឆេង បាន​អះអាង​ថា មូលហេតុ​ដែល​លោក​មិន​ស្វាគមន៍​លោក សុរិយា ស៊ូប៊ែឌី នោះ គឺ​ផ្ដើម​ចេញ​ពី​ការ​អាន​កាសែត​ថា សហភាព​អឺរ៉ុប ព្រមាន​ដក​កិច្ច​ព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដោយសារ​តែ​របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​បណ្ដាញ​សង្គម​នោះ ក្រុម​យុវជន​ជាច្រើន​បាន​រិះគន់ និង​សម្ដែង​កាយ​វិការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បកស្រាយ​ពន្យល់​របស់​និស្សិត​រូប​នេះ ដោយ​បាន​សង្កត់​ធ្ងន់​ថា លោក ជា ឆេង បាន​ធ្វើ​សកម្មភាព​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​គណបក្ស​នយោបាយ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា ការ​សួរ​ដេញដោល​ជា​រឿង​ល្អ​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ តែ​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា។ ហើយ​កម្ពុជា ត្រូវ​ការ​វត្តមាន​របស់​លោក​បន្ត​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក សុរិយា ស៊ូប៊ែឌី បាន​អះអាង​ថា ការ​ធ្វើ​របាយការណ៍​របស់​លោក​ផ្អែក​លើ​មូលដ្ឋាន​ច្បាស់​លាស់​ជាច្រើន សុក្រឹត និង​ឯករាជ្យ។ ហើយ​លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា នឹង​ដឹង​គុណ​លោក​នៅ​ក្នុង​រយៈពេល ២០​ឆ្នាំ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។