មន្ត្រីជំនាញសិទ្ធិមនុស្សនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើបាបទៅលើមន្ត្រីសង្គមស៊ីវិល មន្ត្រីអង្គការសហប្រជាជាតិ និងបក្សប្រឆាំង។ មន្ត្រីរដ្ឋាភិបាលឆ្លើយតបថា មន្ត្រីជំនាញសិទ្ធិមនុស្សទាំងនោះមិនយល់ពីស្ថានការណ៍ពិតនៅកម្ពុជា ឡើយ។
ឈប់ធ្វើទុក្ខបុកម្នេញមន្ត្រីការពារសិទ្ធិមនុស្ស និងបក្សប្រឆាំង ឈប់បំបែកការជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋ និងឈប់លាបពណ៌យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅថាបដិវត្តន៍ពណ៌ សុទ្ធសឹងតែជាបញ្ហាសំខាន់ៗ ដែលមន្ត្រីជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទូចឲ្យរដ្ឋាភិបាលកម្ពុជា ឈប់ប្រព្រឹត្តទៅលើពលរដ្ឋ សង្គមស៊ីវិល និងបក្សប្រឆាំង។
ក្នុងសេចក្ដីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ចុះថ្ងៃទី១២ ខែឧសភា មន្ត្រីជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលរួមមានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស លោក មីសែល ហ្វ័ស្ត៍ (Michel Forst) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសម្ដែងមតិនិងយោបល់ លោក ដេវីដ កាយេ (David Kaye) និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធិ និងសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម លោក ម៉ៃណា គីអៃ (Maina Kiai) សុទ្ធតែសម្ដែងការបារម្ភពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ពួកគេទទូចឲ្យរដ្ឋាភិបាលចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីការពារមន្ត្រីសង្គមស៊ីវិល និងគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋទូទៅ។
មន្ត្រីជំនាញទាំងអស់នេះ ដែលចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលលើមន្ត្រីការពារសិទ្ធិមនុស្សថា ជាឈុតឆាកនយោបាយដើម្បីធ្វើបាបសង្គមស៊ីវិលនោះ ក៏ទទូចឲ្យស្ថាប័នពាក់ព័ន្ធបញ្ឈប់នូវការចោទប្រកាន់ការកោះហៅសាកសួរ និងដំណើរការតុលាការទៅលើមន្ត្រីការពារសិទ្ធិមនុស្ស។ ពួកគេជំរុញឲ្យអាជ្ញាធររដ្ឋាភិបាលធានាសុវត្ថិភាពរបស់មន្ត្រីការពារសិទ្ធិមនុស្ស ដែលពួកគេចាត់ទុកថា ជាតួអង្គសំខាន់មួយក្នុងការឃ្លាំមើលសកម្មភាពរដ្ឋាភិបាលដែលនាំមកនូវការគោរពសិទ្ធិមនុស្សសម្រាប់ពលរដ្ឋខ្មែរទូទៅ។
បន្ថែមពីលើនេះ ពួកគេក៏សម្ដែងការមិនពេញចិត្តចំពោះសកម្មភាពរបស់សមត្ថកិច្ចដែលបានបំបែកការប្រមូលផ្តុំរបស់អ្នកចូលរួមក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងជាប់ឃុំ។ ពួកគេសម្ដែងការសោកស្ដាយចំពោះមន្ត្រីរដ្ឋាភិបាលដែលថ្លែងលាបពណ៌អ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ថាជាក្រុមឧទ្ទាមប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
ចំពោះការរិះគន់របស់អង្គការសហប្រជាជាតិនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងឆ្លើយតបថា មន្ត្រីជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងអស់នោះ មិនបានយល់ច្បាស់ពីស្ថានភាពជាក់ស្ដែងនៅកម្ពុជា នោះទេ។ លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលមិនមានប្រយោជន៍អ្វីទៅធ្វើបាបមន្ត្រីសង្គមស៊ីវិលនោះឡើយ។ ផ្ទុយទៅវិញ លោកថា រដ្ឋាភិបាលតែងចាត់ទុកសង្គមស៊ីវិលថា ជាដៃគូសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែលោកថា អ្វីដែលកំពុងកើតមានឡើងចំពោះមន្ត្រីសង្គមស៊ីវិលមួយចំនួននៅពេលនេះ គឺជាចំណាត់ការផ្លូវច្បាប់របស់តុលាការចំពោះជនដែលធ្វើខុសច្បាប់របស់កម្ពុជា។
លោក ផៃ ស៊ីផាន៖ «ខ្ញុំជឿថា មន្ត្រីនៃអង្គការសហប្រជាជាតិទាំងនោះមិនទាន់មានសមត្ថភាពគ្រប់គ្រងប្រទេសទេ។ យើងមើលភាពបាក់បែករបស់ប្រទេសជាតិមួយចំនួននៅមជ្ឈិមបូព៌ា មន្ត្រីអង្គការសហប្រជាជាតិគ្រាន់តែចូលទៅជួយសម្រួលប៉ុណ្ណោះទេ ប៉ុន្តែគេពុំដែលមានឱកាស ឬពិសោធន៍នៅក្នុងការគ្រប់គ្រងប្រទេសណាមួយឲ្យមានសន្តិភាពនោះទេ ដូច្នេះកម្ពុជា មានការពិសោធខ្លួនឯងរួចស្រេច គួរតែពួកគេទាំងអស់នោះរៀនពីកម្ពុជាវិញ»។
ការចេញសេចក្ដីថ្លែងការណ៍របស់មន្ត្រីជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទូចឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពវាយប្រហារលើមន្ត្រីការពារសិទ្ធិមនុស្ស និងបក្សប្រឆាំងពេលនេះ គឺបន្ទាប់ពីមានអង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោលទោសចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើមន្ត្រីការពារសិទ្ធិមនុស្ស។
អង្គការសហប្រជាជាតិស្នើឲ្យរដ្ឋាភិបាលកម្ពុជា គោរពកាតព្វកិច្ច គោរពសិទ្ធិមនុស្សដែលមានចែងនៅក្នុងសន្ធិសញ្ញាសិទ្ធិមនុស្សនានា ដែលកម្ពុជា ជារដ្ឋភាគី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។