បញ្ជូន​ជន​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​កាសែត​ទៅ​តុលាការ

អ្នក​កាសែត​ចំនួន ១០​ស្ថាប័ន មាន​ទូរទស្សន៍ និង​គេហទំព័រ ត្រូវ​ក្រុម​អ្នក​បើកបរ​រថយន្ត​ពេល​យប់ វាយ​ឲ្យ​របួស​ធ្ងន់​ស្រាល​ជិត ១០​នាក់ ខណៈ​ថត​សកម្មភាព​រថយន្ត​ទាំង​នោះ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ការ​ប្រណាំង​រថយន្ត​ទំនើប​តាម​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​២១៤ រាជធានី​ភ្នំពេញ។

0:00 / 0:00

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ថ្លែង​ថា ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២​នាក់ ដែល​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​កាសែត​កាល​ពី​អធ្រាត្រ​ថ្ងៃ​ទី១៨ មីនា នោះ បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី១៩ ខែ​មីនា។

កាល​ពី​ម៉ោង​១២ និង ១៥​នាទី រំលង​អធ្រាត្រ​ថ្ងៃ​ទី១៨ ខែ​មីនា មាន​រថយន្ត​ទំនើប​ច្រើន​គ្រឿង​បើក​ដេញ​គ្នា​នៅ​តាម​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​២១៤ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ រថយន្ត​ម៉ាក មីនី កូបពើ (Mini cooper) ពណ៌​ក្រហម មាន​ស្លាក​លេខ​បណ្ដោះ​អាសន្ន​៦១០៨ បាន​បុក​បង្គោល​ភ្លើង​សាធារណៈ​លើ​ផ្លូវ​២១៤ ចំណែក​រថយន្ត ស៊ីអវី (CRV) ពណ៌​ទឹក​ប្រាក់ មាន​ស្លាក​លេខ2C1369 បាន​បុក​ការដ្ឋាន​សំណង់។ ខណៈ​នោះ ក្រុម​អ្នក​កាសែត​ច្រើន​ស្ថាប័ន បាន​ចុះ​ថត​ព័ត៌មាន ហើយ​ក៏​ត្រូវ​អ្នក​បើកបរ​រថយន្ត​ទាំង​នោះ​វាយ​ឲ្យ​របួស​ធ្ងន់ និង​ស្រាល​ជិត ១០​នាក់។

ឪពុក​ជន​រង​របួស​ធ្ងន់​ក្រោម​អំពើ​ហិង្សា លោក សុវណ្ណ សុខា ដែល​ជា​អ្នក​សារព័ត៌មាន កាសែត​កោះ​សន្តិភាព បាន​ថ្លែង​ថា កូន​ប្រុស​គាត់ ២​រូប ធ្វើ​កម្មវិធី​បច្ចុប្បន្នភាព​ឲ្យ​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ត្រូវ​ក្រុម​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​វាយ​ឲ្យ​របួស​ធ្ងន់។ កូន​គាត់​មាន​ឈ្មោះ សុវណ្ណ សេដ្ឋី អាយុ ១៨​ឆ្នាំ កំពុង​សម្រាក​ព្យាបាល​ក្បាល​នៅ​មន្ទីរពេទ្យ និង​កូន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ សុវណ្ណ រិទ្ធីគីន អាយុ ២១​ឆ្នាំ របួស​ស្រាល។

លោក​សុំ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​មាន​សមត្ថកិច្ច ចាប់​ជន​ដៃ​ដល់​កាត់​ទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ក្រុម​អ្នក​កាសែត និង​កូន​របស់​គាត់​ទាំង ២​នាក់៖ «យក​ព័ត៌មាន​ទៅ​ថត​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បែរ​ជា​ត្រូវ​បាន​គេ​វាយ​នៅ​លើ​ផ្លូវ​សាធារណៈ។ អីចឹង ខ្ញុំ​សុំ​សំណូមពរ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​តុលាការ​ជួយ​ចាត់​ការ​តាម​នីតិវិធី​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​អ្នក​កាសែត​ដែល​កំពុង​តែ​រង​គ្រោះ»

ប្រធាន​ព័ត៌មាន​កម្មវិធី​បច្ចុប្បន្នភាព​នៃ​ស្ថានីយ​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ លោក ឯម ប៊ុនធឿន ថ្លែង​ថា អ្នក​សារព័ត៌មាន​គ្រាន់​តែ​ចុះ​ថត​រូបភាព​ជាក់ស្តែង​នៃ​គ្រោះថ្នាក់​នោះ មិន​មែន​អ្នក​កាត់​ក្តី​ជន​ណា​ខុស ឬ​ជន​ណា​ត្រូវ​ទេ តែ​បែរ​ជា​ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​អតីត​មេធាវី​ឈ្មោះ ដេវីត ឆាយណាវ៉ា ដែល​ធ្លាប់​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ទីក្រុង​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ យាន ស៊ីណា ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌៖ «ប៉ុន្តែ​រូបភាព​មួយ​ចំនួន​បាន​បង្ហាញ​ថា លោក​អនុរដ្ឋលេខាធិការ​រូប​នេះ​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ពិត​មែន»

ចំណែក​នាយក​ព័ត៌មាន​ទូរទស្សន៍​ហង្សមាស លោក មាស រិទ្ធី ថ្លែង​ថា ក្រុម​អ្នក​កាសែត​មាន​គម្រោង​ចូល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ស្នើសុំ​ឲ្យ​ក្រសួង​នេះ​ជួយ​រក​គន្លឹះ​ណា​មួយ​ចៀសវាង​កុំ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​រង​គ្រោះ​ថ្នាក់​ក្នុង​ពេល​បំពេញ​បេសកកម្ម៖ «ដើម្បី​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន ឬ​មួយ​ជួប​ជុំ​គ្នា ដើម្បី​ជជែក​រក​គន្លឹះ​ណា​មួយ​ពី​រឿង​កុំ​ឲ្យ​មាន​ហេតុការណ៍​បែប​ហ្នឹង​កើត​ឡើង​ជា​ដដែលៗ​ទៅ​លើ​អ្នក​សារព័ត៌មាន»

ក្លឹប​អ្នក​កាសែត​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី១៩ ខែ​មីនា ថា អ្នក​សារព័ត៌មាន​ជិត ១០​នាក់ បាន​រង​របួស​ធ្ងន់ និង​ស្រាល ក្រោម​អំពើ​ហិង្សា​ពី​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ។ ក្លឹប​អ្នក​កាសែត​កម្ពុជា ក៏​បាន​ចាត់​ទុក​ការ​វាយ​ដំ​អ្នក​កាសែត​នោះ ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ស្មារតី​អ្នក​សារព័ត៌មាន ដែល​កំពុង​បំពេញ​បេសកកម្ម​តាម​វិជ្ជាជីវៈ និង​ជា​ចេតនា​រារាំង​ដល់​សកម្មភាព​អ្នក​សារព័ត៌មាន រួម​ទាំង​បន្ទច់បង្អាក់​ដោយ​ផ្ទាល់​ដល់​ដំណើរ​ការ​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន ការ​បញ្ចេញ​មតិ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។