ក្រសួងកិច្ចការនារី ដែលដឹកនាំដោយអ្នកស្រី អ៊ឹង កន្ថាផាវី ហៅការប្រើសម្ដីហៅស្ត្រី ថា មីស្រី និងថាជាញី នោះ គឺពុំមានចេតនាមាក់ងាយដល់ស្ត្រីខ្មែរទូទៅឡើយ។
នៅលើទំព័រហ្វេសប៊ុក (Facebook) របស់ក្រសួងកិច្ចការនារី បានផ្សព្វផ្សាយជំហររបស់ក្រសួងនេះថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នោះ សំដៅទៅលើស្ត្រីជាបាតុករមួយរូប ដែលបានយកជើងធាក់ថែមទៅលើសន្តិសុខមួយរូបកំពុងមានរបួសធ្ងន់ ដោយការប្រមាថមើលងាយ។ ក្រសួងកិច្ចការនារី យល់ទៀតថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី គ្រាន់តែជាការប្រើពាក្យសំដៅទៅលើស្ត្រីមួយរូប ដែលប្រព្រឹត្តអំពើអាក្រក់ហួសហេតុ និងសង្គមមិនគាំទ្រ គ្មានបំណងរើសអើង ឬមាក់ងាយទៅលើស្ត្រីទូទៅនោះឡើយ។
លើសពីនេះក្រសួងកិច្ចការនារីបញ្ជាក់ថា ភាពរីកចម្រើននៃស្ថានភាពស្រ្តីនៅកម្ពុជា កើតចេញពីការគាំទ្រ និងជំរុញរបស់លោកនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី។ គឺការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្ត និងហ៊ានដាក់សូចនាករក្នុងការកាត់បន្ថយអត្រាប្រេវ៉ាឡង់ អំពើហិង្សាលើស្ត្រី នៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងគោលដៅអភិវឌ្ឍន៍ជាតិ។
ទោះយ៉ាងណាពាក្យប្រមាថស្ត្រីនៅទីសាធារណៈរបស់លោក ហ៊ុន សែន ធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិលប្រមាណជាង ៥០ ដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស និងជាពិសេសសិទ្ធិស្ត្រីនៅកម្ពុជា សំដែងការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំងចំពោះការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យរបស់មេដឹកនាំបែបនេះ។
អង្គការសង្គមស៊ីវិលលើកឡើងទៀតថា ពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ត្រី និងសង្គមជាតិទាំងមូល ព្រមទាំងជាឧបសគ្គរារាំងដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនានា និងជាឧបសគ្គក្នុងការលើកស្ទួយសិទ្ធិស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។