ក្រុម​សហជីព​ធ្វើ​ពិធី​រំឭក​អំពី​ការ​តស៊ូ​​របស់​ស្ត្រី​ក្នុង​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ

0:00 / 0:00

ក្រុម​សហជីព​ និង​សហភាព​ការងារ​​នៅ​វិស័យ​កាត់​ដេរ​កម្ពុជា បាន​រៀប​ចំ​ពិធី​រំលឹក​ការ​តស៊ូ​របស់​ស្ត្រី​នៅ​ថ្ងៃ​ទី​៨ មីនា ​ដើម្បី​បង្ហាញ​​ថា ស្ត្រី​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ កាន់​តែ​ខ្លាំង ប្រសិន​បើ​ស្ត្រី​ទទួល​បាន​ការងារ​សមរម្យ​​ និង​គ្មាន​ការ​រើស​អើង​នៅ​ក្នុង​វិស័យ​កាត់​ដេរ​​ ​សំលៀក​បំពាក់។

នៅ​ក្នុង​ឱកាស​​រលឹក​ខួប​លើក​ទី​១០៤ ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព​ក្នុង​​វិស័យ​កាត់​ដេរ​កម្ពុជា ប្រមាណ ៥០០​នាក់ បាន​ជួប​ជុំ​គ្នា និង​លើក​ទិស​ដៅ​សម្រេច​ឲ្យ​បាន​នោះ គឺ​ការ​លើក​​សិទ្ធិ​ការងារ​ និង​ការងារ​សមរម្យ​​សម្រាប់​កម្មករ​ជា​ស្ត្រី។

​​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ​​២០១៥​នេះ ដើម្បី​​​រំលឹក​ការ​តស៊ូ​របស់​ស្ត្រី ​និង​ជា​ការ​បង្ហាញ​​ថា ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​ជា​ស្ត្រី​កន្លង​មក គឺ​​​ធ្វើ​ឡើង​ដោយសារ​ថៅកែ​រោងចក្រ​ ឬ​សហជីព​មួយ​ចំនួន​មិន​គោរព​ច្បាប់​ការងារ​ និង​មាន​ការ​កេងប្រវ័ញ្ច។

ប្រធាន​សហជីព​ការងារ​​​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នៅ​តាម​សហគ្រាស ឬ​រោងចក្រ​មួយ​ចំនួន មាន​ការ​​រើស​អើង និង​រំលោភ​បំពាន​​ចំពោះ​​កម្មករ​ជា​ស្ត្រី ​ដោយ​រាប់​ទាំង​ពី​ទី​កន្លែង​ធ្វើ​ការងារ​ រហូត​ដល់​ទី​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ។ លោក​បញ្ជាក់​ថា ដរាប​ណា​​មាន​ការ​ធ្វើ​​ទុក្ខបុកម្នេញ​​ចំពោះ​​កម្មករ​ជា​ស្ត្រី​ ដរាប​នោះ​​សិទ្ធិ​របស់​ពួក​គេ​ត្រូវ​​បាន​គេ​មើល​រំលង៖ «បច្ចុប្បន្ន​មិន​ថា នៅ​ក្នុង​ផ្នែក​នយោបាយ មិន​ថា​នៅ​ក្នុង​លក្ខខណ្ឌ​ការងារ​ទេ ភាព​អយុត្តិធម៌ និង​ការ​រំលោភ​​ចំពោះ​សិទ្ធិ​ស្ត្រី​នៅ​តែ​កើត​មាន​ដដែល»

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) លោក​ អាត់ ធន់ ថ្លែង​ទៅ​កាន់​កម្មករ​ក្នុង​ទិវា​នារី​អន្តរជាតិ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ព្រឹក​ថ្ងៃ​៨ មីនា ២០១៥។
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) លោក​ អាត់ ធន់ ថ្លែង​ទៅ​កាន់​កម្មករ​ក្នុង​ទិវា​នារី​អន្តរជាតិ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ព្រឹក​ថ្ងៃ​៨ មីនា ២០១៥។ (RFA/An Sithav)

​​នាយិកា​​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នកស្រី ចក់ សុភាព បាន​លើក​ឡើង​ថា នៅ​ពេល​សមត្ថភាព​ស្ត្រី​នៅ​មាន​កម្រិត​ទាប និង​មាន​ការ​គាបសង្កត់ ​នៅ​ពេល​នេះ ​តួនាទី​របស់​ស្ថាប័ន​រដ្ឋាភិបាល​ត្រូវ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ពង្រឹង​ និង​គាំពារ​ចំពោះ​ពួក​គាត់។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ​ស្ត្រី​ទាំង​អស់​ក៏​ត្រូវ​មាន​ជំនឿ​ថា​ គ្រប់​កិច្ចការ​អ្វី​ទាំង​អស់ គឺ​​យើង​អាច​ធ្វើ​បាន។

អ្នកស្រី​បាន​​លើក​ទឹក​ចិត្ត​ស្ត្រី​​ជា​កម្មករ​រោងចក្រ​ដែល​ចូល​រួម​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ប្រមាណ ៥០០​នាក់​​នោះ​ថា ការ​​ឲ្យ​តម្លៃ​ខ្លួន​ឯង គឺ​​ជា​វិធី​​តែ​មួយ​គត់​ដែល​សិទ្ធិ​ស្ត្រី​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ពី​សាធារណជន៖ «យើង​កុំ​ចាំ​ឲ្យ​អ្នក​ដទៃ​ឲ្យ​​តម្លៃ​​ឲ្យ​​ខ្លួន​យើង យើង​ត្រូវ​មាន​ជំនឿ​ថា អ្វីៗ​យើង​អាច​ធ្វើ​បាន​ទាំង​អស់»

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ថ្នាក់​ដឹក​នាំ​​​​ស្ថាប័ន និង​​ក្រសួង​​នានា បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ គ្រប់​បែប​យ៉ាង​ដើម្បី​លើក​កម្ពស់​ស្ត្រី ជា​ពិសេស​ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល​នានា ធ្វើ​សកម្មភាព​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី។ ​ប៉ុន្តែ​សកម្មភាព​ទាំង​អស់​​ត្រូវ​​ធ្វើ​ឡើង​តាម​ច្បាប់​កំណត់។

អភិបាល​រង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ​ បាន​គាំទ្រ​ការ​​ប្រារព្ធ​ពិធី​សិទ្ធិ​នារី​អន្តរជាតិ តែ​សូម​កុំ​យក​ពិធី​នោះ​មក​ប្រើ​ប្រាស់​ក្នុង​ន័យ​នយោបាយ។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ នៅ​ក្នុង​​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា នា​ទីលាន​ប្រជាធិបតេយ្យ បាន​ស្នើ​​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ស្ត្រី​​​​​​ជាប់​ឃុំ​ដោយសារ​តវ៉ា​ដី​ធ្លី​ចំនួន​ ១១​នាក់ ដើម្បី​បង្ហាញ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា ​ មាន​ឆន្ទៈ​ពិត​​ប្រាកដ​ក្នុង​ការ​ ការពារ​សិទ្ធិ​ស្ត្រី​នៅ​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា លើក​ទី​១០៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។