កងកម្លាំងរបស់សាលាក្រុងរាប់សិបនាក់ បានចេញមករារាំងក្រុមអ្នកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា មិនឲ្យជិះកង់ទៅមុខរដ្ឋសភាទេ។ ក្រុមអ្នកប្រារព្ធពិធី ថានេះជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យជិះកង់ហែក្បួនដាក់ញត្តិនេះ ក្នុងហេតុផលថាធ្វើឲ្យស្ទះចរាចរណ៍។
ម៉ោង ៨ព្រឹកថ្ងៃទី៨ មីនា ជាថ្ងៃនៃការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា របស់ក្រុមស្ត្រីមានជម្លោះដីធ្លី ក្រុមពលរដ្ឋ សង្គមស៊ីវិល ប្រមាណ ២០០នាក់ និងព្រះសង្ឃជិត ១០អង្គទៀត បានប្រមូលផ្តុំគ្នានៅមុខក្រសួងកិច្ចការនារី។
បន្ទាប់ពីការថ្លែងក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ដែលពួកគាត់បានរៀបរាប់ពីស្ថានភាពសិទ្ធិនារីនៅប្រទេសកម្ពុជា ព្រមទាំងព្រះសង្ឃសូត្រធម៌ប្រោះព្រំ ពួកគេនាំគ្នាជិះកង់ដោយមានកាន់ទង់ជាតិ និងក្រដាសបដាសរសេរថា មិនប្រើហិង្សាលើស្ត្រី។
ក្បួនចេញដំណើរបានប្រហែល ៥០ម៉ែត្រពីក្រសួងកិច្ចការនារី ត្រូវបានក្រុមសន្តិសុខចេញមករារាំងមិនឲ្យធ្វើដំណើរឆ្ពោះទៅមុខ ដោយក្រុមសន្តិសុខលើកឡើងថា ពួកគេមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ហើយធ្វើឲ្យកកស្ទះចរាចរណ៍។ បន្ទាប់ពីការចរចាសុំបើកផ្លូវរវាងក្រុមអ្នកធ្វើពិធី និងសមត្ថកិច្ចជាង ២ម៉ោងមិនអាចបើកផ្លូវធ្វើដំណើរទៅមុខបាន ក្រុមអ្នកធ្វើពិធីនាំគ្នាបកក្រោយត្រឡប់មកថ្លែងសារនៅមុខក្រសួងកិច្ចការនារី វិញ។
បុរសម្នាក់មានមាឌតូចល្អិតពាក់វ៉ែនតាខ្មៅ មានវិទ្យុទាក់ទងនៅចង្កេះ ដែលចេញមកបញ្ជាក្រុមសន្តិសុខ ព្រមានដកហូតកង់ពីក្រុមអ្នកប្រារព្ធពិធី ប្រសិនបើពួកគេហ៊ានជិះកង់ទៅមុខទៀត។ ទោះបីជាលោកចេញមុខបញ្ជាក្រុមសន្តិសុខ និងហ៊ាននិយាយជាមួយអ្នកកាសែតក្តី ប៉ុន្តែគាត់បដិសេធមិនប្រាប់ឈ្មោះ ឬតួនាទីឡើយ៖ « ខ្ញុំមិនឲ្យពួកបង ទៅមុខទេ បើហ៊ានទៅខ្ញុំលើកកង់ឡើង ខ្ញុំបានអនុញ្ញាតឲ្យពួកបងប្រារព្ធពិធីនៅមុខក្រសួងកិច្ចការនារី ហើយ យើងមិនឲ្យហែទៅមុខទេ»។
ស្ត្រីម្នាក់មកពីសហគមន៍បឹងឈូក គឺលោកស្រី ស៊ីន រ៉ុន ដែលចូលរួមជិះកង់ហែក្បួនងឿងឆ្ងល់ថា ហេតុអីក្រុមសន្តិសុខបិទផ្លូវមិនឲ្យពួកគេជិះកង់ដូចនេះ? ស្ត្រីរូបនេះបង្ហាញការមិនពេញចិត្តចំពោះវិធានការរបស់កងកម្លាំងរបស់សាលារាជធានីភ្នំពេញនៅពេលនេះទេ៖ « ខ្លាចអីសិទ្ធិធ្វើក្នុងមួយនេះ ហេតុអីមិនឲ្យធ្វើ ឲ្យគ្នាឲ្យចប់ទៅ សិទ្ធិនារីអត់មានកាំភ្លើងអត់មានអាវុធអីទាំងអស់ ហេតុអីចាំបាច់កាក់ផ្លូវ»។
ទន្ទឹមនឹងក្រុមពលរដ្ឋប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៥ នេះ រដ្ឋាភិបាលប្រារព្ធពិធីនេះដែរក្រោមប្រធានបទ "វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព"។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ លើកឡើងថា ការហែក្បួនជិះកង់នេះមិនប៉ះពាល់សណ្ដាប់ធ្នាប់ទេ ព្រោះក្បួនជិះកង់នេះ គឺជិះតែមួយជួរប៉ុណ្ណោះនៅលើផ្លូវថ្នល់។ លោក វន់ ពៅ រិះគន់ថា សាលាក្រុងអនុវត្តការងារលម្អៀង បើមានបាតុកម្មប្រឆាំងគណបក្សប្រឆាំង ឬពិធីហែអ្នកតា ឬលោតមុងសាយ ទោះមានការកកស្ទះចរាចរណ៍យ៉ាងណា ក៏សមត្ថកិច្ចមិនហាមឃាត់ដែរ៖ « មានការសោកស្ដាយមែនទែន មានន័យថា ប្រទេសកម្ពុជា ការអនុវត្តច្បាប់ចរាចរណ៍មានស្តង់ដារពីរផ្សេងគ្នា។ ក្រុមអ្នកតាចិន ក្រុមអ្នកលោតមុងសាយ ធ្វើបានគ្រប់យ៉ាងគ្រប់ផ្លូវ ប៉ុន្តែក្រុមទាមទារសិទ្ធិទៅណាក៏គេហាមដែរ »។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅតែបញ្ជាក់ហេតុផលដដែលថា ក្រុមអ្នកធ្វើពិធីបង្កឲ្យមានការកកស្ទះចរាចរណ៍ និងមិនមានការយល់ព្រមពីសាលាក្រុង ទើបអាជ្ញាធរហាមឃាត់។
នៅទីបំផុត ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ មិនបានសម្រេច ក្រុមស្ត្រីទាំងនេះក៏សម្រេចបំបែកគ្នាវិលទៅផ្ទះរៀងៗខ្លួនវិញ ខណៈសមត្ថកិច្ចក៏បិទផ្លូវ។ ចំណែកក្រសួងកិច្ចការនារី ក៏គ្មានមន្ត្រីរូបណាចេញមកស្តាប់សាររបស់ពួកគេដែរ ប៉ុន្តែមុននឹងបំបែកគ្នា ពួកគេថតរូបជុំគ្នា ក្រុមបុរសជូនផ្កាទៅក្រុមនារី ហើយមានក្រុមស្ត្រីមួយចំនួនទៀត យកផ្កាទៅជូនក្រុមសមត្ថកិច្ចដែលមករារាំងពួកគេទាំងនោះ។
ទាក់ទងនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មតបនឹងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ដែលបានបញ្ចេញមតិលើទំព័រហ្វេសប៊ុករបស់លោកពីសកម្មភាពរារាំងក្រុមស្ត្រីជិះកង់។ លោក ហ៊ុន សែន សួរទៅកាន់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះវិញថា តើអ្នកណាជាអ្នកហាម? ហើយលោកឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះ ប្ដឹងអាជ្ញាធរដែលនៅកៀកកន្លែងដែលហាមឃាត់។ បន្ថែមពីនេះ លោក ហ៊ុន សែន ក៏ស្នើឲ្យសមត្ថកិច្ចតាមរកអ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះ ដើម្បីសួររឿងនេះឲ្យច្បាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។