ថ្ងៃទី១៧ មេសា ២០១៥ ជាថ្ងៃខួបទី៤០ឆ្នាំ នៃការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ (សេនាប្រមុខ លន់ នល់) និងការកកើតឡើងនូវរបបខ្មែរក្រហម។
ក្នុងឱកាសនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជំរុញឲ្យតុលាការខ្មែរក្រហមស៊ើបអង្កេត និងស្រាវជ្រាវលម្អិតបន្ថែមទៀត ដើម្បីស្វែងរកការពិតនៃការកាប់សម្លាប់ពលរដ្ឋខ្មែរ អស់ជិត២លាននាក់នៅក្នុងរបបនេះ ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩៖ «មិនត្រូវបិតបាំងការពិតទេ យើងអត់ខ្លាចការលាតត្រដាងការពិតទេ មានតែអ្នកដែលពាក់ព័ន្ធក្នុងបទឧក្រិដ្ឋដែលគេកំពុងស៊ើបអង្កេតទេ ដែលខ្លាចការពិតហើយមានបំណងរារាំងតុលាការមិនឲ្យបំពេញតួនាទីឲ្យបានត្រឹមត្រូវ»។
លោកថា ជនរងគ្រោះក្នុងរបបខ្មែរក្រហមត្រូវតែទទួលបានយុត្តិធម៌ពិតប្រាកដ។
លោក សម រង្ស៊ី ថ្លែងបែបនេះក្នុងឱកាសគណបក្សសង្គ្រោះជាតិធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។