នៅព្រឹកថ្ងៃទី១៧ មេសា នេះ ជាថ្ងៃពលរដ្ឋខ្មែរនឹកឃើញដល់ពេលវេលាដែលពួកខ្មែរក្រហមឡើងគ្រប់គ្រងអំណាច គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺក្រោយពេលដែលពួកគេឈ្នះសង្គ្រាមលើរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់។ ថ្ងៃនោះក៏ជាថ្ងៃពលរដ្ឋកម្ពុជា ទទួលភាពរងទុក្ខ។
អ្នកធ្លាប់រស់នៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ នៅតែចងចាំបានថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ជាថ្ងៃដែលកងទ័ពខ្មែរក្រហមរាប់ពាន់នាក់ សម្រុកចូលទីក្រុងភ្នំពេញពីគ្រប់ច្រក។
អតីតកងទ័ពខ្មែរក្រហមនៅភូមិភាគនិរតីមួយរូប គឺលោក ហ៊ីម ហ៊ុយ ថ្លែងថា នៅថ្ងៃទី១៧ ខែមេសា នោះ កងរបស់លោកជាអ្នកទទួលទិសវាយលុកចូលទីក្រុងភ្នំពេញពីច្រកខាងត្បូង៖ « ចេញដំបូង គឺចេញពីព្រែកហូរ តាខ្មៅ មក។ វាយចូលតាមព្រែកកំពិស ព្រែកថ្លឹង។ គេឲ្យវាយយកប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ ហើយពួកខ្ញុំក៏ដើរកាត់ស្ពានស្ទឹងមានជ័យនេះទៅភ្នំពេញ។ រហូតបានគេឲ្យចាប់ដៃគ្នានឹងពួកបូព៌ានៅមុខវាំង។ ក្រោយមកទៀត បាននាំគ្នាដើរមកតាមវិមានឯករាជ្យមកសាលាយុគន្ធរ។ ខ្ញុំវាយពួកទាហានហើយ ក៏ឡើងទៅ ឮសូរគេប្រកាសថាខាងកងទ័ពរំដោះយកបានប៉ុស្តិ៍វិទ្យុហើយ គេឲ្យខាង លន់ នល់ ទម្លាក់អាវុធទាំងអស់ »។
ពេលនោះហើយជាពេលកងទ័ពខ្មែរក្រហមប្រកាសជ័យជម្នះរបស់ខ្លួនដ៏ធំធេង ដោយរំដោះបានទីក្រុងភ្នំពេញទាំងស្រុងពីរបបសាធារណរដ្ឋខ្មែរ ដែលពួកគេចាត់ទុកថា ជាបរិវាររបស់ចក្រពត្តិអាមេរិក។
ភ្លេង៖ « ដប់ប្រាំពីរមេសា ៧៥ឆ្នាំថ្មី ថ្ងៃមហាជោគជ័យ មានន័យសម្បើម ថ្ងៃដែលកងទ័ពបដិវត្តន៍ដ៏ឆ្នើម ប្រជាជនសម្បើម សែនមហាអស្ចារ្យ។ រំដោះទាំងស្រុងទីក្រុងភ្នំពេញ ជោគជ័យចិញ្ចែងសែនមហិមា រំដោះមាតុភូមិជាទីស្នេហា ក្រោមពន្លឺមាគ៌ាបដិវត្តន៍ភ្លឺស្វាង ...»។
អ្នកភ្នំពេញឈ្មោះ ឌិន រ៉ាវី មានប្រសាសន៍ថា ក្រោយពេលឮពួកខ្មែរក្រហមប្រកាសថា ប្រទេសត្រូវបានរំដោះ និងមានសេចក្ដីសុខសាន្តត្រាណ ចប់សង្គ្រាមបង្ហូរឈាម ពលរដ្ឋនាំគ្នាត្រេកអរ ហើយក៏ចេញមកទទួលស្វាគមន៍កងទ័ពទាំងនោះ៖ « ខ្ញុំក៏រត់ចេញមកខាងក្រៅផ្ទះ ឃើញទ័ពខ្មែរក្រហមមកពីខាងលិច។ ពួកខ្ញុំទាំងអស់គ្នានាំគ្នាត្រេកអរ »។
សាក្សីនៅសាលាក្ដីខ្មែរក្រហមមួយរូប គឺលោកស្រី ហួរ ចន្ថា ជម្រាបអង្គជំនុំជម្រះថា កងទ័ពខ្មែរក្រហមដែលលោកស្រីឃើញពេលនោះ មិនចាប់អារម្មណ៍នឹងការស្វាគមន៍របស់អ្នកទីក្រុងទេ៖ «»។
លោកស្រី ចន្ថា មានប្រសាសន៍បន្តថា ភាពត្រេកអរមានមិនទាន់បានប៉ុន្មានម៉ោងផង អ្នកទីក្រុងទាំងនេះចាប់ផ្ដើមស្លន់ស្លោឡើងវិញ ដោយសារតែពួកខ្មែរក្រហមចាប់ផ្ដើមបណ្ដេញពួកគាត់ឲ្យឆាប់ចេញពីទីក្រុងភ្លាមៗ។
ជនរងគ្រោះដែលតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនៅសាលាក្ដីខ្មែរក្រហមមួយរូបទៀត គឺលោក សម សក្ដិ ថ្លែងបញ្ជាក់បន្ថែមថា ពួកខ្មែរក្រហមប្រាប់លោក និងអ្នកទីក្រុងផ្សេងទៀតថា ចាកចេញត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ដើម្បីបោសសម្អាតខ្មាំងដែលលាក់ខ្លួននៅក្នុងទីក្រុង៖ « ខ្មែរក្រហមបានចូលមកដល់ក្រុងភ្នំពេញដេញគ្រួសារខ្ញុំ ឲ្យចុះចេញពីលំនៅឋាន។ គេបានប្រាប់ថា សូមបងប្អូនចាកចេញពីទីក្រុងភ្នំពេញទៅនៅឯជាយក្រុងភ្នំពេញសិន។ តែរយៈពេល ៣ថ្ងៃទេ។ ចម្ងាយ ៣គីឡូម៉ែត្រ ទម្រាំអង្គការបោសសម្អាតទីក្រុងស្អាតហើយ នឹងនាំបងប្អូនមកនៅទីក្រុងភ្នំពេញវិញ។ នេះជាសម្ដីរបស់ខ្មែរក្រហមដែលឲ្យយើងចេញពីទីក្រុង »។
សាក្សី នូ ហ៊ន់ ដូចគ្នានឹងជនរងគ្រោះរាប់លាននាក់ទៀតដែរ រំឭកពីស្ថានភាពនៃការបណ្ដេញចេញពីទីក្រុងភ្នំពេញនៅពេលនោះថា មានសភាពលំបាកខ្លាំង៖ « មនុស្សច្រើនកុះករ ត្រូវនឹងការធ្វើដំណើរនៅក្នុងរដូវក្ដៅ។ ខែមេសា ក្ដៅណាស់ ! កាលណាថ្ងៃត្រង់ កៅស៊ូ ( ថ្នល់ ) ហៀរចេញមក ហើយបងប្អូនដែលគេជម្លៀសចេញភ័យតក់ស្លុត អត់បានយកស្បែកជើងតាម។ ដូច្នេះមានសភាពមួយថ្មី ត្រូវពងជើង។ ខ្លះយកស្រទបចេកចងបាតជើង ខ្លះយកកន្ទបខោអាវទៅចង ដើម្បីចៀសវាងការរលាកពងបាតជើង។ មនុស្សច្រើនណាស់អ៊ូអែ ខ្លះបាត់កូន ខ្លះប្ដី ខ្លះបាត់ប្រពន្ធ »។

ការជម្លៀសពលរដ្ឋចេញពីទីក្រុងនានានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺដូចជាមេដឹកនាំខ្មែរក្រហមចាប់ផ្ដើមនាំប្រជាពលរដ្ឋខ្មែរជាង ៧លាននាក់ ធ្វើដំណើរទៅរកវាលមរណៈនៅឯជនបទទូទាំងប្រទេសដូច្នោះដែរ។ ក៏ប៉ុន្តែអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម គឺលោក នួន ជា កាលពីខែមិថុនា ឆ្នាំ២០១៣ បានផ្ដល់ហេតុផលនៅសាលាក្ដីខ្មែរក្រហមថា ការជម្លៀសនេះដោយសារតែខ្លាចអាមេរិកទម្លាក់គ្រាប់បែក ខ្លាចវៀតណាម ឈ្លានពានផង និងដោយសារខ្វះស្បៀងផង៖ «»។
ការប្រាប់ពលរដ្ឋឲ្យជម្លៀសចេញពីទីក្រុងរយៈពេល ៣ថ្ងៃ បានក្លាយទៅជារយៈពេលជាង ៣ឆ្នាំ ៨ខែ។ ពលរដ្ឋខ្លះបានចាកចេញទៅមិនបានត្រឡប់វិញ រហូតដល់ស្លាប់ ព្រោះតែគេត្រូវបង្ខំឲ្យទៅរស់នៅលត់ដំនៅតាមជនបទចុងកាត់មាត់ញក ដោយធ្វើការងារធ្វើស្រែ លើកទំនប់ជីកប្រឡាយរហូតបាក់កម្លាំង អត់អាហារ ខ្វះថ្នាំព្យាបាលជំងឺ និងការសម្លាប់រង្គាល។
អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម គឺលោក ខៀវ សំផន ថ្លែងថា លោកមិនបានដឹងអំពីបញ្ហាទាំងនេះពីមុនមកទេ រហូតទាល់តែលោកបានឮសាក្សីនៅសាលាក្ដីខ្មែរក្រហមនិយាយ៖ «»។
ក្នុងរយៈពេលចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលពួកខ្មែរក្រហមនៃបក្សកុម្មុយនិស្តកម្ពុជា គ្រប់គ្រងអំណាច បានធ្វើឲ្យពលរដ្ឋយ៉ាងហោចណាស់ជិត ២លាននាក់បានស្លាប់។
ការជម្លៀស និងការផ្លាស់ប្ដូរលំនៅពលរដ្ឋដោយបង្ខំ ការប្រព្រឹត្តអមនុស្សធម៌ដែលនាំឲ្យមានពលរដ្ឋស្លាប់ជិត ២លាននាក់នោះហើយ ទើបនាំឲ្យអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យទាំងពីររូប គឺលោក នួន ជា និង ខៀវ សំផន មានទោសជាប់ពន្ធនាគារអស់មួយជីវិតនៅពេលនេះ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅតែពលរដ្ឋដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ចងចាំមិនភ្លេច ព្រោះតែការនិរាសព្រាត់ប្រាសគ្រួសារ និងទុក្ខលំបាកវេទនាឥតឧបមា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។