អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍ ទី៧ សីហា នេះ សម្រេចចេញសាលក្រមផ្ដន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ពីររូប គឺ នួន ជា និង ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ចុងបញ្ចប់នៃការជំនុំជម្រះក្ដីលើសំណុំរឿង ០០២ វគ្គ០១ នៃរឿងរ៉ាវឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម រកឃើញថា អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ២រូប គឺ នួន ជា និង ខៀវ សំផន មានពិរុទ្ធ ឬមានកំហុស ថាបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។
បន្ទាប់ពីអានសេចក្ដីសង្ខេបនៃសំអាងហេតុរយៈពេលជាង ១ម៉ោង នៅព្រឹកថ្ងៃទី៧ សីហា ប្រធានអង្គជំនុំជម្រះសាលាដំបូង គឺលោកចៅក្រម និល ណុន ប្រកាសផ្ដន្ទាទោសពិរុទ្ធជនទាំង ២រូប ឱ្យជាប់ពន្ធនាគារអស់មួយជីវិត៖ «អង្គជំនុំជម្រះសម្រេចផ្ដន្ទាទោសឱ្យជនជាប់ចោទ នួន ជា ដាក់ពន្ធនាគារអស់មួយជីវិត។ អង្គជំនុំជម្រះសម្រេចផ្ដន្ទាទោសឱ្យជនជាប់ចោទ ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។ ដោយសារតែស្ថានភាពធ្ងន់ធ្ងរនៃបទឧក្រិដ្ឋដែលពួកគាត់ត្រូវបានផ្ដន្ទាទោស អង្គជំនុំជម្រះរក្សាទុកពិរុទ្ធជន នួន ជា និង ខៀវ សំផន នៅក្នុងមន្ទីរឃុំឃាំង អ.វ.ត.ក (អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា) រហូតដល់សាលក្រមនេះចូលជាស្ថាពរ។ លើកលែងតែមានការបង្គាប់ លើសពីនេះរបស់អង្គជំនុំជម្រះតុលាការកំពូល»។
លោកចៅក្រម និល ណុន ថ្លែងបញ្ជាក់ថា ការសម្រេចបែបនេះ គឺបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងពិចារណាទៅលើភាពធ្ងន់ធ្ងរ នៃបទឧក្រិដ្ឋ ជនជាប់ចោទត្រូវបានរកឃើញថាមានពិរុទ្ធ រួមទាំងស្ថានទម្ងន់ទោស ស្ថានសម្រាលទោស និងសក្ខីកម្មសាក្សីពាក់ព័ន្ធនឹងអត្តចរិតរបស់ ខៀវ សំផន ផង។
សំណុំរឿង ០០២ វគ្គ០១ គឺជាផ្នែកដំបូងបំបែកចេញពីសំណុំរឿង ០០២ ដែលមានពិរុទ្ធជន នួន ជា និង ខៀវ សំផន ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ការបំបែកសំណុំរឿង ០០២ ទៅជាការជំនុំជម្រះសំណុំរឿងតូចៗ ដែលមានវគ្គ១ នេះ ដោយសារតែទំហំ និងភាពស្មុគស្មាញនៃដីកាដំណោះស្រាយ ព្រមទាំងវ័យចាស់ និងសុខភាពរបស់ជនជាប់ចោទ។
សំណុំរឿង ០០២ វគ្គ០១ ទាក់ទងទៅនឹងការទទួលខុសត្រូវរបស់ នួន ជា និង ខៀវ សំផន ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ពិរុទ្ធជន នួន ជា ត្រូវបានចោទជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការមជ្ឈិម គណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានសភាតំណាងប្រជាជន និងពេលខ្លះជានាយករដ្ឋមន្ត្រីស្ដីទីនៃរដ្ឋាភិបាលរបបកម្ពុជាប្រជាធិបតេយ្យ។ ពិរុទ្ធជន ខៀវ សំផន ត្រូវបានចោទប្រកាន់ថា មានតួនាទីជាច្រើននៅក្នុងបក្សកុម្មុយនិស្តកម្ពុជា និងរបបកម្ពុជាប្រជាធិបតេយ្យដែរ។
អង្គជំនុំជម្រះសាលាដំបូង បានកម្រិតវិសាលភាពសម្រាប់សំណុំរឿង ០០២ វគ្គ០១ ត្រឹមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តនៅក្នុងអំឡុងពេលនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលក្នុងនីតិវិធីជំនុំជម្រះហៅថា ការផ្លាស់ទីលំនៅប្រជាជនក្នុងដំណាក់កាលទីមួយ និងការផ្លាស់ទីលំនៅប្រជាជននៅតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ១៩៧៧ គឺការផ្លាស់ទីលំនៅប្រជាជនដំណាក់កាលទីពីរ។ ខែវិច្ឆិកា ឆ្នាំ២០១១ និងក្នុងខែតុលា ឆ្នាំ២០១២ អង្គជំនុំជម្រះសាលាដំបូង បានសម្រេចដាក់បញ្ចូលបទចោទនានា ពាក់ព័ន្ធការសម្លាប់អតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ នៅទួលពោធិ៍ជ្រៃ នៅខែមេសា ឆ្នាំ១៩៧៥។
សេចក្ដីសង្ខេបនៃសំអាងហេតុ ដែលលោកចៅក្រម និល ណុន អានដោយស្រង់យកការចោទប្រកាន់របស់ការិយាល័យសហព្រះរាជអាជ្ញានោះ គឺអង្គជំនុំជម្រះសាលាដំបូង សម្រេចថា ពិរុទ្ធជន នួន ជា និង ខៀវ សំផន ពិតជាមានកំហុស៖ «មានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលនៅក្នុងនោះ មានការសម្លាប់រង្គាល រួមទាំងការធ្វើមនុស្សឃាត ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងអំពើអមនុស្សធម៌ផ្សេងៗទៀត រួមមានការជម្លៀសដោយបង្ខំ ការធ្វើឱ្យបាត់ខ្លួនដោយបង្ខំ និងការធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលបានប្រព្រឹត្តឡើងនៅលើប្រទេសកម្ពុជា ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ខែធ្នូ ឆ្នាំ១៩៧៧»។
ពិរុទ្ធជន នួន ជា និង ខៀវ សំផន ចាត់ការផ្ដន្ទាទោសដោយសាលាដំបូង គឺអយុត្តិធម៌ ដោយពិរុទ្ធជន នួន ជា ប្រៀបធៀបដូចជាសត្វក្រពើមួយទាំងមូល គេយកតែក្បាល និងកន្ទុយមកនិយាយ។ ពួកគាត់សន្យាថា នឹងប្ដឹងសាទុក្ខទៅតុលាការកំពូលទៀត។ ទន្ទឹមគ្នានេះដែរ ពិរុទ្ធជនទាំងពីររូប ក៏នឹងត្រូវនាំខ្លួនទៅជំនុំជម្រះនៅក្នុងសំណុំរឿង ០០២ វគ្គ២ ទៀត ដែលគេអាចនឹងធ្វើសវនាការនៅចុងឆ្នាំ២០១៤ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។