មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៦ កក្កដា អំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើននូវកិច្ចប្រឹងប្រែងរបស់ខ្លួន ដោយចាត់វិធានការជាក់ស្តែងដើម្បីរក្សាឲ្យបាននូវកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហម សម្រាប់ជាតឹកតាងនៃយុត្តិធម៌ និងបានដាស់តឿនរដ្ឋាភិបាលកម្ពុជា ឲ្យគោរពនូវឯករាជ្យភាពរបស់តុលាការមួយនេះ។
សេចក្តីថ្លែងការណ៍ពិពណ៌នាថា ការចោទប្រកាន់ជាបន្តបន្ទាប់លើការជ្រៀតជ្រែកផ្នែកនយោបាយពីសំណាក់រដ្ឋាភិបាល នៅក្នុងនីតិវិធីរបស់តុលាការខ្មែរក្រហម ពិសេសចំពោះករណីស៊ើបអង្កេតនៅក្នុងសំណុំរឿង ០០៣ និង ០០៤ ជាបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់កេរដំណែលរបស់តុលាការខ្មែរក្រហម និងជាការរាំងស្ទះដល់ការរកយុត្តិធម៌ជូនជនរងគ្រោះ។
លិខិតដដែលបន្តថា តុលាការខ្មែរក្រហមមានសក្ដានុពលក្នុងការបន្តនូវកេរដំណែលនៃបទដ្ឋានយុត្តិធម៌អន្តរជាតិរបស់ខ្លួន ដល់ប្រព័ន្ធតុលាការនៅកម្ពុជា ដែលបច្ចុប្បន្នកំពុងតែខ្វះឯករាជ្យភាព។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ បានមានប្រសាសន៍តាមរយៈសេចក្តីថ្លែងការណ៍នេះថា តុលាការខ្មែរក្រហមត្រូវបានបង្កើតឡើងដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម ប៉ុន្តែជាអកុសល រដ្ឋាភិបាលបានបន្តរារាំងមិនឲ្យធ្វើការស៊ើបអង្កេតបន្ថែមមកលើជនសង្ស័យផ្សេងៗទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែកក្កដា។
យ៉ាងណា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់ថា តុលាការខ្មែរក្រហមកំពុងបំពេញការងាររបស់ខ្លួនទៅតាមអ្វីដែលមានចែងនៅក្នុងនីតិវិធីច្បាប់ និងវិធានផ្ទៃក្នុងតុលាការ ហើយតុលាការកូនកាត់មួយនេះមានឯករាជ្យភាពពេញលេញ៖ «យើងមិនធ្វើអត្ថាធិប្បាយចំពោះការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលដែលខ្លួនឯងមិនមានភាពឯករាជ្យនោះទេ។ សម្រាប់តុលាការ គឺយើងបំពេញការងាររបស់យើងទៅតាមអ្វីមានចែងនៅក្នុងនីតិវិធីច្បាប់ ហើយនិងវិធានផ្ទៃក្នុង ហើយគោរពទៅតាមគោលការណ៍ឯករាជ្យរបស់តុលាការ អ៊ីចឹងមិនមាននរណាមួយដែលដាក់សម្ពាធ ឬក៏ជ្រៀតជ្រែកកិច្ចការរបស់តុលាការទេ»។
រហូតមកដល់ពេលនេះ ករណីសំណុំរឿង ០០៣ និង ០០៤ កំពុងស្ថិតក្នុងដៃចៅក្រមស៊ើបអង្កេត។ សហចៅក្រមស៊ើបអង្កេតជាតិ បានបិទបញ្ចប់ការស៊ើបសួរបឋម និងកំពុងបន្តអនុវត្តនីតិវិធីនៅក្នុងតុលាការខ្មែរក្រហម។ ចំពោះភាគីអន្តរជាតិវិញ សំណុំរឿង ០០៣ កំពុងបន្តនីតិវិធី ហើយសំណុំរឿង ០០៤ កំពុងតែបន្តការស៊ើបអង្កេត។ សំណុំរឿង ០០៣ និងសំណុំរឿង ០០៤ នេះ កំពុងខ្វែងយោបល់គ្នារវាងចៅក្រមជាតិ និងចៅក្រមអន្តរជាតិ ប៉ុន្តែភាគីទាំង២ កំពុងសម្របសម្រួលដោះស្រាយតាមនីតិវិធីច្បាប់នៅក្នុងតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។