តុលាការ​នឹង​បញ្ចប់​សំណុំ​រឿង​ទី​២​នៃ​រឿង​ក្ដីក្ដាំ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​២៣​វិច្ឆិកា

0:00 / 0:00

សាលា​ក្ដី​ខ្មែរ​ក្រហម ធ្វើ​សន្និសីទ​កាសែត​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ ប្រឆាំង​នឹង​ជន​ជាប់​ចោទ ខៀវ សំផន និង នួន ជា នៅ​ថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា សប្ដាហ៍​នេះ។

ការ​ប្រកាស​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល នៅ​ថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា គឺ​ជា​ការ​បញ្ចប់​សំណុំ​រឿង​ទី​២ នៃ​រឿង​ក្ដីក្ដាំ​របស់​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម។

សាល​ដីកា​ស្ថាពរ​នោះ គឺ​សម្រេច​អំពី​ការ​មិន​សុខ​ចិត្ត​របស់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​១ ក្រោយ​ពេល​ធ្វើ​សវនាការ​អស់​រយៈពេល ២២២​ថ្ងៃ។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រក​ឃើញ​ថា ជន​ជាប់​ចោទ​មាន​ពិរុទ្ធភាព​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ ហើយ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤ សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ទាំង​ពីរ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា មន្ត្រី​ផ្នែក​ច្បាប់​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក ឡាស អូលសិន (Lars Olsen) រំឭក​ឡើង​វិញ​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជំទាស់​ការ​ផ្ដន្ទាទោស​នេះ​ថា​ខុស​អង្គ​ហេតុ និង​អង្គ​ច្បាប់ ហើយ​ធ្វើ​បណ្ដឹង​សាទុក្ខ​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ ឬ​ត្រូវ​ដោះលែង​ពួក​គាត់៖ «សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង ប្រសិនបើ​ត្រូវ​បាន​ទាត់​ចោល​ដោយ​តុលាការ​កំពូល គឺ​បាន​ន័យ​ថា នៅ​ពេល​នោះ​ជន​ជាប់ចោទ​នឹង​មាន​សេរីភាព។ បើ​សិន​ជា​ដូច្នេះ​មែន បាន​ន័យ​ថា ជនជាប់ចោទ​នឹង​ឈ្នះ​ក្ដី​នៅ​ក្នុង​រឿង​នេះ ជា​ពិសេស​ជនជាប់ចោទ នួន ជា។ ចំពោះ ខៀវ សំផន គឺ​គាត់​ស្នើ​សុំ​ឲ្យ​វាយ​តម្លៃ និង​សម្រេច​ឡើង​វិញ​ទៅ​លើ​ការ​ដាក់​ទោស​គាត់​ផង​ដែរ។ ដូច្នេះ ខៀវ សំផន បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ថា ប្រសិនបើ​មិន​ច្រានចោល​សាលក្រម​សាលាដំបូង​នោះ​ទេ គួរ​តែ​តុលាការ​កំពូល​ធ្វើការ​កែ​ទៅ​លើ​ការ​កំណត់​ទោស​ទៅ​លើ​រូប​គាត់។ គួរ​តែ​ដាក់​គាត់​ក្នុង​ពន្ធនាគារ​រយៈ​ពេល​ឆ្នាំ​ជា​កំណត់​វិញ មិន​គួរ​ដាក់​ទោស​គាត់​អស់​មួយ​ជីវិត​នោះ​ទេ»

ក្រៅ​ពី​ការ​មិន​សុខ​ចិត្ត​របស់​ភាគី​ជន​ជាប់​ចោទ ភាគី​សហ​ព្រះរាជអាជ្ញា ក៏​បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ដែរ ដោយ​សុំ​សាលា​ក្ដី​នេះ ពង្រីក​ការ​អនុវត្ត​ទម្រង់​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III” ដើម្បី​ឲ្យ​អ្នក​ក្នុង​ក្រុម​ប្រព្រឹត្ត​បទឧក្រិដ្ឋ អាច​ជាប់​ពាក់ព័ន្ធ​ការ​ទទួល​ខុស​ត្រូវ ហើយ​យក​មក​ជំនុំ​ជម្រះ​ក្ដី​បាន។

ជន​ជាប់​ចោទ ខៀវ សំផន ដែល​ជា​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ត្រូវ​បាន​សាលា​ដំបូង​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ប្រព្រឹត្ត​នៅ​ក្នុង​អំឡុង​ពេល​ជម្លៀស​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​យ៉ាង​ហោច ២​លាន​នាក់ កាល​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ និង​ការ​ផ្លាស់​ទី​ដោយ​បង្ខំ​បន្តបន្ទាប់​ពី​តំបន់​ដទៃ​ទៀត រួម​ទាំង​ការ​កាប់​សម្លាប់​អតីត​មន្ត្រី​រដ្ឋការ​សម័យ លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់។

ការ​ប្រកាស​សាល​ដីកា​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល នៅ​ថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា គឺ​ជា​ការ​ប្រកាស​លទ្ធផល​នៃ​បណ្ដឹង​សាទុក្ខ​របស់​ភាគី​ទាំង​ពីរ ហើយ​ក៏​ជា​ការ​ប្រកាស​បិទ​ផ្លូវ​តវ៉ា​ទាំងអស់​សម្រាប់​ការ​ជំនុំ​ជម្រះ​វគ្គ​១ នៃ​សំណុំ​រឿង​០០២។ មន្ត្រី​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​នឹង​ត្រូវ​គេ​យក​ទៅ​ឃុំឃាំង​នៅ​ឯណា​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ក្រោយ​ការ​សម្រេច​របស់​តុលាការ​កំពូល​សិន។

កាល​ពី​សំណុំរឿង ០០១ ដែល​មាន​បណ្ដឹង​សាទុក្ខ​ដូច​គ្នា លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម​ប្រគល់​ឲ្យ​ក្រសួង​មហាផ្ទៃ យក​ទៅ​ឃុំឃាំង​នៅ​គុក​ខេត្ត​កណ្ដាល រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ សាលាក្ដី​ខ្មែរក្រហម ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​ពេល​នេះ បាន​ចំណាយ​ថវិកា​អស់​ចំនួន ២៦១​លាន​ដុល្លារ​ហើយ។ ក្នុង​រយៈ​ពេល​នេះ សាលាក្ដី​បាន​ជំនុំជម្រះ​ចប់​សំណុំរឿង​មួយ​ជា​ស្ថាពរ គឺ​សំណុំរឿង ០០១ ដែល​ជា​សំណុំរឿង​ប្រឆាំង​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច។ លោក ឌុច ត្រូវ​បាន​សាលាក្ដី​នេះ សម្រេច​ដាក់​គុក​អស់​មួយ​ជីវិត ដោយសារ​តែ​តុលាការ​រក​ឃើញ​ថា គាត់​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​សម្លាប់​មនុស្ស​ជិត ១​ម៉ឺន ៣​ពាន់​នាក់ នៅ​គុក​ទួល​ស្លែង កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្ដី​ខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ ថ្លែង​ថា សាលាក្ដី​នេះ នឹង​ចោទ​ប្រកាន់​ជនជាប់ចោទ​ណា​បន្ថែម​ទៀត​ទេ៖ «ដោយឡែក​សំណុំរឿង ០០៣ និង ០០៤ គឺ​កំពុង​ឋិត​នៅ​ក្នុង​ដៃ​របស់​តុលាការ​ខ្មែរក្រហម ដោយសារ​តែ​សហ​ចៅក្រម​ស៊ើបអង្កេត​កំពុង​ធ្វើការ​ស៊ើបអង្កេត ហើយ​ការ​ស៊ើប​អង្កេត អាច​នឹង​ឈាន​ទៅ​បញ្ចប់​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ។ ក្រៅ​ពី​ហ្នឹង តុលាការ​ខ្មែរក្រហម​នឹង​មិន​មាន​សំណុំរឿង ០០៥ ០០៦ ០០៧ អី​តទៅ​ទៀត​ទេ ពី​ព្រោះ​សហ​ព្រះរាជអាជ្ញា​ទាំង​ជាតិ និង​អន្តរជាតិ បាន​ប្រកាស​ហើយ​ថា ខ្លួន​មិន​ធ្វើការ​ប៉ុនប៉ង​ចោទប្រកាន់​ទៅ​លើ​ជន​សង្ស័យ​ថ្មី​បន្ថែម​ទៀត​ទេ»

ទន្ទឹម​គ្នា​នេះ អង្គ​ជំនុំជម្រះ​សាលាដំបូង​កំពុង​បន្ត​សវនាការ​ជំនុំជម្រះ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ក្នុង​សំណុំរឿង ០០២ វគ្គ​ទី ២ ទៀត ដោយ​ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​សាក្សី​នានា ទាក់ទង​អង្គហេតុ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​វៀតណាម ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការ​រំលោភ​សេពសន្ថវៈ ការ​បោស​សម្អាត​ផ្ទៃក្នុង ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ មន្ទីរ​សន្តិសុខ​ក្រាំងតាចាន់ មន្ទីរ​សន្តិសុខ​អូរកន្សែង មន្ទីរសន្តិសុខ​ភ្នំក្រោល ការដ្ឋាន​សាងសង់​ទំនប់​១ មករា ការដ្ឋាន​សាងសង់​វាល​យន្តហោះ​កំពង់ឆ្នាំង ការដ្ឋាន​លើក​ទំនប់​អាង​ត្រពាំង​ថ្ម អង្គហេតុ​សហករណ៍​ត្រាំកក់ ការ​ប្រព្រឹត្ត​លើ​ពុទ្ធសាសនិកជន។

នៅ​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា សាលាដំបូង​បាន​ស្ដាប់​សក្ខីកម្ម​សាក្សី​ពី​ប្រទេស​បារាំង មួយ​រូប ឈ្មោះ ធុច ស៊ីថន ដែល​ជា​អតីត​បុគ្គលិក​ធ្វើការ​នៅ​មន្ទីរ​សង្គម​កិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សាក្សី​រូប​នេះ​ជម្រាប​អង្គ​ជំនុំជម្រះ​អំពី​ព្រឹត្តិការណ៍​នានា នៅ​មន្ទីរ​សង្គម​កិច្ច​ពេល​នោះ ដូច​ជា​ការ​បង្ខំ​ឲ្យ​រៀបការ និង​ការ​ចាប់​ខ្លួន​បញ្ញាជន​យក​ទៅ​បាត់ៗ។ សាក្សី​រូប​នេះ នឹង​បន្ត​ផ្ដល់​សក្ខីកម្ម​ទៀត នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។