ជន​ជាប់​ចោទ នួន ជា មាន​សុខភាព​គ្រប់គ្រាន់​ចូលរួម​សវនាការ

សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៩ ខែ​មីនា ឆ្នាំ​២០១៣ បាន​ប្រកាស​ឱ្យ​ដឹង​អំពី​សេចក្ដី​សម្រេច​របស់​ខ្លួន​ចំនួន​ពីរ ដែល​ទាក់ទង​នឹង​សុខភាព​ជន​ជាប់​ចោទ នួន ជា និង​ការ​បំបែក​សំណុំ​រឿង​០០២ បន្ទាប់​ពី​បាន​ធ្វើ​សវនាការ​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន ២​លើក​រួច​មក។

0:00 / 0:00

សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ចេញ​សេចក្ដី​សម្រេច​ផ្ទាល់​មាត់​ជា​បឋម​ថា ជន​ជាប់​ចោទ នួន ជា មាន​ស្ថានភាព​សុខភាព​អាច​ចូលរួម​សវនាការ​ប្រកប​ដោយ​អត្ថន័យ​បាន។

ការ​ប្រកាស​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង គឺ​លោក​ចៅក្រម និល ណុន ក្នុង​សវនាការ​រយៈពេល​ប្រមាណ ២០​នាទី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៩ ខែ​មីនា ឆ្នាំ​២០១៣ ដោយ​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​ខ្លួន​ដដែល​ថា ជន​ជាប់​ចោទ នួន ជា នៅ​មាន​សុខភាព​គ្រប់គ្រាន់។

ចៅក្រម និល ណុន៖ «អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង តម្កល់​នូវ​សេចក្តី​សម្រេច​របស់​ខ្លួន​ពី​ពេល​កន្លង​ទៅ ដែល​បាន​ថា ជន​ជាប់​ចោទ នួន ជា មាន​កាយ​សម្បទា និង​សតិ​បញ្ញា​ស្មារតី​គ្រប់គ្រាន់ ក្នុង​ការ​ចូលរួម​សវនាការ។ សេចក្ដី​សម្រេច​ជា​លាយលក្ខណ៍អក្សរ ដែល​មាន​សម្អាង​ហេតុ​ពេញលេញ​លើ​បញ្ហា​នេះ នឹង​ចេញ​នា​ពេល​សម​ស្រប​ឆាប់ៗ​ខាង​មុខ​នេះ»

លោក​ចៅក្រម និល ណុន ប្រកាស​ទៀត​ថា ការ​សម្រេច​នេះ គឺ​ផ្អែក​លើ​ការ​សន្និដ្ឋាន របាយការណ៍ និង​សក្ខីកម្ម​ថ្មីៗ​របស់​អ្នក​ជំនាញ​វេជ្ជសាស្ត្រ ចាត់​តាំង​ដោយ​សាលា​ដំបូង ដែល​បញ្ជាក់​ច្បាស់​ថា ជន​ជាប់​ចោទ នួន ជា នៅ​តែ​មាន​សម្បទា​ចូលរួម​សវនាការ​ប្រកប​ដោយ​អត្ថន័យ ថ្វី​បើ​ជន​ជាប់​ចោទ​រូប​នេះ​មាន​អាយុ​ច្រើន និង​រាង​កាយ​ទន់​ខ្សោយ​ក៏​ដោយ។

ក្នុង​សវនាការ​ស្ដាប់​អ្នក​ជំនាញ​សុខភាព​មនុស្ស​ចាស់ និង​ផ្នែក​វិកល​វិទ្យា កាល​ពី​ថ្ងៃ​ទី២៥ ខែ​មីនា មេធាវី​ជន​ជាប់​ចោទ នួន ជា បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា កូន​ក្ដី​របស់​ខ្លួន​នៅ​មាន​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ ហើយ​សុំ​ឱ្យ​ព្យាបាល​ជា​ស្រួលបួល​សិន មុន​នាំ​យក​មក​ជំនុំ​ជម្រះ។

ជន​ជាប់​ចោទ នួន ជា បាន​លះបង់​សិទ្ធិ​ដោយ​មិន​ចូលរួម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី២៩ មីនា ទេ ព្រោះ​ហេតុផល​មាន​បញ្ហា​សុខភាព។

បន្ទាប់​ពី​ការ​ប្រកាស​អំពី​បញ្ហា​សុខភាព​របស់​ជន​ជាប់​ចោទ នួន ជា ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ក៏​បាន​ប្រកាស​អំពី​ការ​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ដំបូង ក្នុង​ការ​បំបែក​សំណុំ​រឿង​លេខ​០០២ ដើម្បី​ពន្លឿន​ការ​ជំនុំ​ជម្រះ​ឱ្យ​ឆាប់​បាន​ចេញ​សាល​ក្រម​ដែរ។ លោក​ចៅក្រម និល ណុន ប្រកាស​ថា ការ​តម្កល់​សេចក្ដី​សម្រេច​នេះ គឺ​ផ្អែក​លើ​សវនាការ កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដើម្បី​ស្ដាប់​មតិ​យោបល់​របស់​ភាគី ទាក់ទង​នឹង​ការ​បំបែក​នីតិវិធី​ជំនុំ​ជម្រះ គឺ​សំណុំ​រឿង​០០២/០១ ដែល​គ្រប​ដណ្ដប់​លើ​បទ​ឧក្រិដ្ឋ​ជម្លៀស​ពលរដ្ឋ​លើក​ទី១ និង​ទី២ និង​ការ​សម្លាប់​មនុស្ស​មួយ​កន្លែង​ឈ្មោះ​ទួលពោធិ៍ជ្រៃ និង​ផ្អែក​លើ​ការ​ពិចារណា​អំពី​ការ​ស្លាប់​របស់​ជន​ជាប់​ចោទ អៀង សារី កាល​ពី​ពេល​ថ្មីៗ​នេះ។

ចៅក្រម និល ណុន៖ «អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​តម្កល់​នូវ​ដីកា​បំបែក​កិច្ច​ដំណើរ​ការ​នីតិវិធី​សវនាការ​របស់​ខ្លួន ដែល​បាន​ចេញ​កាល​ពី​លើក​មុន ដោយ​អនុលោម​តាម​វិធាន ៨៩ ស្ទួន ២ នៃ​វិធាន​ផ្ទៃក្នុង ដោយ​កំណត់​វិសាលភាព​នៃ​ការ​ជំនុំ​ជម្រះ​នៅ​ដំណាក់​កាល​ដំបូង​ក្នុង​សំណុំ​រឿង​០០២ គឺ​សំណុំ​រឿង​០០២/០១ ត្រឹម​តែ​លើ​ការ​ជម្លៀស​ប្រជាជន​ក្នុង​ដំណាក់​កាល​ទី១ និង​ក្នុង​ដំណាក់​កាល​ទី២ និង​ទីតាំង​សម្លាប់​មនុស្ស​នៅ​ទួលពោធិ៍ជ្រៃ»

ទោះ​ជា​ដូច្នេះ​ក្ដី ការ​ប្រកាស​ជា​លាយលក្ខណ៍អក្សរ​លើ​បញ្ហា​ទាំង​ពីរ​នេះ នឹង​ចេញ​នៅ​ក្នុង​ពេល​សម​ស្រប​ឆាប់ៗ​ខាង​មុខ​នេះ។

លោក​ចៅក្រម និល ណុន ជូន​ដំណឹង​ដល់​ភាគី​ថា សវនាការ​ពិនិត្យ​ភស្តុតាង​លើ​សំណុំ​រឿង​០០២/០១ ដែល​ត្រូវ​សាក្សី​បន្ត នឹង​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ ទី៨ ខែ​មេសា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។