សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​សាលាក្ដី​ពង្រីក​បទ​ចោទ​ក្នុង​សំណុំ​រឿង​០០២

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ អំពាវនាវ​ឲ្យ​សាលាក្ដី​ពង្រីក​ការ​ជំនុំ​ជម្រះ​លើ​បទ​ចោទ​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង ០០២ នៅ​មុន​ពេល​មិន​ទាន់​បាត់បង់​ឱកាស។

សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ចុះ​ថ្ងៃ​ទី​២៤ មីនា របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា (CHRAC) វិទ្យាស្ថាន​ស្រាវជ្រាវ​បញ្ហា​សង្គម (ASRIC) និង​សមាគម​ជន​រង​គ្រោះ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​ឈ្មោះ​ថា "ក្សេមក្សាន្ត" បាន​ទទូច​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​លើក​យក​បទ​ចោទ​ធំៗ រួម​មាន​បទ​ប្រល័យ​ពូជ​សាសន៍ និង​អាពាហ៍ពិពាហ៍​ចាប់​បង្ខំ​ជា​ដើម​នៅ​ក្នុង​សំណុំ​រឿង ០០២ មក​បើក​សវនាការ​កាត់​សេចក្ដី។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា បច្ចុប្បន្ន​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កំពុង​តែ​បើក​សវនាការ​ជំនុំ​ជម្រះ​ឧក្រិដ្ឋកម្ម​បណ្ដេញ​ពលរដ្ឋ​កម្ពុជា ចេញ​ដោយ​បង្ខំ​ពី​ទីក្រុង ក្នុង​ឆ្នាំ​១៩៧៥ ដែល​ជា​រឿង​សំខាន់​សម្រាប់​ប្រវត្តិសាស្ត្រ​កម្ពុជា។ ប៉ុន្តែ​បទ​ឧក្រិដ្ឋ​ធំៗ​ជាង​នេះ​ទៅ​ទៀត ដែល​សាលាក្ដី​គួរ​តែ​ពិចារណា​លើក​យក​មក​ជំនុំ​ជម្រះ​ជា​មុន មុន​ពេល​បាត់បង់​ឱកាស​របស់​ខ្លួន ពីព្រោះ​ជន​ជាប់​ចោទ​ដែល​នៅ​សេសសល់ គឺ​មាន​វ័យ​កាន់​តែ​ចាស់​ជរា និង​មាន​ជំងឺ។

បច្ចុប្បន្ន​ចំនួន​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង ០០២ នៅ​សល់​តែ​ពីរ​នាក់​ទេ គឺ​លោក នួន ជា អតីត​ប្រធាន​រដ្ឋ​សភា​ប្រជាជន​កម្ពុជា និង​លោក ខៀវ សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ចំណែក​ជន​ជាប់​ចោទ អៀង សារី ក្នុង​សំណុំ​រឿង ០០២ ដែរ​នោះ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៤ មីនា ដោយសារ​ជំងឺ នៅ​មុន​ពេល​ការ​ជំនុំជម្រះ​មិន​ទាន់​បញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។