សាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម ចាប់បើកសវនាការឡើងវិញជាលើកដំបូង បន្ទាប់ពីត្រូវផ្អាកចាប់តាំងពីដើមខែមក ដោយសារតែបុគ្គលិកភាគីខ្មែរអត់ប្រាក់ខែ។
សវនាការនៅថ្ងៃច័ន្ទ ទី២៥ ខែមីនា គឺស្ដាប់របាយការណ៍របស់អ្នកជំនាញវេជ្ជសាស្ត្រស្ដីពីសុខភាព និងកាយសម្បទារបស់ជនជាប់ចោទ នួន ជា ថាតើគាត់អាចចូលរួមកិច្ចដំណើរការនីតិវិធីទៅមុខទៀតបាន ឬមិនបាន។
តាមរយៈអ្នកបកប្រែ អ្នកជំនាញវេជ្ជសាស្ត្រដែលតែងតាំងដោយសាលាក្ដីខ្មែរក្រហមពីររូប គឺលោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល (Seena Fazel) និងលោកសាស្ត្រាចារ្យ ចន ខេមប៊ែល (John Campbell) វាយតម្លៃថា សុខភាពស្មារតីរបស់ជនជាប់ចោទ នួន ជា នៅល្អ ហើយមិនមានសញ្ញាណាបញ្ជាក់ថា គាត់មានបញ្ហាលើការផ្ចង់អារម្មណ៍ទេ៖ «មិនមានភស្តុតាងបង្ហាញថា គាត់មានការចុះខ្សោយស្មារតីរបស់គាត់នោះទេ។ នួន ជា ទទួលបានពិន្ទុ ២៨ លើ ៣០ (២៨/៣០) ក្នុងការធ្វើតេស្តរយៈពេល ២ថ្ងៃនេះ ជាពិន្ទុមួយដែលអ្នកមានអាយុ ៨៦ ជាងមិនងាយធ្វើបានទេ»។
ការវាយតម្លៃនេះ គឺត្រូវបានលោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល និងលោកសាស្ត្រាចារ្យ ចន ខេមប៊ែល ជម្រាបអង្គជំនុំជម្រះនៅក្នុងសវនាការសាលាដំបូង ព្រឹកថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីបានពិនិត្យសុខភាពជនជាប់ចោទ នួន ជា កាលពីថ្ងៃទី១៨ ខែមីនា សប្ដាហ៍មុន។
លោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល និងលោកសាស្ត្រាចារ្យ ចន ខេមប៊ែល ជាអ្នកជំនាញផ្នែកជំងឺមនុស្សចាស់ រកឃើញថា ការសម្ភាសជនជាប់ចោទរូបនេះមានស្មារតី និងការផ្ចង់អារម្មណ៍បានល្អ និងចងចាំបានល្អ ដោយស្គាល់អ្នកនៅក្បែរខាងគាត់ ហើយគាត់មិនមានបញ្ហាផ្លូវចិត្តទេ៖ «ស្ថានភាពផ្លូវចិត្តរបស់គាត់សព្វថ្ងៃនេះ គឺល្អហើយ។ មុខងារចងចាំក៏ល្អ ហើយខ្ញុំកត់សម្គាល់ថា គាត់នៅស្ដាប់វិទ្យុ បើកវិទ្យុស្ដាប់។ គាត់មានការនិយាយលេងសន្ទនាជាមួយបុគ្គលិកនៅមន្ទីរឃុំឃាំង។ គាត់នៅតែរក្សាកម្រិតនៃការចងចាំក្នុងកម្រិតមួយជាទៀងទាត់។ ដូច្នេះយើងមិនមានអនុសាសន៍អ្វីទេ»។
លោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល បញ្ជាក់ថា តាមការធ្វើតេស្តលើមុខងារចងចាំរបស់មនុស្សចាស់ គឺមានពិន្ទុស្តង់ដារ ៣០។ ចំពោះជនជាប់ចោទ នួន ជា ធ្វើតេស្តបានពិន្ទុ ២៨។ ពិន្ទុ ២៣ គឺជាសញ្ញាបញ្ជាក់ថា ធ្លាក់ការចងចាំចុះ។ ពិន្ទុ ២៨ ជាពិន្ទុមួយ ដែលមនុស្សអាយុច្រើនជាង ៨០ឆ្នាំ មិនងាយធ្វើបានទេ ដូច្នេះ គាត់មានការផ្ចង់អារម្មណ៍បានល្អ។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក សុន អរុណ ថ្លែងថា កូនក្ដីរបស់លោកនៅមានបញ្ហាសុខភាពធ្ងន់ធ្ងរនៅឡើយ ដូចជាជំងឺលើសឈាម រលាកសាច់ដុំបេះដូង ទល់លាមក ឆ្អឹងខ្នង ដែលធ្វើឱ្យកម្លាំងកាយចុះខ្សោយ។
លោកទាមទារឱ្យកូនក្ដីលោកទទួលការព្យាបាលត្រឹមត្រូវហ្មត់ចត់សិន មុននឹងយកមកចូលរួមសវនាការ ហើយលោកបដិសេធអនុសាសន៍ដែលឱ្យយកកូនក្ដីលោកមកចូលរួមសវនាការនៅបន្ទប់ខាងក្រោម៖ «បើកូនក្ដីខ្ញុំនៅមានជំងឺរ៉ាំរ៉ៃដូចសព្វថ្ងៃនេះ ហើយបង្ខំឱ្យគាត់សវនាការទាំងស្ដាប់មិនបាន មើលមិនឃើញ មិនមានការចងចាំនូវអ្វីដែលតុលាការបានពិភក្សាគ្នានោះទេ នេះទុកជាការរំលោភសិទ្ធិកូនក្ដីខ្ញុំពេញទី»។
ទាក់ទងសុខភាពផ្លូវកាយវិញ លោកសាស្ត្រាចារ្យ ចន ខេមប៊ែល ថ្លែងថា ការឆាប់ហត់អស់កម្លាំងរបស់ជនជាប់ចោទ នួន ជា គឺបណ្ដាលមកពីគាត់មិនបានហាត់ប្រាណ។ លោកណែនាំថា ជនជាប់ចោទហាត់ប្រាណ ដើម្បីឱ្យរាងកាយមាំមួនឡើងវិញ។ កាលណារាងកាយមាំមួន សុខភាពផ្លូវចិត្តក៏រឹងមាំដែរ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ថ្លែងថា មូលហេតុដែលនាំឱ្យមានការវាយតម្លៃលើសុខភាព កាយសម្បទា និងបញ្ញាស្មារតីរបស់ជនជាប់ចោទ នួន ជា គឺដោយសារតែមួយរយៈកន្លងមកនេះ ជនជាប់ចោទរូបនេះឧស្សាហ៍មានជំងឺ និងសុំតាមដានសវនាការពីចម្ងាយ នៅបន្ទប់ខាងក្រោមសាលសវនាការ។
ក្រៅពីការវាយតម្លៃសុខភាពរបស់ជនជាប់ចោទ នួន ជា អង្គជំនុំជម្រះក៏ស្ដាប់មតិយោបល់របស់ភាគីដែរ អំពីផលប៉ះពាល់ពីរបាយការណ៍របស់អ្នកជំនាញ និងការបំបែកកិច្ចដំណើការនីតិវិធី។ លោកចៅក្រម និល ណុន ថ្លែងថា សេចក្ដីសម្រេចអំពីស្ថានភាពសុខភាពជនជាប់ចោទ នួន ជា ថា តើមានកាយសម្បទាគ្រប់គ្រាន់នឹងអាចចូលរួមសវនាការនៅពេលខាងមុខបានទៀត ឬយ៉ាងណានោះ ហើយនិងសេចក្ដីសម្រេចអំពីការបំបែកកិច្ចដំណើរការនីតិវិធី នឹងត្រូវប្រកាសឱ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។