បុគ្គលិក​សាលាក្ដី​បាន​ទទួល​ប្រាក់បៀវត្សរ៍​ខែ​ធ្នូ

មន្ត្រី​និង​បុគ្គលិក​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​ខ្មែរ នៅ​ពេល​នេះ​បាន​ទទួល​ប្រាក់​ខែ​របស់​ខ្លួន​សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០១២ ហើយ។

អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣ ថា ផ្នែក​រដ្ឋបាល​នៃ​សាលាក្ដី​នេះ បាន​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ទៅ​បុគ្គលិក និង​មន្ត្រី​ខាង​ភាគី​ខ្មែរ​អំពី​ប្រាក់​ខែ​នោះ​ហើយ៖ «នៅ​ថ្ងៃ​នេះ​នៅ​ការិយាល័យ​រដ្ឋបាល​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ចេញ​នូវ​សេចក្ដី​ជូន​ដំណឹង​មួយ​ជូន​ដល់​មន្ត្រី​បុគ្គលិក​ជាតិ​នៃ​សាលា​ក្ដី​ដែល​ពួក​គាត់​មិន​ទទួល​បាន​ប្រាក់​ខែ​តាំង​ពី​ខែ​ធ្នូ​នោះ អំពី​ដំណឹង​នៃ​ការ​ទទួល​បាន​ប្រាក់ខែ​របស់​ពួក​គាត់​សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០១២ ដែល​ថវិកា​នេះ​ត្រូវ​បាន​ផ្ទេរ​ចូល​គណនេយ្យ​របស់​បុគ្គលិក​ទាំង​អស់​នៅ​ថ្ងៃ​នេះ ក៏​ដូច​ជា​ថ្ងៃ​ស្អែក អាស្រ័យ​ទៅ​តាម​ប្រភេទ​គណនេយ្យ​ធនាគារ​រៀងៗ​ខ្លួន»

លោក នេត្រ ភក្ត្រា ឱ្យ​ដឹង​ដែរ​ថា ថវិកា​បើក​ឱ្យ​បុគ្គលិក​ពេល​នេះ គឺ​ជា​ថវិកា​របស់​សហភាព​អឺរ៉ុប ដែល​បាន​សន្យា​តាំង​ពី​ឆ្នាំ​២០១២ ហើយ​លោក​អំពាវ​ដល់​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ឱ្យ​ជួយ​ផ្ដល់​ថវិកា​បន្ត ព្រោះ​ខាង​ភាគី​ខ្មែរ​ត្រូវ​ការ​ថវិកា​ចំនួន​ប្រមាណ ៧​លាន​ដុល្លារ​ទៀត​សម្រាប់​ឆ្នាំ​២០១៣។

ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​នៅ​មិន​ទាន់​បាន​សន្យា​ផ្ដល់​ថវិកា​ថ្មី​សម្រាប់​ឆ្នាំ​២០១៣ នៅ​ឡើយ​ទេ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​បុគ្គលិក​ខាង​ភាគី​ខ្មែរ ធ្វើ​ការ​ដោយ​មិន​មាន​កិច្ច​សន្យា​ការងារ និង​មិន​បាន​ទទួល​ប្រាក់​ទេ ចាប់​តាំង​ពី​ខែ​មករា​មក។ ប្រសិន​បើ​មិន​មាន​ព័ត៌មាន​ជាក់លាក់​ពី​ប្រាក់​ខែ​ឆ្នាំ​២០១៣ ទេ បុគ្គលិក​នឹង​ចាប់​ផ្ដើម​ធ្វើ​ពហិការ​បន្ត​ទៀត នៅ​ថ្ងៃ​ទី​១ ខែ​មេសា ខាង​មុខ​នេះ។

ព័ត៌មាន​ពី​សាលា​ក្ដី​ខ្មែរក្រហម ឱ្យ​ដឹង​ថា អ្នក​ជំនាញ​ការ​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ដាវីដ សេហ្វ័រ (David Scheffer) បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា នេះ។ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ពី​កិច្ច​ប្រជុំ​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។