ពិធី​បូជា​សព​លោក អៀង សារី បាន​បញ្ចប់

ក្នុង​ថ្ងៃ​បូជា​សព​លោក អៀង សារី មាន​មនុស្ស​ប្រមាណ ១​ពាន់​នាក់ បាន​ចូលរួម​នៅ​ផ្ទះ​របស់​លោក ស្ថិត​នៅ​ភូមិ​ដូង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ អ្នក​ចូលរួម​ភាគ​ច្រើន គឺ​ជា​អតីត​យោធា​ខ្មែរ​ក្រហម មន្ត្រី អ្នក​ជំនួញ និង​ព្រះ​សង្ឃ​ថៃ។

ភ្លើង​កំពុង​ឆេះ​នៅ​ក្នុង​មេរុ ជា​ទី​តម្កល់​សព​លោក អៀង សារី នៅ​ភូមិ​ដូង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៣។
ភ្លើង​កំពុង​ឆេះ​នៅ​ក្នុង​មេរុ ជា​ទី​តម្កល់​សព​លោក អៀង សារី នៅ​ភូមិ​ដូង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៣។ (RFA/Morm Moniroth)

0:00 / 0:00

សព​លោក អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​បូជា​រួច​រាល់​ហើយ​នៅ​ថ្ងៃ​ទី២១ បន្ទាប់​ពី​ត្រូវ​តម្កល់​ទុក​ធ្វើ​បុណ្យ​អស់​រយៈពេល​៧​ថ្ងៃ​កន្លង​ទៅ នៅ​គ្រា​មាន​ពលរដ្ឋ​ដែល​បាន​ចូលរួម​បូជា​សព​ប្រមាណ​១​ពាន់​នាក់ នៅ​នាទី​ចុង​ក្រោយ​នៃ​ជីវិត​នយោបាយ​របស់​លោក។

អតីត​យោធា​ខ្មែរ​ក្រហម នៅ​ខេត្ត​ប៉ៃលិន លោក តែម មឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២១ មីនា ថា លោក អៀង សារី គឺ​ជា​មេ​ដឹកនាំ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​អំពី​អធិបតីភាព និង​បូរណភាព​ទឹកដី។ រស់​ដោយ​ពិកា​ជើង​ម្ខាង​មុន​សមាហរណកម្ម​ឆ្នាំ​១៩៩៧ លោក​គិត​ថា លោក អៀង សារី គឺ​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​មាន​សន្តិភាព​ពិត​ប្រាកដ នៅ​នាទី​ចុង​ក្រោយ​នៃ​នយោបាយ​របស់​លោក ដែល​នាំ​ឲ្យ​មាន​ការ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​ឆ្នាំ​១៩៩៨៖ «បើ​តាម​ខ្ញុំ​តស៊ូ គាត់​ជា​អ្នក​ស្រឡាញ់​ទឹក​ស្រឡាញ់​ដី បាទៗ គឺ​មិន​ចង់​ឲ្យ​បាត់​បង់​ទៅ​ខាង​ណាៗ​ទេ។ ការ​តស៊ូ​របស់​គាត់ គឺ​គាត់​មាន​មូលហេតុ​របស់​គាត់​បាទ គឺ​គោរព​ស្រឡាញ់​ទឹកដី​បាទ»

សព​លោក អៀង សារី ត្រូវ​បូជា​នៅ​ម៉ោង ៦ និង ៣០​នាទី ល្ងាច​ថ្ងៃ​ទី២១ មីនា ក្នុង​ភូមិ​ដូង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​តម្កល់​អស់​រយៈពេល ៦​ថ្ងៃ​កន្លង​ទៅ។ ពិធី​បូជា​សព​ក្នុង​ថ្ងៃ​ទី៧ នេះ ត្រូវ​បាន​គេ​រៀបចំ​ឡើង​យ៉ាង​ឧឡារិក តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា។ សព​លោក អៀង សារី ត្រូវ​គេ​តម្កល់​លើ​មេរុ និង​បាញ់​កាំជ្រួច​មុន​នឹង​ត្រូវ​បូជា។

ក្រៅ​ពី​អតីត​យោធា​ខ្មែរ​ក្រហម មន្ត្រី អ្នក​ជំនួញ ព្រះសង្ឃ​ថៃ និង​មន្ត្រី​សាលា​ក្ដី​ខ្មែរ​ក្រហម​មួយ​ចំនួន​ចូល​រួម​នោះ គឺ​ពុំ​ឃើញ​វត្តមាន​មន្ត្រី​របស់​រដ្ឋាភិបាល​មក​ពី​ស្ថាប័ន​រដ្ឋ​ចូលរួម​នោះ​ទេ។

លោក អាង ឧត្ដម មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អៀង សារី ចាត់​ទុក​អតីត​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​រូប​នេះ​ថា គឺ​ជា​ដៃគូ​ដ៏​សកម្ម ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​អស់​រយៈពេល ៥​ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​បន្ត​ថា អ្វី​ដែល​កូន​ក្ដី​របស់​ខ្លួន​ពុំ​បាន​ទម្លាយ​ឯកសារ និង​ភស្តុតាង​ពិត​ប្រាកដ​ជា​សាធារណៈ​នោះ គឺ​ជា​នីតិវិធី និង​ជា​សិទ្ធិ​សម្រេច​របស់​លោក អៀង សារី បើ​ទោះ​ជា​សំណុំ​រឿង​នេះ​ត្រូវ​បិទ​បញ្ចប់​ហើយ​ក្ដី។

អ្នកស្រី អៀង ធីរិទ្ធ ប្រពន្ធ​សព​លោក អៀង សារី ត្រូវ​កូន​ចៅ​គ្រា​ចេញ​ពី​ក្នុង​ផ្ទះ​មក​សំពះ​សព​ជា​លើក​ចុង​ក្រោយ មុន​នឹង​ត្រូវ​គេ​ជូន​ដំណើរ​ចូល​ឡាន​មុន​បូជា​សព នៅ​ភូមិ​ដូង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៣។
អ្នកស្រី អៀង ធីរិទ្ធ ប្រពន្ធ​សព​លោក អៀង សារី ត្រូវ​កូន​ចៅ​គ្រា​ចេញ​ពី​ក្នុង​ផ្ទះ​មក​សំពះ​សព​ជា​លើក​ចុង​ក្រោយ មុន​នឹង​ត្រូវ​គេ​ជូន​ដំណើរ​ចូល​ឡាន​មុន​បូជា​សព នៅ​ភូមិ​ដូង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៣។ (RFA/Morm Moniroth)

លោក​បន្ត​ថា ទោះ​ជា​បែប​ណា ការ​បង្ហាញ​វត្តមាន​របស់​លោក​នៅ​ថ្ងៃ​បូជា​សព​របស់​លោក អៀង សារី នេះ គឺ​ជា​សារ​បញ្ជាក់​ថា កូន​ក្តី​របស់​ខ្លួន បើ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​នាទី​ចុង​ក្រោយ​ក្តី តែ​លោក អៀង សារី នៅ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​ជា​បន្តបន្ទាប់៖ «គាត់​បាន​ជួយ​ក្រុម​ការងារ​ច្រើន​ណាស់។ ខ្ញុំ​សរសើរ​គាត់​មាន​ការ​ប្រឹងប្រែង​ការងារ ក្រុម​ការងារ​យើង​មែន​ទែន រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ដែល​គាត់​អើ​មាន​សុខភាព​ដុនដាប​មែន​ទែន នៅ​លើ​គ្រែ នៅ​តែ​ប្រឹង​ជួយ​យើង​ជានិច្ច។ រហូត​ដល់​ជួយ​យោបល់​ជួយ​កិច្ចការ​របស់​យើង»

ដូច​ការ​គ្រោង​ទុក លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន គឺ​ជា​អ្នក​អុជ​ភ្លើង​បូជា​សព​របស់​លោក អៀង សារី ដោយ​ផ្ទាល់។ នៅ​មុន​បូជា​សព អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​បង្ហាញ​វត្តមាន​ក្នុង​រយៈពេល​ខ្លី ក្នុង​ស្មារតី​រវើរវាយ មុន​នឹង​ត្រូវ​ជូន​ដំណើរ​ចូល​រថយន្ត​ដោយ​មិន​ត្រូវ​គេ​រៀបចំ​ដើម្បី​បូជា​សព​លោក អៀង សារី ដោយ​ផ្ទាល់​នោះ​ទេ។

អតីត​ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​របប​ខ្មែរ​ក្រហម​រូប​នេះ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៤ មីនា នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ទីក្រុង​ភ្នំពេញ ក្នុង​វ័យ ៨៨​ឆ្នាំ ដោយ​ជំងឺ។

មរណភាព​របស់​ជន​ជាប់​ចោទ អៀង សារី បាន​ធ្វើ​ឱ្យ​ក្រុម​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ពលរដ្ឋ​រង​គ្រោះ មាន​ការ​សោកស្ដាយ និង​ខក​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ដែល​សវនាការ​សាលា​ក្តី​ខ្មែរ​ក្រហម​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ទាន់​មាន​សេចក្តី​សម្រេច​ណា​មួយ អំពី​ពិរុទ្ធភាព​លើ​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​លើ​រូប​គាត់។

ក្រុម​ជន​រង​គ្រោះ​ទាមទារ​ឱ្យ​ប្រទេស​ម្ចាស់​ជំនួយ​ជួយ​ជំរុញ​សាលា​ក្ដី​ខ្មែរ​ក្រហម ឱ្យ​ដំណើរ​ការ​វិនិច្ឆ័យ​សំណុំ​រឿង​ក្តី​០០២ លើ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែល​កាន់​តែ​មាន​វ័យ​ចាស់​ជរា​ទៅ​ហើយ​នោះ ឱ្យ​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។