លោក ខៀវ សំផន បានលើកដៃសំពះគោរពឧទ្ទិសចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហមតាមការស្នើសុំរបស់ដើមបណ្ដឹងរដ្ឋប្បវេណី។
ដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ អ្នកស្រី ធុច ផាន់ដារា បានជំរុញឲ្យលោក ខៀវ សំផន ជាអតីតប្រធានគណៈប្រធានរដ្ឋក្នុងរបបខ្មែរក្រហមឆ្លើយសំណួរឲ្យបានក្បោះក្បាយអំពីការបែងចែកឋានៈប្រជាជនថ្មីនិងចាស់ និងអំពីការអនុវត្តគោលការណ៍ស្វ័យទិតៀន និងទិតៀននៅក្នុងរបបខ្មែរក្រហម និងបានជំរុញឲ្យលោក ខៀវ សំផន លើកដៃសំពះឧទ្ទិសគោរពចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម។
នេះជាលើកទី១ហើយដែលលោក ខៀវ សំផន បានលើកដៃសំពះឧទ្ទិសចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម ប៉ុន្តែលោក ខៀវ សំផន បានឆ្លៀតនិយាយលើកតម្កើងកងទ័ពបដិវត្តន៍របស់របបគាត់ក្នុងការឧទ្ទិសនោះផងដែរ៖ «ខ្ញុំរន្ធត់ចិត្តណាស់។ ព្រមជាមួយនេះ មិនភ្លេចចំពោះវិញ្ញាណក្ខន្ធរបស់យុទ្ធជន យុទ្ធនារី ដែលលូនទៅវាយរំដោះភ្នំពេញ ក្រោមគ្រាប់បែក បេ៥២ ក្រាលព្រំ។ អ្នកស្លាប់ចេះតែស្លាប់ទៅ តែអ្នកនៅចេះតែខំរុលទៅ ឲ្យជិតកងទ័ព លន់ នល់ ដូច្នេះការតស៊ូប្រយុទ្ធនេះ មានពលីជីវិតច្រើនណាស់ ហើយខ្ញុំសុំលើកដៃសំពះគោរពដោយសុភាពរាបសាដល់វិញ្ញាណក្ខន្ធ យុវយុទ្ធជន យុទ្ធនារីទាំងអស់នេះ។ ក៏ដូចជាចំពោះវិញ្ញាណក្ខន្ធបងប្អូនយើងទាំងអស់ ដែលបានពលីជីវិតទៅក្នុងសភាពការណ៍ប្រទេសយើង ដែលត្រូវជួបប្រទះអស់ពីសង្គ្រាមអាមេរិក ដល់សង្គ្រាមវៀតណាម»។
ចំពោះសំណួរទាក់ទងជាមួយការបែងចែកឋានៈជាប្រជាជនចាស់ជាមួយប្រជាជនថ្មី និងការអនុវត្តទិតៀនស្វ័យទិតៀននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ លោក ខៀវ សំផន បានលើកឡើងថា នោះជាការតស៊ូវណ្ណៈនៅក្នុងការកសាងសង្គមថ្មី ប៉ុន្តែរូបលោកផ្ទាល់មិនសូវបានយល់ដឹងច្បាស់ទេ ពីព្រោះរូបលោកមិនមែនជាអ្នកមនោគមន៍វិជ្ជារបស់បក្សកុម្មុយនិស្តកម្ពុជាទេ៖ «សំណួរលោកស្រីទាំងពីរចំពោះខ្ញុំវាទាក់ទងគ្នា។ គឺវាទាក់ទងទៅមនោគមន៍វិជ្ជាដែលគេហៅថា មនោគមន៍វិជ្ជានៃវណ្ណៈ និងការតស៊ូវណ្ណៈ។ ចំណែកខ្ញុំជាបញ្ញាជនមិនមែនជាអ្នកមនោគមន៍វិជ្ជារបស់បក្សកុម្មុយនិស្តកម្ពុជាទេ។ គេបានចាត់ទុកខ្ញុំថា ជាមនុស្សជើងមិនជាប់ដី ហើយគ្មានបានការអីទេ»។
លោក នួន ជា ជាអតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ មានមុខងារជាអតីតអនុប្រធានបក្សកុម្មុយនិស្តកម្ពុជា និងជាជនជាប់ចោទនៅក្នុងសំណុំរឿង ០០២ វគ្គទី១ នេះដែរ បានចូលរួមឆ្លើយសំណួរទាក់ទងការបែងចែកឋានៈប្រជាជនថ្មី និងចាស់នេះថា ជារឿងមិនពិត៖ «ការថា មានការបែងចែកប្រជាជន ១៧ មេសា និងប្រជាជនមូលដ្ឋាននោះ បើតាមខ្ញុំយល់ គោលដៅរបស់បក្សកុម្មុយនិស្តកម្ពុជា មិនមានការបែងចែកអ្នកថ្មី និងអ្នកមូលដ្ឋានបន្តិចណាសោះ។ ពីព្រោះយើងត្រូវការរួបរួមជាតិ ឯកភាពជាតិ សាមគ្គីជាតិទាំងអស់ ដើម្បីការពារប្រទេសឲ្យរួចផុតការឈ្លានពាន វាតទី លេបទឹកដីរបស់ប្រទេសជិតខាង»។
ចំណែកឯសំណួរទាក់ទងនឹងការអនុវត្តទិតៀនស្វ័យទិតៀន លោក ខៀវ សំផន បានឆ្លើយថា រូបលោកចូលរួមអនុវត្តក្នុងសម័យនោះដែរ ប៉ុន្តែរូបលោកផ្ទាល់មិនអាចចោលធាតុវណ្ណៈអធន ដែលជាវណ្ណៈដើមរបស់លោកបានទាំងស្រុងឡើយ។
ក្នុងចំណុចនេះ លោក នួន ជា បានបន្ថែមដែរថា ការអនុវត្តការប្រជុំជីវភាព ទិតៀនស្វ័យទិតៀននោះ គឺជាគោលមាគ៌ានយោបាយរបស់បក្សកុម្មុយនិស្តកម្ពុជា ដើម្បីកសាងកម្មាភិបាលឲ្យមានធាតុវណ្ណៈអធន និងស្នេហាជាតិ៖ «ការទិតៀននិងស្វ័យទិតៀននោះ ដើម្បីបំបាត់ធាតុអាក្រក់ដែលមិនស្នេហាជាតិនៅក្នុងខ្លួនយើងឲ្យអស់ មិនមែនកម្ចាត់បុគ្គលទេ។ កុំច្រឡំសូម្បីនៅក្នុងផ្ទៃក្នុងយើងខ្ញុំក៏មានការភ័ន្តច្រឡំដែរ ពីមុនមកនោះ»។
កន្លងមកលោក ខៀវ សំផន ជាជនជាប់ចោទនៅក្នុងសំណុំរឿង ០០២ ក្នុងសាលាក្ដីខ្មែរក្រហមដែលតែងតែបដិសេធមិននិយាយរៀបរាប់អំពីការដឹកនាំ និងការដឹងឮស៊ីជម្រៅអំពីសកម្មភាពនានានៅក្នុងការគ្រប់គ្រងរបស់របបខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ឡើយ។ ប៉ុន្តែលោក ខៀវ សំផន បានចាប់ផ្ដើមឆ្លើយបកស្រាយសកម្មភាពមួយចំនួនដែលគាត់បានដឹង ឆ្លើយតបសំណួររបស់ដើមបណ្ដឹងរដ្ឋប្បវេណី កាលពីថ្ងៃទី២៧ ឧសភា កន្លងទៅ។
កាលពីថ្ងៃទី២៧ ឧសភា កន្លងទៅ លោក ខៀវ សំផន បានបដិសេធថា រូបលោកមិនមែនជាខ្មែរក្រហមទេ ហើយរូបលោកមិនមែនជាអ្នកទទួលខុសត្រូវតែម្នាក់ឯងចំពោះអំពើនានា ដែលគេចោទទៅលើរបបខ្មែរក្រហមនោះទេ។ លោកបាននិយាយជាឧទាហរណ៍ថា មិនអាចអ្នកណាទទួលខុសត្រូវចំពោះអំពើរបស់ខ្មែរក្រហមបានឡើយ សូម្បីតែលោក ហ៊ុន សែន ក៏ដោយ៖ «ជាដំបូងបង្អស់ខ្ញុំសូមជម្រាបអស់លោកថា ខ្មែរក្រហមមិនមែនជាខ្ញុំទេ ហើយខ្ញុំក៏មិនអាចទទួលខុសត្រូវអំពើដែលគេចោទនោះដែរ។ ខ្ញុំយកឧទាហរណ៍ដូចជា លោក ហ៊ុន សែន ជាដើម។ លោក ហ៊ុន សែន តើលោកទទួលខុសត្រូវអំពើរបស់ខ្មែរក្រហមទេ ហើយខ្ញុំវិញ រឹតតែមិនដូចលោក ហ៊ុន សែន ទៅទៀត។ ខ្ញុំអត់ដឹងអីទាំងអស់ អ្វីៗដែលកើតមានឡើងក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩»។
ចំពោះការសំពះ និងចម្លើយរបស់លោក ខៀវ សំផន និងលោក នួន ជា នៅក្នុងសវនាការនេះ លោក ឡាត់ គី អ្នកសម្របសម្រួលសាលាក្ដីខ្មែរក្រហមរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា នេះជាលើកទី១ ដែលគេបានឃើញលោក ខៀវ សំផន ចេះសំពះគោរពឧទ្ទិសចំពោះអ្នកស្លាប់ក្នុងរបបខ្មែរក្រហម ហើយលោក ខៀវ សំផន តែងតែឆ្លើយបដិសេធការជាប់ពាក់ព័ន្ធរូបគាត់ផ្ទាល់ជាមួយរបបខ្មែរក្រហម ដើម្បីដោះបន្ទុកការចោទប្រកាន់នានា។ រីឯលោក នួន ជា វិញ ចម្លើយរបស់គាត់ភាគច្រើនមិនបានធ្វើឲ្យអ្នកសួរអស់ចម្ងល់ទេ។
លោក ខៀវ សំផន និងលោក នួន ជា គឺជាជនជាប់ចោទតែ ២នាក់ នៅក្នុងសំណុំរឿង ០០២ វគ្គទី១ ដែលបច្ចុប្បន្នជាប់ឃុំនៅក្នុងពន្ធនាគាររបស់សាលាក្ដីខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។