ស្ដាប់​របាយការណ៍​សុខភាព​លោក នួន ជា នៅ​ថ្ងៃ​២៥​មីនា

សាលា​ក្តី​ខ្មែរ​ក្រហម នឹង​បើក​សវនាការ​ទាក់ទង​នឹង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ និង​សម្បទា​របស់​ជន​ជាប់​ចោទ នួន ជា នៅ​ថ្ងៃ​ទី២៥ ខែ​មីនា។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ស្តាប់​របាយការណ៍​ពី​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ដែល​បាន​តាម​ដាន​ស្ថានភាព​សុខភាព​ជន​ជាប់​ចោទ នួន ជា។

ជន​ជាប់​ចោទ នួន ជា ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី១៣ មករា ដើម្បី​សង្គ្រោះ​បន្ទាន់ ដោយសារ​តែ​គាត់​មាន​បញ្ហា​ហត់ ខ្សោយ​អស់​កម្លាំង ហើយ​ដួល​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម។ គ្រូពេទ្យ​រក​ឃើញ​ថា ស្ថានភាព​ជំងឺ​របស់​លោក នួន ជា មាន​ជំងឺ​រលាក​ទង​សួត​ធ្ងន់ធ្ងរ។

សវនាការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​របប​ខ្មែរ​ក្រហម លោក អៀង សារី បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​ទី១៤ មីនា នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សហព័ន្ធ​រុស្ស៊ី ទីក្រុង​ភ្នំពេញ ក្នុង​វ័យ ៨៨​ឆ្នាំ ដោយ​ជំងឺ។

មរណភាព​របស់​ជន​ជាប់​ចោទ អៀង សារី បាន​ធ្វើ​ឱ្យ​ក្រុម​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ពលរដ្ឋ​រងគ្រោះ មាន​ការ​សោកស្ដាយ និង​ខក​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ដែល​សវនាការ​សាលា​ក្តី​ខ្មែរ​ក្រហម​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ទាន់​មាន​សេចក្តី​សម្រេច​ណា​មួយ​អំពី​ពិរុទ្ធភាព លើ​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​លើ​រូប​គាត់។

សាក​សព​លោក អៀង សារី ត្រូវ​បាន​បូជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។