បុគ្គលិក​សាលា​ក្ដី​ខ្មែរ​ក្រហម​ភាគី​ខ្មែរ​ទទួល​បាន​ប្រាក់​ខែ

សាលា​ក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​ខ្មែរ បាន​ទទួល​ថវិកា​សម្រាប់​ការ​ចំណាយ​លើ​ប្រាក់​ខែ​បុគ្គលិក​រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១៣ នេះ។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ថ្លែង​ថា នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ខាង​ការិយាល័យ​រដ្ឋបាល​នៃ​សាលា​ក្ដី​នេះ បាន​ជូន​ដំណឹង​ដល់​មន្ត្រី និង​បុគ្គលិក​ខាង​ភាគី​ខ្មែរ​ថា ខាង​ភាគី​អន្តរជាតិ​បាន​សម្រេច​ផ្ដល់​ថវិកា​សង្គ្រោះ​បន្ទាន់​មួយ​ចំណែក​មក​ដល់​ភាគី​ខ្មែរ សម្រាប់​ការ​ចំណាយ​លើ​ប្រាក់​ខែ​ដែល​មិន​បាន​បើក​ចាប់​តាំង​ពី​ខែ​មករា មក។

លោក នេត្រ ភក្ដ្រា៖ «ការ​ផ្ដល់​ថវិកា​សង្គ្រោះ​បន្ទាន់​នេះ ធ្វើ​ឱ្យ​ភាគី​ជាតិ​ហ្នឹង​អាច​មាន​ថវិកា​ដើរ​ដល់​ខែ​៤ ឆ្នាំ​២០១៣។ អ៊ីចឹង​មាន​ន័យ​ថា ប្រាក់​ខែ​នៅ​ក្នុង​ខែ​មករា ខែ​កុម្ភៈ និង​ខែ​មីនា របស់​មន្ត្រី​បុគ្គលិក​ដែល​គាត់​មិន​ទាន់​ទទួល​បាន​ហ្នឹង នឹង​ត្រូវ​បើក​នៅ​ក្នុង​អំឡុង​ពេល​សប្ដាហ៍​ខាង​មុខ ហើយ​ការ​ផ្ទេរ​សាច់​ប្រាក់​ពី​ខាង​អង្គការ​សហប្រជាជាតិ មក​កាន់​ខាង​ភាគី​ជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​ធ្វើ​ឡើង​នៅ​ដើម​សប្ដាហ៍​ក្រោយ។ ហើយ​មន្ត្រី​បុគ្គលិក​ទាំងអស់ គាត់​នឹង​ទទួល​បាន​ប្រាក់​ខែ​របស់​គាត់​ខែ​មករា ខែ​កុម្ភៈ និង​ខែ​មីនា នៅ​សប្ដាហ៍​ខាង​មុខ ហើយ​ថវិកា​សម្រាប់​ខែ​មេសា ដែល​ជា​ប្រាក់​របស់​គាត់ គឺ​នឹង​ទទួល​បាន​ជា​ធម្មតា​នៅ​ដំណាច់​ខែ​មេសា»

លោក នេត្រ ភក្ដ្រា ថ្លែង​ទៀត​ថា ការ​ទទួល​បាន​ថវិកា​សង្គ្រោះ​បន្ទាន់​នេះ នឹង​ជួយ​ដោះស្រាយ​ដល់​ជីវភាព​របស់​មន្ត្រី​បុគ្គលិក ដែល​ធ្វើ​ការ​អត់​ប្រាក់​ខែ និង​មិន​មាន​កិច្ច​សន្យា​ការងារ​អស់​រយៈពេល​បី​ខែ​កន្លង​មក​ហើយ។ លោក​បន្ត​ថា ខាង​ការិយាល័យ​រដ្ឋបាល​នឹង​បន្ត​កិច្ច​សន្យា​ការងារ​ដល់​បុគ្គលិក​ភាគី​ខ្មែរ​ជា​ថ្មី នៅ​សប្ដាហ៍​ក្រោយ ហើយ​មន្ត្រី​បុគ្គលិក​ទាំង​នោះ​នឹង​យក​ថ្ងៃ​ទី១ មេសា ខាង​មុខ ដែល​គ្រោង​ធ្វើ​ពហិការ​ផ្អាក​ការងារ ទៅ​ជា​ថ្ងៃ​ចូល​បំពេញ​ការងារ​ជា​ធម្មតា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។