ជនជាប់ចោទក្នុងសំណុំរឿង ០០២ វគ្គ ១ គឺលោក នួន ជា ចោទប្រកាន់សាលាក្ដីខ្មែរក្រហមថា លំអៀង គ្មានឯករាជ្យ និងរំលោភបំពានសិទ្ធិលោក។ ទន្ទឹមនឹងការចោទនេះ ជនជាប់ចោទក៏បង្គាប់មេធាវីឱ្យដកខ្លួនចេញពីសវនាការដែរ ដែលធ្វើឱ្យអង្គជំនុំជម្រះតុលាការកំពូល ផ្អាកសវនាការមុនពេលកំណត់។
ការចោទប្រកាន់សាលាក្ដីខ្មែរក្រហមថា លំអៀង ខ្វះឯករាជភាព និងរំលោភសិទ្ធិ គឺចាប់ផ្ដើមឡើងនៅពេលដែលជនជាប់ចោទ នួន ជា ឡើងថ្លែងការណ៍ពីមូលដ្ឋានបណ្ដឹងសាទុក្ខរបស់លោក នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា។
ជនជាប់ចោទ នួន ជា បញ្ជាក់ថា បណ្ដឹងសាទុក្ខរបស់លោក គឺឆ្លុះបញ្ចាំងពីការខ្វះគុណភាពរបស់សាលក្រម និងអង្គជំនុំជម្រះសាលាដំបូងដែលមានមិនតិចជាង ២២៣ មូលដ្ឋានទេ។ ជនជាប់ចោទ នួន ជា បន្តថា មូលដ្ឋានខ្លះ គឺទាក់ទងនឹងចៅក្រមជំនុំជម្រះ និងចៅក្រមស៊ើបអង្កេតរំលោភធ្ងន់ធ្ងរលើសិទ្ធិរបស់លោក ក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ព្រោះមិនពិចារណាលើភស្តុតាង និងកោះហៅសាក្សី ដែលលោកស្នើសុំ។
ជនជាប់ចោទ នួន ជា៖ «ខ្ញុំឆ្លៀតយកឱកាសនេះ លើកឡើងអំពីការរំលោភដ៏ធ្ងន់ធ្ងរបំផុតមួយ គឺការបដិសេធរបស់អង្គជំនុំជម្រះសាលាដំបូង មិនកោះហៅសាក្សីរបស់ខ្ញុំ គឺលោក ហេង សំរិន។ លោក ហេង សំរិន គឺពិតជាសាក្សីសំខាន់ណាស់ សម្រាប់សវនាការលើកទីមួយរបស់ខ្ញុំ។ មេធាវីខ្ញុំបានស្នើសុំជាច្រើនដង ឱ្យកោះហៅគាត់មកធ្វើជាសាក្សីនៅគ្រប់ដំណើរការសវនាការ។ ក្នុងឋានៈជាមេបញ្ជាការកងកងវរសេនាធំ និងជាអនុមេបញ្ជាការរបស់កងពលមួយ ដែលដឹកនាំការជម្លៀសប្រជាជនចេញពីភ្នំពេញ លោក ហេង សំរិន ជាបុគ្គលសំខាន់មួយរូប ដែលនៅរស់រានមានជីវិត ដែលបានចូលរួមដោយផ្ទាល់ក្នុងការជម្លៀសប្រជាជន ដោយសារគាត់ជាបុគ្គលដៃស្ដាំរបស់ សោ ភឹម នៅក្នុងស្ថាប័នយោធារបស់ភូមិភាគបូព៌ា គាត់អាចផ្ដល់សក្ខីកម្មយ៉ាងទូលំទូលាយអំពីការជម្លៀសប្រជាជន»។
ជនជាប់ចោទចោទ នួន ជា រិះគន់ចៅក្រមសាលាដំបូងថា បង្ហាញភាពលំអៀងហួសហេតុលើរូបលោក ទាំងនៅបន្ទប់សវនាការ និងក្នុងសាលក្រម ព្រោះមិនបានគិតគូរអ្វីទាល់តែសោះពីសារណា និងភស្តុតាងសំខាន់ៗ របស់មេធាវីលោកដាក់ជូនតុលាការដើម្បីស្វែងរកការពិតទេ៖ «ការលាក់បាំងការពិត ដូចដែលបានធ្វើឡើងដោយចៅក្រមសាលាដំបូង គឺគ្មានបម្រើនរណាក្រៅតែពីឧបាយកលវៀតណាម នោះទេ។ វាមិនបានផ្ដល់យុត្តិធម៌ និងបង្កើនការយល់ដឹងទាល់តែសោះ។ វាគ្រាន់តែគំរាមកំហែងដល់ការកាត់បន្ថយតម្លៃតុលាការនេះ ឱ្យទៅតុលាការមួយគ្មានតម្លៃ ដោយចំណាយពេល និងការខិតខំប្រឹងប្រែងឥតប្រយោជន៍»។
ជនជាប់ចោទ នួន ជា បញ្ជាក់ថា លោកអស់សង្ឃឹមនឹងចៅក្រមសាលាដំបូង និងចៅក្រមស៊ើបអង្កេតដែលបានធ្វើកន្លងមក ប៉ុន្តែដោយសារតែលោកនៅគិតថា រឿងរ៉ាវនឹងផ្លាស់ប្ដូរនៅតុលាការកំពូល ទើបលោកឱ្យមេធាវីធ្វើបណ្ដឹងសាទុក្ខ។ លោកថា តុលាការកំពូលក៏បានបដិសេធការកោះហៅលោក ហេង សំរិន ដែលលោកស្នើសុំធ្វើជាសាក្សីដែរ ហើយលោកប្រាប់មេធាវីរបស់លោកមិនឱ្យចូលរួមសវនាការលើបណ្ដឹងសាទុក្ខរបស់អង្គជំនុំជម្រះតុលាការកំពូលទេ។
នៅមុនពេលសម្រាក ប្រធានអង្គជំនុំជម្រះតុលាការកំពូល លោក គង់ ស៊្រីម បញ្ជាទៅមេធាវីការពារជនជាប់ចោទ នួន ជា គឺលោក សុន អរុណ ឱ្យនៅចូលរួមសវនាការ ដោយលើកឡើងថា នេះជាកាតព្វកិច្ចក្នុងច្បាប់ដែលថា នៅក្នុងរឿងក្ដីឧក្រិដ្ឋកម្មចាំបាច់ត្រូវតែមានមេធាវីនៅក្នុងសវនាការ។
ឆ្លើយតបប្រធានអង្គជំនុំជម្រះ លោក សុន អរុណ ថ្លែងថា លោកត្រូវតែធ្វើតាមការបង្គាប់របស់កូនក្ដីលោក គឺមិនចូលរួមសវនាការ បើទោះជាចៅក្រមចាត់ទុកថា អវត្តមាននេះជាការមាក់ងាយតុលាការក៏ដោយ។
បន្ទាប់ពីអវត្តមានរបស់សហមេធាវីការពារក្ដីជនជាប់ចោទ នួន ជា ទាំងមេធាវីជាតិ និងមេធាវីអន្តរជាតិ ប្រធានអង្គជំនុំជម្រះតុលាការកំពូល លោកចៅក្រម គង់ ស៊្រីម ប្រកាសផ្អាកសវនាការ ហើយព្រមានចាត់វិធានការដាក់វិន័យ ចំពោះសហមេធាវីការពារក្ដីជនជាប់ចោទ នួន ជា៖ «អង្គជំនុំជម្រះពិចារណាឃើញថា ការប្រព្រឹត្តរបស់សហមេធាវីជាតិ និងអន្តរជាតិការពារក្ដី នួន ជា ត្រូវបានចាត់ទុកថា ជាកំហុសវិជ្ជាជីវៈ ដែលអាចនាំទៅដល់ទណ្ឌកម្មខាងវិន័យ។ អង្គជំនុំជម្រះនឹងចេញសេចក្ដីសម្រេចលើបញ្ហានេះតាមពេលវេលាសមស្រប។ ពាក់ព័ន្ធនឹងការប្រព្រឹត្តទៅនៃសវនាការលើបណ្ដឹងសាទុក្ខនៅក្នុងកាលៈទេសៈនេះ ស្របតាមក្របខ័ណ្ឌច្បាប់ជាធរមាន និងដើម្បីធានាថា ការការពារក្ដីសមស្របសម្រាប់ជនជាប់ចោទក្នុងអំឡុងពេលសវនាការបណ្ដឹងសាទុក្ខ អង្គជំនុំជម្រះតុលាការកំពូលសម្រេចថា ផ្អាកសវនាការបណ្ដឹងសាទុក្ខ និងបង្គាប់មកអង្គភាពគាំពារក្ដីឱ្យចាត់តាំងសហមេធាវីត្រៀមបម្រុងសម្រាប់ នួន ជា និងត្រូវរាយការណ៍មកអង្គជំនុំជម្រះអំពីការចាត់តាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ការធ្វើពហិការរបស់មេធាវីការពារក្ដីជនជាប់ចោទ នួន ជា នេះ គឺជាលើកទី២ ហើយ បន្ទាប់ពីមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ធ្លាប់ធ្វើពហិការម្ដងកាលពីប៉ុន្មានខែមុន។ ក្រោយពីការប្រកាសផ្អាកសវនាការនេះ លោកចៅក្រម គង់ ស៊្រីម ប្រកាសបន្ថែមថា អង្គជំនុំជម្រះនឹងចេញដីកាកំណត់កាលបរិច្ឆេទថ្មី តាមពេលវេលាសមស្របដែលមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៅឡើយសម្រាប់ការបើកសវនាការជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។