សង្ខេប​ព្រឹត្តិការណ៍​ប្រចាំ​សប្ដាហ៍​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

0:00 / 0:00

កិច្ច​ដំណើរ​ការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ក្នុង​រយៈ​ពេល ៣​ខែ ដើម​ឆ្នាំ​២០១៣ នេះ ហាក់​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទេ ដោយ​ហេតុ​ថា ចេះ​តែ​មាន​បញ្ហា​រអាក់រអួល​ជា​បន្ត​បន្ទាប់ ដូច​ជា​បញ្ហា​សុខភាព​ត្រូវ​បញ្ជូន​ជន​ជាប់​ចោទ​ទៅ​មន្ទីរពេទ្យ បញ្ហា​ជន​ជាប់​ចោទ អៀង សារី ស្លាប់ និង​បញ្ហា​បុគ្គលិក​អ្នក​បក​ប្រែ​ធ្វើ​ពិការ​មិន​បំពេញ​ការងារ ដោយសារ​តែ​អត់​ប្រាក់​ខែ​ជា​ដើម។ ក៏​ប៉ុន្តែ​នៅ​ក្នុង​សប្ដាហ៍​នេះ យើង​សង្កេត​ឃើញ​ថា សាលាក្ដី​ខ្មែរ​ក្រហម​ហាក់​មាន​ព្រឹត្តិការណ៍​គួរ​ឱ្យ​កត់​សម្គាល់​ខ្លះៗ មក​វិញ។

ព្រឹត្តិការណ៍​ខ្លះៗ ទាក់ទង​នឹង​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ក្នុង​សប្ដាហ៍​នេះ​មាន៖ កាលពី​ថ្ងៃ​ទី ២៥ ខែ​មីនា ដើម​សប្ដាហ៍​នេះ សាលាដំបូង​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​បើក​សវនាការ​ឡើង​វិញ បន្ទាប់​ពី​បាន​ផ្អាក​ចាប់​តាំង​ពី​ដើម​ខែ ដោយសារ​តែ​ជន​ជាប់​ចោទ អៀង សារី មាន​បញ្ហា​សុខភាព ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ។

ការ​ធ្វើ​សវនាការ​ឡើង​វិញ​របស់​សាលា​ដំបូង គឺ​ដើម្បី​ស្ដាប់​សក្ខីកម្ម និង​របាយការណ៍​របស់​អ្នក​ជំនាញ​អន្តរជាតិ​ពីរ​រូប ដែល​ចាត់តាំង​ដោយ​សាលាដំបូង គឺ​លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល (Seena Fazel) មាន​ជំនាញ​ខាង​វិកល​វិទ្យា និង​លោក​សាស្ត្រាចារ្យ ចន ខេមប៊ែល (John Campbell) ជា​អ្នក​ជំនាញ​ខាង​ជំងឺ​មនុស្ស​ចាស់។

ការ​ស្ដាប់​របាយការណ៍ និង​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ទាំង​ពីរ គឺ​ទាក់ទង​នឹង​ការ​ពិនិត្យ​ស្ថានភាព​សុខភាព​របស់​ជន​ជាប់​ចោទ នួន ជា ថា​តើ​គាត់​អាច​ចូល​រួម​សវនាការ​តទៅ​មុខ​ទៀត​បាន ឬ​មិន​បាន? ពី​ព្រោះ​មួយ​រយៈ​កាល​កន្លង​មក ជន​ជាប់​ចោទ នួន ជា ឧស្សាហ៍​មាន​បញ្ហា​សុខភាព ហើយ​សុំ​តាម​ចូល​រួម​សវនាការ​ពី​ចម្ងាយ។

នៅ​ក្នុង​របាយករណ៍​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​ទាំង​ពីរ​រូប កាល​ពី​ថ្ងៃ​ទី​២៥ មីនា បាន​បង្ហាញ​ជូន​អង្គ​ជំនុំជម្រះ​ថា ជន​ជាប់​ចោទ នួន ជា មិន​មាន​បញ្ហា​ផ្នែក​សតិ​បញ្ញា និង​ស្មារតី ដែល​នាំ​ឱ្យ​ពិបាក​ផ្ចង់​អារម្មណ៍​ទេ។

ជន​ចាប់​ចោទ នួន ជា កាល​ពី​ពាក់​កណ្ដាល​ខែ​មករា ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​ភ្លាមៗ ដោយសារ​តែ​សុខភាព​គាត់​ចុះ​ខ្សោយ ហើយ​ដួល។

ក្រោយ​ការ​ស្ដាប់​របាយការណ៍​របស់​អ្នក​ជំនាញ មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ នួន ជា គឺ​លោក សុន អរុណ ជម្រាប​អង្គ​ជំនុំជម្រះ​ថា កូន​ក្ដី​របស់​លោក​នៅ​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ច្រើន​យ៉ាង ដូច​ជា ជំងឺ​លើស​ឈាម បញ្ហា​រលាក​សាច់​ដុំ​បេះដូង ទល់​លាមក និង​ឈឺ​ចង្កេះ ដែល​ធ្វើ​ឱ្យ​ការ​ចូល​រួម​សវនាការ​របស់​គាត់​មិន​បាន​ពេញលេញ ហើយ​លោក​ស្នើសុំ​ឱ្យ​មាន​ការ​ព្យាបាល​កូន​ក្ដី​របស់​លោក ឱ្យ​បាន​ជា​ស្រួលបួល​សិន មុន​នឹង​នាំ​យក​កូន​ក្ដី​លោក​មក​ចូល​រួម​សវនាការ។

លោក​មេធាវី សុន អរុណ ថ្លែង​ថា កូន​ក្ដី​របស់​លោក​មិន​សូវ​មាន​សមត្ថភាព​ចង​ចាំ​បាន​ល្អ​ទេ ហើយ​ការ​ដែល​មាន​បញ្ហា​សុខភាព​រាងកាយ គឺ​អាច​ប៉ះពាល់​សុខភាព​ផ្លូវ​ចិត្ត ដែល​ជា​ហេតុ​ធ្វើ​កូន​ក្ដី​លោក​ពិបាក​ផ្ចង់​អារម្មណ៍​តាម​ដាន​ស្ដាប់​សវនាការ។

អ្នក​ជំនាញ​ទាំង​ពីរ គឺ​លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល និង​លោក​សាស្ត្រាចារ្យ ចន ខេមប៊ែល ជម្រាប​អង្គ​ជំនុំជម្រះ​ថា ក្រោយ​ការ​ពិនិត្យ​របស់​ខ្លួន តាម​រយៈ​ការ​ធ្វើ​តេស្ត​លើ​ស្មារតី​ចងចាំ ដែល​មាន​ពិន្ទុ​ស្តង់ដារ ៣០ ជន​ជាប់​ចោទ នួន ជា ឆ្លើយ​តប​វិញ​បាន​ពិន្ទុ ២៨ គឺ​ជា​ពិន្ទុ​មួយ​ខ្ពស់។ រី​ឯ​សុខភាព​រាង​កាយ​របស់​គាត់​ទន់​ខ្សោយ ដោយ​សារ​តែ​គាត់​មិន​បាន​ហាត់​ប្រាណ។ អ្នក​ជំនាញ​ផ្ដល់​យោបល់​ថា ជន​ជាប់​ចោទ នួន ជា គួរ​តែ​ហាត់​ប្រាណ ដើម្បី​ពង្រឹង​សុខភាព​រាង​កាយ ហើយ​ជួយ​ឱ្យ​សុខភាព​ផ្លូវ​ចិត្ត​រឹង​ប៉ឹង​ឡើង​វិញ។

ក្រោយ​ការ​ស្ដាប់ និង​ពិចារណា​លើ​របាយការណ៍ និង​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ទាំង​ពីរ គឺ​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​មីនា សាលា​ដំបូង​បាន​ប្រកាស​អំពី​សេចក្ដី​សម្រេច​ផ្ទាល់​មាត់​ជា​បឋម​ថា ជន​ជាប់​ចោទ នួន ជា មាន​ស្ថានភាព​សុខភាព​អាច​ចូល​រួម​សវនាការ​បាន។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង គឺ​លោក​ចៅក្រម និល ណុន ប្រកាស​ថា សាលាដំបូង​សម្រេច​តម្កល់​សេចក្ដីសម្រេច​របស់​ខ្លួន​ដូច​កាល​ពី​លើក​មុន​ដដែល ដែល​ថា ជន​ជាប់​ចោទ នួន ជា នៅ​មាន​សុខភាព​គ្រប់​គ្រាន់​ក្នុង​ការ​សូលរួម​សវនាការ៖ «អង្គ​ជំនុំជម្រះ​សាលាដំបូង​តម្កល់​នូវ​សេចក្តី​សម្រេច​របស់​ខ្លួន​ពី​ពេល​កន្លង​ទៅ ដែល​បាន​ថា ជន​ជាប់​ចោទ នួន ជា មាន​កាយ​សម្បទា និង​សតិ​បញ្ញា​ស្មារតី​គ្រប់គ្រាន់ ក្នុង​ការ​ចូលរួម​សវនាការ។ សេចក្ដី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ ដែល​មាន​សម្អាង​ហេតុ​ពេញលេញ​លើ​បញ្ហា​នេះ នឹង​ចេញ​នា​ពេល​សម​ស្រប​ឆាប់ៗ ខាង​មុខ​នេះ»។

លោក​ចៅក្រម និល ណុន ថ្លែង​ថា ការ​សម្រេច​នេះ គឺ​ផ្អែក​លើ​ការ​សន្និដ្ឋាន របាយការណ៍ និង​សក្ខីកម្ម​ថ្មីៗ របស់​អ្នក​ជំនាញ ដែល​បញ្ជាក់​ច្បាស់​ថា ជន​ជាប់​ចោទ នួន ជា នៅ​តែ​មាន​សម្បទា​ចូលរួម​សវនាការ​ប្រកប​ដោយ​អត្ថន័យ ថ្វី​បើ​ជន​ជាប់​ចោទ​រូប​នេះ​មាន​អាយុ​ច្រើន និង​រាង​កាយ​ទន់​ខ្សោយ​ក៏​ដោយ។

ទោះ​ជា​ដូច្នេះ​ក្ដី ជន​ជាប់​ចោទ នួន ជា ដែល​មាន​វ័យ ៨៦​ឆ្នាំ បាន​លះបង់​សិទ្ធិ​ចូល​រួម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ព្រោះ​ហេតុផល​មាន​បញ្ហា​សុខភាព​ដដែល។

ក្រៅ​ពី​ការ​ប្រកាស​អំពី​បញ្ហា​សុខភាព​របស់​ជន​ជាប់​ចោទ នួន ជា អង្គ​ជំនុំជម្រះ​សាលា​ដំបូង ក៏​សម្រេច​រក្សា​ទុក​ការ​បំបែក​សំណុំ​រឿង​លេខ ០០២ ដែរ គឺ​ដើម្បី​ជា​ការ​ពន្លឿន​ការ​ជំនុំជម្រះ​ឱ្យ​ឆាប់​បាន​ចេញ​សាល​ក្រម។

លោក​ចៅក្រម និល ណុន ប្រកាស​ថា ការ​តម្កល់​ទុក​សេចក្ដី​សម្រេច​នេះ គឺ​ទាក់ទង​នឹង​ការ​បំបែក​នីតិវិធី​ជំនុំជម្រះ គឺ​សំណុំរឿង ០០២/០១ ដែល​ត្រូវ​ជំនុំជម្រះ​លើ​បទ​ឧក្រិដ្ឋ​ជម្លៀស​ពលរដ្ឋ​លើក​ទី​១ និង​ទី​២ និង​ការ​សម្លាប់​មនុស្ស​មួយ​កន្លែង​ឈ្មោះ​ទួល​ពោធិ៍ជ្រៃ៖ «អង្គ​ជំនុំជម្រះ​សាលា​ដំបូង សម្រេច​តម្កល់​នូវ​ដីកា​បំបែក​កិច្ចដំណើរការ​នីតិវិធី​សវនាការ​របស់​ខ្លួន​ដែល​បាន​ចេញ​កាលពី​លើក​មុន ដោយ​អនុលោម​តាម​វិធាន ៨៩ ស្ទួន ២ នៃ​វិធាន​ផ្ទៃក្នុង ដោយ​កំណត់​វិសាលភាព​នៃ​ការ​ជំនុំជម្រះ នៅ​ដំណាក់​កាល​ដំបូង​ក្នុង​សំណុំរឿង​០០២ គឺ​សំណុំរឿង ០០២/០១ ត្រឹម​តែ​លើ​ការ​ជម្លៀស​ប្រជាជន​ក្នុង​ដំណាក់​កាល​ទី ១ និង​ក្នុង​ដំណាក់​កាល​ទី ២ និង​ទីតាំង​សម្លាប់​មនុស្ស នៅ​ទួល​ពោធិ៍​ជ្រៃ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ចៅក្រម និល ណុន ថ្លែង​ថា សេចក្ដី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ​លើ​បញ្ហា​ទាំង​ពីរ​នេះ នឹង​ប្រកាស​នៅ​ក្នុង​ពេល​សមស្រប​ឆាប់ៗ​ខាង​មុខ​នេះ។

ទន្ទឹម​គ្នា​ដែរ លោក​ចៅក្រម​ជូន​ដំណឹង​ថា សវនាការ​ពិនិត្យ​ភស្តុតាង​លើ​សំណុំរឿង ០០២/០១ ដែល​ត្រូវ​សាក្សី​បន្ត​នឹង​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​មេសា ឆ្នាំ​២០១៣។

រី​ឯ​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​ចុង​សប្ដាហ៍​នេះ គឺ​បញ្ហា​ថវិកា​វិញ សម្រាប់​បុគ្គលិក​ខាង​ភាគី​ខ្មែរ ត្រូវ​បាន​ការិយាល័យ​រដ្ឋបាល​សាលាក្ដី​ជូន​ដំណឹង​ថា ពួក​គាត់​នឹង​ទទួល​បាន​រហូត​ដល់​ចុង​ខែ​មេសា ឆ្នាំ​២០១៣។

នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ចុង​សប្ដាហ៍​នេះ មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា ថ្លែង​ថា ឱ្យ​ដឹង​ថា ខាង​ភាគី​អន្តរជាតិ​បាន​សម្រេច​ផ្ដល់​ថវិកា​សង្គ្រោះ​បន្ទាន់​មួយ​ចំណែក​សម្រាប់​បើក​ប្រាក់​ខែ​ឱ្យ​បុគ្គលិក​ខាង​ភាគី​ខ្មែរ ដែល​មិន​បាន​បើក​ចាប់​តាំង​ពី​ខែ​មករា​មក។

លោក នេត្រ ភក្ត្រា ថ្លែង​បន្ត​ថា ការ​ទទួល​បាន​ថវិកា​សង្គ្រោះ​បន្ទាន់​នេះ គឺ​នឹង​ជួយ​មន្ត្រី​បុគ្គលិក​បាន​ទទួល​ប្រាក់​ខែ និង​មាន​កិច្ច​សន្យា​ការងារ​ឡើង​វិញ បន្ទាប់​ពី​មិន​បាន​ទទួល​អស់​រយៈ​ពេល​បី​ខែ​កន្លង​មក។ លោក​ថ្លែង​បន្ត​ថា ជំនួយ​ថវិកា​នេះ ធ្វើ​ឱ្យ​បុគ្គលិក​ភាគី​ខ្មែរ​មាន​កិច្ច​សន្យា​ការងារ​ជា​ថ្មី​នៅ​សប្ដាហ៍​ក្រោយ​ដែរ​ហើយ​ថ្ងៃ​ទី​១ មេសា ដែល​ជា​ថ្ងៃ​គ្រោង​ធ្វើ​ពហិការ​ផ្អាក​ការងារ​នឹង​ក្លាយ​ទៅ​ជា​ថ្ងៃ​ដែល​បុគ្គលិក​នាំ​គ្នា​ចូល​បំពេញ​ការងារ​ជា​ធម្មតា​ឡើង​វិញ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។