អតីត​និស្សិត​ចាម​និង​បញ្ញវន្ត​ខ្លះ​ធ្វើ​យុទ្ធនាការ​១០០​លាន​រៀល​ដើម្បី​ជួយ​លោក អះម៉ាត់ យ៉ះយ៉ា

រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។
រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ (RFA/Leng Maly)

0:00 / 0:00

ក្រុម​អតីត​និស្សិត​ជនជាតិ​ចាម និង​បញ្ញវន្ត​មួយ​ចំនួន កំពុង​ធ្វើ​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់ ១០០​លាន​រៀល ជួយ​ដល់​លោក អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ដើម្បី​សង​លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ដែល​ជា​អ្នក​ឈ្នះ​ក្ដី​រឿង​បរិហារកេរ្តិ៍។ ក្រុម​យុវជន​ទាំង​នោះ​កំពុង​ធ្វើ​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​តាម​ហ្វេសប៊ុក (Facebook) ផង និង​ដោយ​ផ្ទាល់​ផង។

"យើង​រួម​គ្នា​ជួយ​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ពិត​ដើម្បី​ការពារ​ផលប្រយោជន៍​រួម" គឺ​ជា​ពាក្យ​ដែល​ក្រុម​អតីត​និស្សិត​ជនជាតិ​ចាម បាន​លើក​មក​និយាយ​នៅ​ក្នុង​ហ្វេសប៊ុក ដើម្បី​ធ្វើ​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​ចំនួន ១០​លាន​រៀល​ជួយ​ដល់​លោក អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ដែល​

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ឲ្យ​ចាញ់​ក្ដី​លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ។

ក្រុម​អតីត​និស្សិត​នេះ បាន​ធ្វើ​យុទ្ធនាការ​រៃអង្គាស​ប្រាក់ អ្នក​ខ្លះ​ស្ម័គ្រចិត្ត​ជួយ​ពី ២​ម៉ឺន​រៀល ដល់ ១០​ម៉ឺន​រៀល អ្នក​ខ្លះ​ទៀត​លើស​ពី​នេះ។ ការ​ចូលរួម​ថវិកា​នេះ ដោយ​ពួកគេ​បាន​លើក​ឡើង​ថា ពួកគាត់​ត្រូវ​ផ្ដល់​កម្លាំងចិត្ត​ដល់​លោក អះម៉ាត់ យ៉ះយ៉ា នៅ​ពេល​ឃើញ​លោក​ហ៊ាន​និយាយ​ការពិត ដើម្បី​ការពារ​ផលប្រយោជន៍​រួម​ហើយ​ត្រូវ​គេ​ប្ដឹង។ ក្រុម​យុវជន​ទាំង​នោះ​លើក​ឡើង​ថា ពួកគេ​ក៏​ជំទាស់​គម្រោង​ធ្វើ​ផ្លូវ​ពុះ​ដី​វិហារ​បឹងកក់ ដែរ ហើយ​ការ​ជួយ​រៃ​អង្គាស​ប្រាក់​ជួយ​លោក អះម៉ាត់ យ៉ះយ៉ា នៅ​ពេល​នេះ ក៏​ដោយសារ​តែ​លោក​ជំទាស់​គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ ដែល​ជា​ទ្រព្យ​សម្មតិ​រួម​របស់​អ្នក​កាន់​សាសនា​ឥស្លាម។

អតីត​ប្រធាន​ក្រុម​និស្សិត​ខ្មែរ​ឥស្លាម​នៃ​សាកលវិទ្យាល័យ​ន័រតុន លោក ស្លេះ ណាហ្សី មាន​ប្រសាសន៍​ថា ក្រុម​អតីត​និស្សិត​នឹង​ដើរ​ធ្វើ​យុទ្ធនាការ ១០០​លាន​រៀល​នេះ នៅ​តាម​បណ្ដា​ភូមិ​ជនជាតិ​ចាម​នីមួយៗ​នៅ​ទូទាំង​ប្រទេស។ លោក​បញ្ជាក់​ថា ជនជាតិ​ចាម រស់​នៅ​ភូមិ​នីមួយៗ​រីករាយ​នឹង​សហការ​កម្មវិធី​នេះ៖ «យុទ្ធនាការ​ហ្នឹង​ដំបូង​ឡើយ​យើង​ធ្វើ​តាម​ហ្វេសប៊ុក​សិន ហើយ​នៅ​ពេល​បង​ប្អូន​នៅ​តាម​ខែត្រ​ចង់​ចូលរួម​យើង​ស្វាគមន៍ ហើយ​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ យើង​ឃើញ​មាន​បងប្អូន​នៅ​តាម​ខែត្រ​បាន​ទូរស័ព្ទ​មក​សួរ​នាំ​ច្រើន​ថា តើ​យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា? យើង​នឹង​ចាប់​ផ្ដើម​នៅ​ពេល​មាន​សាលដីកា​ចុង​ក្រោយ»

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា បាន​បង្គាប់​ឱ្យ​លោក អះម៉ាត់ យ៉ះយ៉ា បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ១០០​លាន​រៀល ទៅ​ឱ្យ​លោក អូស្មាន ហាស្សាន់ ជា​ភាគី​ដើម​ចោទ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ដាក់​ចូល​ថវិកា​ជាតិ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ មេសា ឆ្នាំ​២០១៦។

ការ​ប្រកាស​សាលក្រម​នេះ នៅ​ក្រោយ​ពេល​សាលាដំបូង​បាន​បើក​សវនាការ​ជំនុំជម្រះ​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ដែល​លោក អះម៉ាត់ យ៉ះយ៉ា គ្មាន​មេធាវី​ការពារ​ក្ដី ដោយសារ​គ្មាន​លុយ​ជួល​មេធាវី។ រី​ឯ​លោក អូស្មាន ហាស្សាន់ វិញ មាន​មេធាវី​ការពារ​ក្ដី​ចំនួន​ពីរ​រូប។

លោក អះម៉ាត់ យ៉ះយ៉ា បាន​ច្រានចោល​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ក្រោយ​ពេល​តុលាការ​ប្រកាស​សាលក្រម។ លោក​សោកស្ដាយ​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ក្តី​មិន​ឈរ​លើ​យុត្តិធម៌ និង​ភស្តុតាង​ត្រឹមត្រូវ​បែប​នេះ៖ «យើង​មាន​ភស្តុតាង​គ្រប់គ្រាន់ ប៉ុន្តែ​ខ្ញុំ​អត់​យល់ ខ្ញុំ​ដឹង ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែល​តុលាការ​កាត់​ឲ្យ​ខ្ញុំ​ចាញ់​ទៅ​វិញ តើ​តុលាការ​កាត់​សំអាង​លើ​ស្អី? ក្រែង​តុលាការ​កាត់​សេចក្ដី​យោង​លើ​ភស្តុតាង? ខ្ញុំ​អត់​យល់​សោះ ឥឡូវ​ហ្នឹង ខ្ញុំ​មាន​ភស្តុតាង»

ក្រោយ​ពី​តុលាការ​ប្រកាស​សាលក្រម​ឲ្យ​លោក អះម៉ាត់ យ៉ះយ៉ា ចាញ់​ក្ដី លោក អូស្មាន ហាស្សាន់ នោះ លោក​បាន​បកស្រាយ​បញ្ហា​នេះ​ថត​ជា​វីដេអូ ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​លោក​ថែម​ទាំង​បាន​បង្ហាញ​ឯកសារ​ភស្តុតាង​ដែល​ជា​គម្រោង​ប្លង់​គូរ​ពុះ​ផ្លូវ​កាត់​វិហារ​បឹងកក់ និង​គម្រោង​សាងសង់​អគារ​ខុនដូ​ទំនើប​នៅ​ក្នុង​បរិវេណ​នោះ​ផង ដែល​លោក​អះអាង​ថា ជា​គម្រោង​ដែល​លោក អូស្មាន ហាស្សាន់ និង​សហការី​គូរ​ផ្ញើ​ទៅ​សាលា​រាជធានី​ភ្នំពេញ៖ «យើង​បាន​ទៅ​ប្រជុំ​នៅ​ថ្ងៃ​ទី​១៣ ខែ​៣ ឆ្នាំ​២០១៣ សាលា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ខ្ញុំ អូស្មាន ហាស្សាន់ មូហ្វទី ។ល។ និង ។ល។ ចូល​ក្នុង​អង្គប្រជុំ ហើយ​គេ​ចែក​ឯកសារ​នេះ​ក្នុង​អង្គប្រជុំ ហើយ​ខ្ញុំ​បាន​សួរ អូស្មាន ហាស្សាន់ ថា អ្នក​ណា​ជា​អ្នក​គូរ​ប្លង់​នេះ អូស្មាន ហាស្សាន់ បាន​ឆ្លើយ​ប្រាប់​ខ្ញុំ​ខ្សឹបៗ​តិចៗ​ថា ខ្ញុំ​និង​សហការី​ជា​អ្នក​គូរ (ប្លង់) ហើយ​ជា​ការ​ពិត​ខ្ញុំ​សូម​អាន​ឯកសារ​នេះ​ជូន​ផ្ទៃដី​ដែល​វិហារ​ឥស្លាម ដែល​ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ មាន​ផ្ទៃ​ដី​បំពេញ​ជុំវិញ​ទំហំ ៤៨៣០.៤០​ម៉ែត្រ​ការ៉េ ស្នើ​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ជា​អ្នក​សម្រេច»

រដ្ឋ​លេខាធិការ​ក្រសួង​ការងារ លោក អូស្មាន់ ហាស្សាន់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev
រដ្ឋ​លេខាធិការ​ក្រសួង​ការងារ លោក អូស្មាន់ ហាស្សាន់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev (RFA/Brach Chev)

លោក អះម៉ាត់ យ៉ះយ៉ា ឲ្យ​ដឹង​ថា លោក​នឹង​រក​មេធាវី​ដើម្បី​ដាក់ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ឆាប់ៗ​នេះ។ លោក​បញ្ជាក់​ថា មូលហេតុ​សំខាន់​ដែល​លោក អូស្មាន ហាស្សាន់ ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​នោះ គឺ​ក្រោយ​ពី​លោក​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ ដោយ​លោក​លើក​ឡើង​ថា លោក អូស្មាន ហាស្សាន់ ជា​អ្នក​គូរ​ប្លង់​ពុះ​ដី​វិហារ​បឹងកក់ និង​គ្រោង​សាងសង់​អគារ​ខុនដូ​ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដោះដូរ​មាន​ផល​ប្រយោជន៍ តែ​លោក​មិន​បាន​ចោទ​ថា លោក អូស្មាន ហាស្សាន់ ជា​អ្នក​បាន​ផលប្រយោជន៍​នោះ​ទេ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អូស្មាន ហាស្សាន់ ធ្លាប់​បាន​បដិសេធ​ថា លោក​មិន​មែន​ជា​អ្នក​ស្នើ​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ គឺ​សាលា​រាជធានី​ភ្នំពេញ ទៅ​វិញ​ទេ ដែល​ជា​អ្នក​ស្នើ​សុំ​ពុះ​ដី​កាត់​វិហារ បឹង​កក់​នេះ៖ «បើ ​សិន​ណា​ជា​លោក​មិន​បាន​ឃើញ​លិខិត​គ្រប់​កុំ​អាល​ផ្សាយ​ទៅ​វា​ល្អ​ជាង វា​មាន​លិខិត​ពី​ដើម​មក​ទើប​មាន​អា​ក្រោយ​ហ្នឹង។ ហ្សាការីយ៉ា៖ ឯកឧត្ដម​អាច​បញ្ចេញ​លិខិត​ពី​ដើម​មក​បាន​ទេ? អូស្មាន ហាស្សាន់៖ សាលាក្រុង​មាន​ទៅ​យក​ទៅ។ ហ្សាការីយ៉ា៖ អ៊ីចឹង​លិខិត​នោះ មិន​មែន​ឯកឧត្ដម​ជា​អ្នក​ស្នើ​សុំ​ឲ្យ​ពុះ​ផ្លូវ​ទេ? អូស្មាន ហាស្សាន់៖ មិន​មែន​ទេ គឺ​សាលាក្រុង​គាត់​ស្នើ​សុំ​បើក​ផ្លូវ​ហ្នឹង បន្ទាប់​ពី​អភិវឌ្ឍន៍​តំបន់​បឹងកក់ អ៊ីចឹង​វា​មាន​ផ្លូវ R1, R2, R3, R4 នៅ​យើង​នេះ។ ហ្សាការីយ៉ា៖ អ៊ីចឹង​ឯកឧត្ដម​នឹង​ធ្វើ​ប្រជាមតិ​លើ​រឿង​ហ្នឹង? អូស្មាន ហាស្សាន់៖ អត់​ទេ យើង​គិត​ថា អ្វី​ដែល​យើង​ធ្វើ​ទៅ ព្រោះ​បើ​អាវ​យើង​ប្រឡាក់​យើង​ដឹង​តើ បើ​ប្រឡាក់​យក​ទៅ​បោក​ឲ្យ​ល្អ​ហើយ»

ទោះ​ជា​បែប​នេះ​ក្ដី នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ នាយក​រដ្ឋបាល​សាលា​រាជធានី លោក មាស ចាន់យ៉ាដា បញ្ជាក់​ថា គម្រោង​ធ្វើ​ផ្លូវ​នេះ គឺ​មាន​ការ​ឯកភាព​ពី​លោក អូស្មាន ហាស្សាន់ និង​លោក វ៉ាន់ ម៉ាត់៖ «យើង ​ទាំង​អស់​គ្នា​មិន​ឯកភាព​ថា មិន​ឲ្យ​ធ្វើ​ទេ។ សាលាក្រុង​គេ​ធ្វើ​សិទ្ធិ​លើ​គេ​ហើយ តែ​យើង​ខ្ញុំ​នឹង​តវ៉ា​ទៀត គឺ​តវ៉ា​ទៅ​សម្ដេច ហ៊ុន សែន ថា​តើ​សម្ដេច ហ៊ុន សែន គាត់​យល់​ព្រម​អត? តែ​ខ្ញុំ​ជឿជាក់​ថា សម្ដេច ហ៊ុន សែន នឹង​យល់​ព្រម​ធ្វើ​អ៊ីចឹង​ទេ»

ចំពោះ​គម្រោង​សាងសង់​អគារ​សម្រាប់​ជួល​នៅ​ក្នុង​បរិវេណ​វិហារ​បឹងកក់​វិញ លោក អូស្មាន ហាស្សាន់ ទទួល​ស្គាល់​ថា លោក​ពិត​ជា​មាន​គម្រោង​សាងសង់​អគារ​សម្រាប់​ជួល​មែន ដើម្បី​ស្វែង​រក​ចំណូល​ផ្គត់ផ្គង់​វិហារ៖ «ក្នុង​បរិវេណ​នោះ​នឹង​ធ្វើ​អ្វី​ដែល​រក​ចំណូល​បាន ដូចជា apartment ឬ Resort ដែល​រក​ចំណូល​បាន»

ទាក់ទង​នឹង​បញ្ហា​នេះ ទាំង​គម្រោង​ផ្លូវ​ពុះ​ដី​វិហារ​បឹងកក់ និង​គម្រោង​សាងសង់​អគារ​នៅ​ក្នុង​បរិវេណ​នោះ សាសនិក​ឥស្លាម​ដែល​ជា​ចំណុះ​វិហារ​បឹងកក់ ស្ទើរ​តែ​ទាំង​អស់​មិន​គាំទ្រ​ឡើយ។ នៅ​រៀងរាល់​ថ្ងៃ​សុក្រ កាល​ពី​ខែ​មេសា ដែល​ជា​ពេល​តវ៉ា​ឥត​ឈប់ឈរ​នៅ​ពេល​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ទៅ​វាយ​របង​វិហារ​នោះ គឺ​ពួកគេ​បាន​នាំ​គ្នា​តវ៉ា និង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ពុះ​ធ្វើ​ផ្លូវ ឬ​សាងសង់​អ្វី​នៅ​ក្នុង​បរិវេណ​នោះ​ឡើយ។

សាសនិក​ឥស្លាម​នៅ​ភូមិ​ពង្រ ស្រុក​ឆ្លូង ខែត្រ​ក្រចេះ លោក លី ជិ ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ភូមិ​របស់​លោក​ស្ទើរ​តែ​ទាំង​អស់​មិន​គាំទ្រ​ចំពោះ​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិវេណ​វិហារ​បឹងកក់​ទេ កុំ​ថា​ឡើយ​ដល់​ទៅ​ពុះ​ផ្លូវ​កាត់​វិហារ​បឹងកក់។ លោក​បញ្ជាក់​ថា ពួក​លោក​ក៏​នឹង​ចូលរួម​ធ្វើ​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ដល់​លោក អះម៉ាត់ យ៉ះយ៉ា ដែរ ព្រោះ​ថា លោក​ជា​អ្នក​ដែល​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ពុះ​ដី​វិហារ​បឹងកក់ ដោយសារ​ដី​វិហារ​ឥស្លាម​មិន​ខុស​ពី​ដី​វត្ត​ព្រះពុទ្ធ​សាសនា​ដែរ គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ជ្រៀតជ្រែក ឬ​ចង់​យក​អភិវឌ្ឍន៍​ធ្វើ​អ្វី​នោះ​ឡើយ៖ «ខ្ញុំ ​យល់​ឃើញ​ថា លោក អះម៉ាត់ យ៉ះយ៉ា បាន​ជួយ​គេ​ជា​ច្រើន ដូចជា​ជួយ​និស្សិត បង់​សាលា​ឲ្យ​និស្សិត ហើយ​ថវិកា​ដែល​លោក​រក​បាន​មក លោក​តែងតែ​ជួយ​ក្នុង​ផល​ប្រយោជន៍​រួម»

ក្រុម​អតីត​និស្សិត និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ពួកគាត់​នឹង​ជំទាស់​គម្រោង​ធ្វើ​ផ្លូវ​នេះ​ដល់​ទី​បញ្ចប់ ហើយ​ពួកគេ​ក៏​នឹង​ធ្វើ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​ឲ្យ​បាន​គ្រប់ ១០០​លាន​រៀល បើសិនជា​សាលាឧទ្ធរណ៍​នៅ​តែ​កាត់​ឲ្យ​លោក អះម៉ាត់ យ៉ះយ៉ា ចាញ់​ក្ដី​លោក អូស្មាន ហាស្សាន់ ទៀត​នោះ ដោយសារ​ថា នៅ​ក្នុង​ច្បាប់​ឥស្លាម​ចាត់​ទុក​ដី​បរិវេណ​វិហារ ដូច​វិហារ​ដែរ ដែល​មិន​អនុញ្ញាត​ឲ្យ​ពុះ ឬ​កាត់​ច្រៀក​ធ្វើ​អ្វី​ទេ ក្រៅ​ពី​តម្រូវការ​ចាំបាច់​របស់​សាសនា​ឥស្លាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។