ក្រុម​អតីត​ស្ត្រី​បឹងកក់​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​រឿង​ផ្ដល់​កម្ចី​ឲ្យ​រដ្ឋាភិបាល

0:00 / 0:00

ក្រុម​អតីត​ស្ត្រី​បឹងកក់ ដែល​ត្រូវ​គេ​បណ្ដេញ​ដោយ​បង្ខំ​ប្រមាណ ៣០​នាក់ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា នាំ​គ្នា​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) បន្ទាប់​ពី​ដឹង​ថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​មិន​ខ្វាយខ្វល់​ពី​ញត្តិ​របស់​ពួក​គេ​ដែល​ដាក់​អស់​ជាច្រើន​ខែ​មក។ ចំណែក​មន្ត្រី​ធនាគារ​ពិភពលោក ឆ្លើយតប​ថា សំណើ​ទាំងនោះ ធនាគារ​ពិភពលោក​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា រួច​រាល់​ហើយ។

ការ​ធ្វើ​ពិធី​ដាក់​បណ្ដាសា​នេះ បន្ទាប់​ពី​ពួក​គេ​ដឹង​ថា ធនាគារ​ពិភពលោក​នៅ​តែ​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ថ្មី​ទៀត​នូវ​ទឹកប្រាក់​ប្រមាណ ១៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ពួក​គាត់​យល់​ថា ដោយសារ​តែ​ទឹកប្រាក់​របស់​ធនាគារ​ពិភពលោក ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​យក​មក​អភិវឌ្ឍ​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ដីធ្លី ផ្ទះ​សម្បែង និង​មុខ​របរ​ចិញ្ចឹម​ជីវិត រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ការ​ធ្វើ​ពិធី​ដុត​ធូប​ដាក់​បណ្ដាសា​នេះ គឺ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​ក្រុម​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ជាច្រើន​នាក់។

តំណាង​អតីត​ស្ត្រី​នៅ​តំបន់​បឹងកក់ កញ្ញា អ៊ឹម ស្រីទូច និយាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​ឈាន​ដល់​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​នៅ​ពេល​នេះ ដោយសារ​តែ​ការ​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​របស់​ស្ថាប័ន​មួយ​នេះ ចូលរួម​ចំណែក​បង្ក​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ច្រើន​ឡើង ជាពិសេស​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី៖ « នៅ​ឆ្នាំ​២០១៣ គាត់​បាន​សន្យា​ដោះស្រាយ​បញ្ហា​ ឲ្យ​ពួក​យើង តែ​ មក​ដល់ ​ឆ្នាំ​២០១៦ ហើយ​អត់​ មាន​បាន ​ដំណោះស្រាយ​មួយ​គ្រួសារ​ណា​សោះ ស្រាប់​តែ​ គាត់​ បែរ​ជា ​ផ្ដល់​លុយ​មក​ឲ្យ​រដ្ឋាភិបាល​ទៀត។ អ៊ីចឹង​ធនាគារ​ពិភពលោក មាន​ចេតនា​សម្លាប់​ពលរដ្ឋ​ខ្មែរ ចឹង​យើង​ដាក់​បណ្ដាសា​សូម​ឲ្យ​ធនាគារ​ពិភពលោក ត្រូវ​តែ​វិនាស​ រលាយ​ ផុត​ពី ​ប្រទេស​កម្ពុជា ឆាប់ៗ​ចា៎ »

ឆ្លើយតប​នឹង​ការ​ទាមទារ​នេះ មន្ត្រី​ព័ត៌មាន​ប្រចាំ​ការិយាល័យ​ធនាគារ​ពិភពលោក​នៅ​កម្ពុជា លោក ប៊ូ សារឿន និយាយ​ថា ប្រធាន​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក អ្នកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) បាន​ផ្ដល់​ព័ត៌មាន​ពី​រឿង​ញត្តិ​របស់​អ្នក​បឹងកក់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​រួច​ហើយ។ លោក ប៊ូ សារឿន ថា​ការ​ទាមទារ​របស់​អ្នក​បឹងកក់​ដែល​ចង់​ជួប​អ្នកស្រី អ៊ីហ្គូណា ដូប្រាចា មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។

លោក ប៊ូ សារឿន ស្នើ​ឲ្យ​អតីត​ស្ត្រី​អ្នក​បឹងកក់​ពិចារណា​ឡើង​វិញ រឿង​ទាមទារ​ឲ្យ​ធនាគារ​ពិភពលោក​ឈប់​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​ដល់​កម្ពុជា៖ « បង​ដឹង​ហើយ​បន្ទាប់​ពី​យើង​បាន​ធ្វើ​ការ​ពិគ្រោះ​យោបល់​ប្រជាជន​ជាង ៦០០​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​ មាន​តម្រូវ​ការ ច្រើន​ណាស់ មាន​តម្រូវ​ ការ​អប់រំ ក្មេងៗ​តាម​ជនបទ​អត់​មាន​ សាលា​រៀន ហើយ​អ្នក​ឈឺ​នៅ​តាម​ជនបទ​អត់​មាន​ការ​ព្យាបាល សុទ្ធតែ​ជា ​រឿង​មួយ​ដែល​ប្រទេស​ខ្មែរ​ ត្រូវ​ការ ​ចាំបាច់ ហើយ​ បង​កាត់​អា​ហ្នឹង ​ដាច់​ប៉ាត់ បង​គិត​មើល ! តើ​ ប្រជាជន​មាន ​បញ្ហា​ កម្រិត​ណា ? ហើយ​ខ្ញុំ​ដឹង​ថា​រឿង​របស់​បង​ថា​មាន​រឿង​ហើយ »

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ធនាគារ​ពិភពលោក​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​ដល់​រដ្ឋាភិបាល​កម្ពុជា ចំនួន ១៣០​លាន​ដុល្លារ​លើ​គម្រោង​ចំនួន​៤ រួម​មាន​ផ្លូវ​ថ្នល់ ទឹក កសិកម្ម និង​សុខាភិបាល សម្រាប់​ឆ្នាំ​២០១៦-២០១៧។ កម្មវិធី​ទាំងនោះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ធនាគារ ដើម្បី​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​អត្រា​ក្រីក្រ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ១% ក្នុង​មួយ​ឆ្នាំៗ។

គម្រោង​ទាំងនោះ​ផ្ដោត​លើ​គម្រោង​សមធម៌ និង​ការ​លើក​កម្ពស់​គុណភាព​សុខភាព គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ គម្រោង​គ្រប់គ្រង​ផ្លូវ​ថ្នល់​ទី​២ ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​លើ​ផ្លូវ​ជាតិ​ក្នុង​ខេត្ត​កំពត ព្រះសីហនុ ត្បូងឃ្មុំ និង​ខេត្ត​ក្រចេះ គម្រោង​បែងចែក​ដី​សម្រាប់​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្ដល់​ជូន​សម្រាប់​សេវា​បណ្ដុះបណ្ដាល​វិស័យ​កសិកម្ម​ដល់​ប្រជាជន​ក្នុង​សហគមន៍​ចំនួន​១៤ នៅ ៥​ខេត្ត ដែល​មាន​ប្រជាជន​ច្រើន​ជាង ៥.០០០​គ្រួសារ។

កាល​ពី​ឆ្នាំ​២០១១ ធនាគារ​ពិភពលោក បាន​ប្ដេជ្ញា​ថា ខ្លួន​នឹង​អាច​បន្ត​ប្រាក់​ជំនួយ លុះត្រា​តែ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​សំណង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ​ដែល​ត្រូវ​បាន​គំរាម​កំហែង និង​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន។

ទោះ​បី​ជា​មាន​ការ​ពន្យល់​ពី​មន្ត្រី​ធនាគារ​ពិភពលោក ពី​រឿង​ប្រាក់​កម្ចី​នេះ​យ៉ាង​ណា​ក្ដី ក្រុម​អតីត​ស្ត្រី​អ្នក​បឹងកក់​បញ្ជាក់​ថា ពួក​គេ​នឹង​បន្ត​ទាមទារ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ឈប់​ផ្ដល់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យខាងតែ​បាន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។