ពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លីមកពីឃុំតាជេស ខេត្តកំពង់ឆ្នាំង ប្រមាណ ៥០នាក់ តំណាងឲ្យពលរដ្ឋ ៩០គ្រួសារ ដើរដាក់ញត្តិតាមបណ្ដាស្ថានទូតមួយចំនួន ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ដើម្បីសុំអន្តរាគមន៍លើជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។ ការដាក់ញត្តិនេះ គឺបន្ទាប់ពីពួកគាត់មិនឃើញមានដំណោះស្រាយណាមួយដែលអាចជឿជាក់បានពីខាងគណៈកម្មការទី១នៃរដ្ឋសភាអស់ជាច្រើនខែមក។
តំណាងអ្នកភូមិឡពាង លោកស្រី អ៊ុំ សុភី ស្នើសុំឲ្យបណ្ដាស្ថានទូតទាំងអស់ជួយរារាំងវិនិយោគទុនវៀតណាម មិនឲ្យជួល ឬទិញដីនៅក្នុងទីតាំងវាលប៉ារ៉ាម ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ពីអ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ «នាងខ្ញុំសង្ឃឹមថា ទូតទាំងអស់ ធ្វើអន្តរាគមន៍ និងប្រាប់ប្រជាពលរដ្ឋរបស់ខ្លួនមិនឲ្យទៅវិនិយោគទុនទៅលើដីរបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី ទេ ព្រោះក្រុមហ៊ុន ខេ.ឌី.ស៊ី គឺជាអ្នករំលោភបំពានញើសឈាមរបស់អ្នកឡពាង ជាអ្នកប្លន់ទឹកដីរបស់អ្នកឡពាង ធ្វើឲ្យអ្នកឡពាងវេទនា អស់ជាង ១០ឆ្នាំហើយ មិនព្រមដោះស្រាយអ្វីទាល់តែសោះ ដោះស្រាយហើយក៏មិនសមរម្យសម្រាប់ប្រជាពលរដ្ឋក្រីក្រដូចខ្ញុំដែរ»។
មន្ត្រីកម្មវិធីផ្នែកអភិបាលកិច្ចល្អនិងសិទ្ធិមនុស្សនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក សុង វណ្ណស៊ីន ចេញមកទទួលញត្តិពីអ្នករងគ្រោះដីធ្លី ដោយនិយាយថា លោកនឹងយកញត្តិដាក់ជូនអគ្គរដ្ឋទូត សហភាពអឺរ៉ុប។
អ្នកមានជម្លោះដីធ្លីមកពីឃុំតាជេស បានដើរដាក់ញត្តិ ១១ស្ថានទូត មានស្ថានទូតអាមេរិក សហភាពអឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងស្ថានទូតថៃ។ ដោយឡែកស្ថានទូតវៀតណាម មិនព្រមទទួលយកញត្តិពីអ្នកឡពាង ដោយអ្នកយាមតម្រូវឲ្យពួកគាត់ទៅរកដំណោះស្រាយពីអាជ្ញាធរវិញ។
បន្ទាប់ពីដាក់ញត្តិនៅសហភាពអឺរ៉ុប កងកម្លាំងសន្តិសុខខណ្ឌដូនពេញ និងមន្ត្រីនគរបាលស៊ីវិលជាច្រើននាក់ ដើរតាមឃ្លាំមើលអ្នកឡពាង ចាប់ពីការិយាល័យសភាពអឺរ៉ុប រហូតមកដល់ស្ថានទូតអាមេរិក។ ជម្លោះដីធ្លីរវាងអ្នកភូមិឡពាង និងអ្នកស្រី ជា ខេង បានអូសបន្លាយអស់ជិត ១០ឆ្នាំ ប៉ុន្តែដំណោះស្រាយសម្រាប់អ្នកឡពាង នៅមិនទាន់លេចចេញជាផ្លែផ្កានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។