មនុស្ស​ជាង​២០​នាក់​រង​របួស​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​ភូមិ​ឡពាង​និង​កម្មករ​ក្រុមហ៊ុន

0:00 / 0:00

មនុស្ស​ជាង ២០​នាក់​រង​របួស​ស្រាល ដោយសារ​ចម្ពាម​កៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម នៅ​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​តាជេស ក្នុង​ខេត្ត​កំពង់ឆ្នាំង ជាមួយ​កម្លាំង​កម្មករ​ស៊ី​ឈ្នួល​កាប់​ព្រៃ និង​ធ្វើ​របង​ឲ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​បាន​ឃ្លាំ​មើល​សកម្មភាព​នេះ បាន​រិះគន់​សមត្ថកិច្ច​ថា​មិន​សូវ​អើពើ និង​ទុក​ឲ្យ​ស្ថានភាព​ប៉ះ​ទង្គិច​គ្នា​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។

ការ​ប៉ះ​ទង្គិច​គ្នា បាន​ចាប់​ផ្ដើម​តាំង​ពី​ម៉ោង​ប្រហែល​ជា ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៧ ខែ​កក្កដា បន្ត​រហូត​មក​ដល់​ម៉ោង​ជិត ៤​រសៀល បណ្ដាល​ឲ្យ​ខាង​អ្នក​ភូមិ​រង​របួស​ចំនួន ១៣​នាក់ និង​ខាង​កម្មករ​ក្រុមហ៊ុន​ចំនួន ១០​នាក់។ សកម្មភាព​ប្រើ​ចម្ពាម​ដេញ​បាញ់​គ្នា​ចុះ​ឡើង​នេះ គឺ​នៅ​បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​ព្យាយាម​វាយ​ទម្លុះ​របង​ក្រុមហ៊ុន ដែល​ពួក​គាត់​អះអាង​ថា កំពុង​ធ្វើ​រំលោភ​យក​ដី​របស់​ពួក​គាត់។

ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ភូមិ​បឹងកក់ អ្នកស្រី ប៊ិន អូន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុមហ៊ុន​ធ្វើ​របង​ព័ទ្ធ​ជាប់​លើ​ដី​កំពុង​មាន​ជម្លោះ​នោះ គឺ​ការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ជូន​អ្នក​ភូមិ​ហ្នឹង​កាន់​តែ​លំបាក។ អ្នកស្រី​សុខ​ចិត្ត​ប្ដូរ​ជីវិត​ក្នុង​សកម្មភាព​ហាម​ឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​របង​គ្រប់​ពេល លុះត្រា​តែ​មាន​ដំណោះស្រាយ​ផ្លូវ​ការ​ជា​មុន​សិន៖ «ខ្ញុំ​ចង់​ឲ្យ​ពូ ហ៊ុន សែន មក​ដោះស្រាយ​ឲ្យ​ខ្ញុំ​វិញ ហើយ​ជំទាវ​ហ្នឹង ពួក​ខ្ញុំ​ឈឺ​ចាប់​ណាស់​ដែល​យក​ដី​ពួក​ខ្ញុំ ហើយ​មាន​ជួល​កម្មករ​មក​បាញ់​ពួក​ខ្ញុំ​ទៀត ខ្ញុំ​ឈឺ​ចាប់​ណាស់ ខ្ញុំ​និយាយ​អត់​ចង់​កើត​ទេ ខ្ញុំ​ឈឺ​ចាប់​ណាស់»

ទាក់ទង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បង្ហើប​ថា ក្រុម​កម្មករ និង​អ្នក​ភូមិ​បាន​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក ក្រោយ​ពី​អ្នក​ភូមិ​វាយ​របង​ក្រុមហ៊ុន​ធ្លុះ​ជាច្រើន​កន្លែង។

ចំណែក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តាជេស លោក ជួប ចាន់ធឿន ថ្លែង​ដោយ​សុំ​មិន​ឲ្យ​ថត​សំឡេង​ថា កម្លាំង​សមត្ថកិច្ច​លោក​មិន​ហ៊ាន​ចូល​ទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ​នោះ​ទេ ដោយ​កន្លង​មក​ក្រុម​អ្នក​ភូមិ​ចោទ​សមត្ថកិច្ច​ថា​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន រួច​ក៏​នាំ​គ្នា​បាញ់​គ្រាប់​ចម្ពាម​ត្រូវ​ទាំង​សមត្ថកិច្ច​ទៀត​ផង។ លោក​សម្គាល់​ថា ក្រុម​អ្នក​ភូមិ​តែង​តែ​ពុះ​កញ្ជ្រោល​តវ៉ា​ខ្លាំង នៅ​ពេល​ដែល​មាន​មន្ត្រី​សិទ្ធិ​មនុស្ស ឬ​មន្ត្រី​គណបក្ស​ប្រឆាំង​ចូល​ទៅ​ឃ្លាំ​មើល​សកម្មភាព​ពួក​គាត់។

ការ​ប្រឈម​មុខ​ដាក់​គ្នា បាន​បញ្ចប់​នៅ​ម៉ោង​ជិត ៤​រសៀល បន្ទាប់​ពី​អធិការ​ស្រុក​កំពង់ត្រឡាច និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រហែល​ជា ៥០​នាក់ ចូល​ទៅ​អន្តរាគមន៍។ ចំណែក​រឿង​វាយ​របង​ទម្លុះ ក្រុម​អ្នក​ភូមិ​បាន​ចោទ​ក្រុម​កម្មករ​ក្រុមហ៊ុន​ជា​អ្នក​វាយ​មុន ដើម្បី​យក​ប្រឡោះ​បាញ់​ពួក​គាត់ ប៉ុន្តែ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ក្រុម​អ្នក​ភូមិ​ជា​អ្នក​វាយ​ទម្លុះ​របង​នោះ ដោយ​យោង​លើ​កម្ទេច​របង​ថ្ម​ខ្ទាត​ចូល​ផ្នែក​ខាង​ក្នុង​ដី​ក្រុមហ៊ុន។

អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា ថ្លែង​បញ្ជាក់​ថា ខាង​លោក​គ្រាន់​តែ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​កើត​ឡើង រវាង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន និង​អ្នក​ភូមិ​កើត​ឡើង​ប៉ុណ្ណោះ ចំពោះ​ដំណោះស្រាយ​រឿង​ដីធ្លី​យ៉ាង​ណា​នោះ គឺ​ជា​សមត្ថកិច្ច​របស់​ថ្នាក់​លើ៖ «ខ្ញុំ​រាយការណ៍​ជូន​ថ្នាក់​លើ ហើយ​ចាំ​មើល​ថ្នាក់​លើ​មាន​វិធានការ​យ៉ាង​ម៉េច? ប៉ុន្តែ​កម្លាំង​ដែល​ខ្ញុំ​មក​នេះ គឺ​រក្សា​ការពារ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ចង់​ឲ្យ​មាន​សណ្ដាប់ធ្នាប់ តែ​ឥឡូវ​វា​ដូច​ជា​បាត់​បង់​សណ្ដាប់ធ្នាប់​អស់​ហើយ វា​ទៅ​ជា​រញ៉េរញ៉ៃ​ពេញ​ហ្នឹង​ហើយ»

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា ការ​មិន​សូវ​អើពើ​របស់​សមត្ថកិច្ច គឺ​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។ លោក​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​ដាក់​គ្នា​ថា ប្រជាពលរដ្ឋ ឬ​ភាគី​ក្រុមហ៊ុន​ជា​អ្នក​ធ្វើ​បំពាន​ច្បាប់​នោះ គេ​គប្បី​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​សាល់ ទៅ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​ជា​មុន​សិន៖ «យក​តុលាការ​ធ្វើ​ជា​ដំណោះស្រាយ​ក្នុង​ការ​ប្ដឹង​ផ្ដល់​នោះ បាន​ន័យ​ថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ហើយ​គាត់​ត្រូវ​រងគ្រោះ​បន្ថែម​ទៀត អា​ហ្នឹង គឺ​ជា​ការ​ដាក់​បន្ទុក ឬ​ក៏​ជា​បញ្ឆេះ​កំហឹង​សម្រាប់​ប្រជាពលរដ្ឋ​ជា​បន្ត​ទេ​បាទ»

ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា និង​ប៉ះ​ទង្គិច​គ្នា​ដោយ​គ្រាប់​ចម្ពាម រវាង​ក្រុម​អ្នក​ភូមិ និង​ក្រុម​កម្មករ បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៤។ នៅ​អំឡុង​ពេល​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ ខាង​តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​ដីកា​កោះ​ហៅ​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់ គឺ​ទី​១​ឈ្មោះ ស្ងួន ញឿន ទី​២​ឈ្មោះ ស្រ៊ុន ផា និង​ទី​៣​ឈ្មោះ គុជ ហុក ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៤ ទាក់ទង​នឹង​សកម្មភាព​ដុត​រោង​ប្រក់​តង់​របស់​កម្មករ​ស៊ី​ឈ្នួល​កាប់​ព្រៃ និង​ធ្វើ​របង​ឲ្យ​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។