អគ្គស្នងការរងនគរបាលជាតិ ដែលរងការចោទថាបានជួយជនល្មើសរំលោភយកដីរបស់បងប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង ១០០ហិកតារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បដិសេធថា លោកមិនបានជួយជនណាម្នាក់ក្នុងការយកដីលោក ហ៊ុន សាន ទេ។ លោកថា នេះគឺជាការយល់ច្រឡំរបស់លោក ហ៊ុន សាន។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រាប់អាស៊ីសេរី ថា លោកបានជជែកជាមួយលោក ហ៊ុន សាន តាមទូរស័ព្ទរួចហើយ។ លោកថា លោកមិនបានដឹងរឿងដីជម្លោះនៅក្រុងប៉ោយប៉ែត ទេ ព្រោះលោកមិនបានដឹងថា ដីរបស់បងប្រុសលោកនាយករដ្ឋមន្ត្រីនៅទីណានោះទេ។ លោក ម៉ក់ ជីតូ បន្ថែមថា លោកគោរពលោក ហ៊ុន សាន ដូចឪពុកលោក ហើយជាង ៣០ឆ្នាំមកនេះ លោកមិនដែលប៉ះពាល់អ្វីជាមួយលោក ហ៊ុន សាន ឡើយ៖ « ៣០ឆ្នាំជាងហើយហ្នឹង មិនដែលប៉ះទង្គិចអីគាត់។ គាត់ចាស់ទុំព្រឹទ្ធាចារ្យរបស់យើងហើយហ្នឹង ហើយខ្ញុំទៅដណ្ដើមអីគាត់ ? បើខ្ញុំអត់ទៅដឹងរឿងអីផង ! មានគេទៅប្រាប់គាត់ថា ខ្ញុំចឹងហើយណា ខ្ញុំជួបគាត់ហើយ។ ខ្ញុំទូរស័ព្ទជម្រាបគាត់ហើយ គាត់ដឹងហើយតើ » ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើលិខិតរបស់លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ដោយចារបញ្ជូនទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ទាក់ទងនឹងការស្នើសុំដោះស្រាយជម្លោះដីធ្លីជាមួយលោក ម៉ក់ ជីតូ។
លិខិតនោះបញ្ជាក់ថា បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន សាន បានស្នើឲ្យលោក ស ខេង ណែនាំលោក ម៉ក់ ជីតូ ដែលបានការពារជនល្មើសរំលោភយកដីលោក និងដីកូនរបស់លោក ទំហំ ១១៩ហិកតារ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ថា ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចុះហត្ថលេខារួច លោកបានបញ្ជូនលិខិតនោះទៅលោក នេត សាវឿន រួចហើយកាលពីថ្ងៃទី៨ ឧសភា។
លិខិតចុះថ្ងៃទី២ ឧសភា របស់លោក ហ៊ុន សាន ដែលបានប្រើប្រាស់ក្បាលលិខិតផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រាប់លោក ស ខេង ថា ទង្វើរបស់លោក ម៉ក់ ជីតូ ការពារជនល្មើសរំលោភយកដីគ្រួសារលោកជាង ១០០ហិកតារ ធ្វើឲ្យបាត់បង់ភាពកក់ក្ដៅ ធ្លាក់ចុះប្រជាប្រិយភាព បាត់បង់សាមគ្គីផ្ទៃក្នុង ជំនឿទុកចិត្តក្នុងជួរបក្សកាន់អំណាច ពិសេសគឺចំពោះក្រុមគ្រួសារលោកដែលជាគ្រួសារថ្នាក់ដឹកនាំប្រទេស។ បងប្រុសលោកនាយករដ្ឋមន្ត្រីរូបនេះ ជំរុញឲ្យលោក ស ខេង ថ្កោលទោស និងចាត់វិធានការម៉ឺងម៉ាត់លើលោក ម៉ក់ ជីតូ។
សង្គមស៊ីវិលថា ការប្រើប្រាស់លិខិតរដ្ឋបាលរបស់ស្ថាប័នរដ្ឋដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ជាទង្វើខុសពីគោលការណ៍ និងលក្ខន្តិកៈមន្ត្រីរាជការ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន វិញ លោក វ៉ាស៊ឹម សូរិយា ប្រាប់ថា មិនបានដឹងរឿងលិខិតរបស់លោក ហ៊ុន សាន ទេ ហើយលោកសុំមិនឆ្លើយនឹងសំណួរទាក់ទងនឹងរឿងនេះ។ លោក វ៉ាស៊ឹម សូរិយា ថាបើជាលិខិតរបស់ក្រសួងសាធារណការ ត្រូវមានចុះលេខរបស់លិខិតត្រឹមត្រូវចេញពីក្រសួង៖ « កន្លែងនេះសុំទោសជាមុន។ ខ្ញុំអ្នកនាំពាក្យ។ ទី១ ខ្ញុំអត់បានឃើញលិខិតហ្នឹងទេ។ ខ្ញុំអត់មានសិទ្ធិក្នុងការឆ្លើយលិខិតហ្នឹងទេ ព្រោះហ្នឹងជារឿងផ្លូវច្បាប់ ហើយក៏ជារឿងនយោបាយរបស់ក្រសួង សុំទោស ! អាហ្នឹងជម្រាបសួរគាត់ទៅ បើប្រើលិខិតក្រសួងមានលេខរបស់ក្រសួង។ ខ្ញុំអត់ទាន់ឃើញអត់ឆ្លើយបានទេ » ។
ថ្លែងក្នុងលិខិតសុំអន្តរាគមន៍ពីលោក ស ខេង លោក ហ៊ុន សាន ថាលោក ម៉ក់ ជីតូ តែងតែប្រើអំណាចគាបសង្កត់ជិះជាន់អ្នកស្លូតត្រង់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកខិលខូចមួយក្ដាប់តូច និងបានរំខានដល់ការរស់នៅសុខសាន្ដរបស់គ្រួសារលោក ហើយលោកក៏ភ្ជាប់ការរំខានរបស់លោក ម៉ក់ ជីតូ ដែលរំខានគ្រួសារលោក ថាក៏ជាការរំខានដល់ពលរដ្ឋទូទៅដែរ។ លិខិតរបស់លោក ហ៊ុន សាន ផ្ញើជូនលោក ស ខេង ថ្ងៃទី២ ឧសភា ហើយត្រូវលោក ស ខេង ចារអន្តរាគមន៍ ៣ថ្ងៃបន្ទាប់។
ទាក់ទងនឹងភាពលឿនរហ័សក្នុងកិច្ចអន្តរាគមន៍នេះ សង្គមស៊ីវិលថាមានស្តង់ដារពីរក្នុងការដោះស្រាយ។
ប្រធានផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត តែងសង្កេតឃើញថា បើមន្ត្រីធំៗ ឬអ្នកមានឋានន្តរស័ក្ដិខ្ពង់ខ្ពស់ ការអន្តរាគមន៍របស់អាជ្ញាធរតែងផ្ដល់អាទិភាពឲ្យយ៉ាងលឿន ហើយលោកថា សូម្បីបងប្រុសនាយករដ្ឋមន្ត្រី នៅសុំការអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់នៅភ្នំពេញ ចុះទម្រាំពលរដ្ឋរងគ្រោះដីធ្លីនៅតាមខេត្ត៖ « ចឹងហើយបានកន្លងមកយើងឃើញថា ប្រជាពលរដ្ឋតែងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នផ្សេងៗនៅក្នុងរាជធានីភ្នំពេញ គាត់បាត់បង់ជំនឿទៅលើអាជ្ញាធរមូលដ្ឋានផងដែរ » ។
ឯចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ វិញ បានប្រដូចការអន្តរាគមន៍ភ្លាមៗករណីបងប្រុសលោកនាយករដ្ឋមន្ត្រី ទៅនឹងការអង្គុយកៅអីយន្តហោះពិសេស ដែលលោក ហ៊ុន សាន មានសំបុត្រពិសេសអាចអង្គុយកៅអីបានមុខគេ៖ « ក្នុងយន្តហោះក៏វាមានដែរ វាមាន first class វាមានពិសេស class វាមានអេកូណូមិច (economic) ដែរវ៉ើយ បានវាហោះទៅជាមួយគ្នា ទោះបីយន្តហោះក៏មាន first class ដែរវ៉ី » ។
នៅពេលសួរថា ហេតុអ្វីលោក ស ខេង ចុះហត្ថលេខាលើលិខិតដែលមានក្បាលរបស់ក្រសួងសាធារណការ តែក្រសួងសាធារណការ មិនបានដឹងសោះ? លោក ខៀវ សុភ័គ ថាជាទម្លាប់ លោក ហ៊ុន សាន ប្រើតែលិខិតនេះតាំងពីដើមមកម្ល៉េះ គឺតាំងតែមុនពេលលោក ហ៊ុន សាន ចូលនិវត្តន៍ពីសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជា នាវាចរកាំសាប ទៅទៀត។
ទោះជាយ៉ាងណា លោក ម៉ក់ ជីតូ ក៏មិនបានបដិសេធថា លោកមិនដែលស្គាល់ឈ្មួញដីនៅប៉ោយប៉ែត ដែរ។ លោកថា លោកស្គាល់ឈ្មួញដីច្រើនណាស់ តែលោកសង្ឃឹមថារឿងនេះនឹងបញ្ចប់ត្រឹមលោកបានទូរស័ព្ទដោយផ្ទាល់ទៅពន្យល់លោក ហ៊ុន សាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។