អ្នកបឹងកក់ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនស៊ូកាគូ នៅថ្ងៃទី២៩ មីនា បានបង្ហាញពីវិធីសាស្ត្រតស៊ូមតិរបស់ពួកគាត់ចុងក្រោយ ដោយនាំគ្នាទៅស្រែកនៅខាងមុខព្រះបរមរាជវាំង សុំឲ្យព្រះមហាក្សត្រ និងសម្ដេចម៉ែ ធ្វើព្រះរាជអន្តរាគមន៍ដោះលែងអ្នកភូមិម្នាក់ពីពន្ធនាគារ និងដោះស្រាយវិវាទដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំមកហើយនោះ។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកសវនាការលើសំណុំរឿងសុំនៅក្រៅឃុំរបស់អ្នកស្រី យ៉ោម បុប្ផា ហើយតុលាការកំពូលបានសម្រេចបដិសេធន៍ចោលនោះ។
សំឡេង៖ «សូមសម្ដេចយាយ និងសម្ដេចសីហមុនី ជួយពួកខ្ញុំផង។ ពួកខ្ញុំជាស្ត្រីបឹងកក់ ការពារផ្ទះ ការពារដី អត់មានកំហុសទេ មិនគួរណាចាប់អ្នកស្រី យ៉ោម បុប្ផា យកទៅដាក់ទោស អយុត្តិធម៌ណាស់ សូមសម្ដេចយាយជួយអន្តរាគមន៍ពួកខ្ញុំផង...»។
ស្ត្រីអ្នកបឹងកក់ ម្នាក់ក្នុងចំណោមអ្នកភូមិប្រមាណ ៥០នាក់ គឺអ្នកស្រី បូវ សោភា បានថ្លែងថា អ្នកភូមិមានបំណង គឺសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ឲ្យជួយដោះលែងអ្នកស្រី យ៉ោម បុប្ផា ពីពន្ធនាគារ និងសុំឲ្យកំណត់ព្រំដីចំនួន ១២.៤៤ហិកតារ ដែលមានពលរដ្ឋ ៦៤គ្រួសារ ពុំបានប្លង់កម្មសិទ្ធិនោះ ដើម្បីបញ្ចប់ជម្លោះរវាងពលរដ្ឋជាមួយក្រុមហ៊ុនស៊ូកាគូ។
អ្នកស្រី បូវ សោភា៖ «ពួកខ្ញុំមានស្នាមមេដៃប្រជាពលរដ្ឋដែលគាត់គាំទ្រឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា និងអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល១៨៣ ផ្ដល់ដី ១២.៤៤ហិកតារ ជូនប្រជាពលរដ្ឋនៅតំបន់បឹងកក់។ ហើយនិងមានរូបភាពរបស់អ្នកស្រី យ៉ោម បុប្ផា គាត់ជាសកម្មជនដីធ្លី មានការតវ៉ាឲ្យដោះលែងពួកខ្ញុំ ១៥នាក់ កាលពីថ្ងៃទី២៧ ខែមិថុនា»។
ក្នុងពេលអ្នកភូមិស្រែកសុំព្រះរាជអន្តរាគមន៍ទៅព្រះមហាក្សត្រ ប្រមាណ ២ម៉ោង លោក ឡាំង ចំណាប់ ដែលអះអាងថាជាមន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង បានចេញមកទទួលលិខិតពីពលរដ្ឋ ហើយដើរចូលព្រះបរមរាជវាំងវិញ ដោយមិនអត្ថាធិប្បាយច្រើនជាមួយអ្នកកាសែតឡើយ។
លោក ឡាំង ចំណាប់៖ «(សុណង) បងមិញហ្នឹងទទួលពីប្រជាពលរដ្ឋហើយណោះ? បាទៗ។ (សុណង) ហើយគោលបំណងដាក់យ៉ាងម៉េចទៅ? ខ្ញុំដាក់ទៅលើហើយ។ (សុណង) នឹងដាក់បញ្ជូនឲ្យគាត់? សន្យានឹងដល់ព្រះមហាក្សត្រទេបង? អត់ទេ ខ្ញុំដាក់ទៅខាងលើ»។
យ៉ាងណាក៏ដោយ នៅក្នុងពេលអ្នកភូមិប្រមូលផ្ដុំគ្នានៅខាងមុខព្រះបរមរាជវាំងនោះ មានកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ១០០នាក់ ចុះទៅឃ្លាំមើលសកម្មភាពតវ៉ារបស់អ្នកភូមិ។ ក៏ប៉ុន្តែ ពុំមានការប៉ះទង្គិច ឬរារាំងអ្នកភូមិនោះទេ បន្ទាប់ពីអ្នកភូមិប្រគល់លិខិតអន្តរាគមន៍ទៅមន្ត្រីខុទ្ទកាល័យ ហើយពួកគេបានបន់ស្រន់ និងប្រលែងចាបនៅខាងមុខព្រះបរមរាជវាំង មុននឹងត្រឡប់ទៅផ្ទះវិញ។
កាលពីថ្ងៃទី២៧ ខែមីនា តុលាការកំពូលបានបើកសវនាការលើសំណុំរឿងសុំនៅក្រៅឃុំរបស់តំណាងអ្នកបឹងកក់ អ្នកស្រី យ៉ោម បុប្ផា។ ចៅក្រមនៅតុលាការកំពូល សម្រេចបន្តឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា តាមមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺដូចគ្នានឹងការសម្រេចរបស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍។
ចៅក្រមបានលើកហេតុផលសំខាន់ចំនួន២ ក្នុងនោះបានចាត់ទុកករណីរឿងក្ដីអ្នកស្រី យ៉ោម បុប្ផា ថាជាករណីពិសេសនៃបទល្មើសព្រហ្មទណ្ឌ និងទាត់ចោលការអះអាងថា អ្នកស្រីមានជំងឺ ដោយសារពុំមានឯកសារផ្លូវច្បាប់។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ បានចោទប្រកាន់អ្នកស្រី យ៉ោម បុប្ផា ពីបទប្រើអំពើហិង្សាដោយចេតនា តាមរយៈការចូលរួមព្រួតគ្នាវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ ឲ្យរងរបួស កាលពីដើមខែកញ្ញា ឆ្នាំ២០១២ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ ហើយតម្រូវឲ្យបង់លុយជំងឺចិត្តទៅជនរងគ្រោះ ៣០លានរៀល។
ទន្ទឹមនឹងគ្នានេះដែរ នៅថ្ងៃទី២៩ មីនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍ជាបន្ទាន់មួយ ទាមទារឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ដោយគ្មានលក្ខខណ្ឌ។ លោក ប្រែដ អាដាម (Brad Adams) ប្រធានអង្គការនេះ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា កាលដែលតុលាការកំពូលកាត់ឲ្យអ្នកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារដដែលនោះ គឺគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែលោក ហ៊ុន សែន បានថ្លែងជាសាធារណៈថា អ្នកស្រីជាប់ពាក់ព័ន្ធក្នុងរឿងបង្ករបួសស្នាម គឺមិនពាក់ព័ន្ធនឹងរឿងដីធ្លីឡើយ។ លោក ប្រែដ អាដាម អំពាវនាវឲ្យម្ចាស់ជំនួយដាក់គំនាបលើរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកឡើងករណីរបស់អ្នកស្រី យ៉ោម បុប្ផា និងលើកបញ្ហាដីធ្លីមកនិយាយនៅពេលចរចាផ្ដល់ជំនួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។