អ្នកភូមិនៅបឹងកក់ ភូមិថ្មគោល និងអ្នកបុរីកីឡា ប្រមាណ ១០០នាក់ បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ប្រឆាំងនឹងការប្រើអំពើហិង្សាលើពួកគាត់។
តំណាងអ្នកបឹងកក់ គឺអ្នកស្រី ទេព វន្នី មានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ មីនា ថា ពាក្យបណ្ដឹងដែលដាក់ទៅក្រសួងមហាផ្ទៃ នោះ គឺប្រឆាំងនឹងអភិបាល និងអភិបាលរងខណ្ឌដូនពេញ។ មូលហេតុដែលពួកគាត់ដាក់ពាក្យបណ្ដឹងនេះ គឺអ្នកភូមិមិនសុខចិត្តចំពោះកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ដែលប្រើអំពើហិង្សា និងកម្លាំងហួសហេតុលើពួកគាត់ ក្នុងអំឡុងពេលតវ៉ាមួយ កាលពីសប្ដាហ៍មុន។
រហូតមកដល់រសៀលថ្ងៃទី១៨ ខែមីនា មន្ត្រីសាលាខណ្ឌដូនពេញ មិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេ ចំពោះបណ្ដឹងរបស់ក្រុមអ្នកបឹងកក់ នោះ។ អភិបាលសាលាខណ្ឌដូនពេញ លោក សុខ សម្បត្តិ មិនលើកទូរស័ព្ទ ហើយអភិបាលរង គឺលោក សុខ ពេញវុធ មិនអាចធ្វើអត្ថាធិប្បាយបានទេ ដោយគ្រាន់តែមានប្រសាសន៍ខ្លីថា លោកជាប់ប្រជុំ។
ស្របពេលដែលអ្នកភូមិបឹងកក់ លើកគ្នាទៅដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ នោះ ក៏មានក្រុមអ្នកតវ៉ាមួយក្រុមទៀត ដែលមានគ្នាប្រហែល ៤០នាក់ ចេញមកតវ៉ានៅមុខក្រសួងមហាផ្ទៃ ដែរ ដែលក្រុមនោះមានឈ្មោះថា សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ឬគេស្គាល់ថា ជាក្រុមអ្នករត់ម៉ូតូឌុប។
អ្នកស្រី ទេព វន្នី ថ្លែងថា អ្នកស្រីមានចម្ងល់ចំពោះគោលបំណងរបស់ក្រុមម៉ូតូឌុបនេះ ដែលតែងតែនាំគ្នាតវ៉ាដែរ នៅពេលក្រុមរបស់អ្នកស្រីនាំគ្នាតវ៉ា។
ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឯ សុភាស់ បញ្ជាក់ថា ការដែលក្រុមលោកចេញមកតវ៉ានោះ ដោយសារតែក្រុមលោកយល់ឃើញថា ក្រុមអ្នកភូមិទាំងនោះទាមទារឱ្យតុលាការដោះលែងលោកស្រី យ៉ោម បុប្ផា ដែលថាបានប្រើអំពើហិង្សាវាយដំលើសមាជិកក្រុមរបស់លោក។
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិលំនៅឋាន កញ្ញា ឡុង គឹមហ៊ាង ថ្លែងថា កញ្ញាក៏ត្រូវបានក្រុមម៉ូតូឌុបរារាំងក្នុងពេលដែលកញ្ញាព្យាយាមថតយករូបភាព ដោយសារតែពួកគាត់យល់ច្រឡំថា កញ្ញាជាក្រុមអ្នកបឹងកក់។
ក្រោយពេលចេញពីក្រសួងមហាផ្ទៃ អ្នកបឹងកក់បន្តទៅក្រសួងយុត្តិធម៌ ទៀត ដើម្បីទទួលយកលិខិតអន្តរាគមន៍របស់ក្រសួងនេះ ក្នុងករណីលោកស្រី យ៉ោម បុប្ផា។ រីឯក្រុមម៉ូតូឌុប ក៏ទៅទីនោះដែរ។ ក្រុមអ្នកតវ៉ាទាំងពីរក្រុម ដែលធ្វើនៅកន្លែងដូចគ្នា មានគោលបំណងបញ្ច្រាសគ្នា គឺក្រុមអ្នកបឹងកក់ ទាមទារឱ្យដោះលែងលោកស្រី យ៉ោម បុប្ផា ដោយអះអាងថា គាត់ត្រូវជាប់ពន្ធនាគារដោយសារការតវ៉ារឿងដីធ្លី ហើយក្រុមម៉ូតូឌុប ទាមទារមិនឱ្យដោះលែងលោកស្រី យ៉ោម បុប្ផា ដោយអះអាងថា គាត់ និងគ្រួសារត្រូវតុលាការផ្ដន្ទាទោស ដោយសារតែប្រើអំពើហិង្សាលើអ្នករត់ម៉ូតូឌុប ដែលជាសមាជិកក្រុមរបស់លោក។
ក្រុមទាំងពីរមានការទាមទាររួមមួយ គឺសុំឱ្យសាលាឧទ្ធរណ៍សម្រេចក្ដីឧទ្ធរណ៍របស់លោកស្រី យ៉ោម បុប្ផា ឱ្យឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។