អ្នក​បឹងកក់​ហៅ​ធនាគារ​ពិភពលោក​ថា​មាន​បាតដៃ​ប្រឡាក់​ឈាម

ក្រុម​អ្នក​មាន​បញ្ហា​ដីធ្លី ពិសេស​អ្នក​បឹងកក់ តវ៉ា​នៅ​ខាង​មុខ​ការិយាល័យ​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា ២០១៤។
ក្រុម​អ្នក​មាន​បញ្ហា​ដីធ្លី ពិសេស​អ្នក​បឹងកក់ តវ៉ា​នៅ​ខាង​មុខ​ការិយាល័យ​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា ២០១៤។ (RFA/Leng Maly)

0:00 / 0:00

អ្នក​ភូមិ​បឹងកក់ ប្រមាណ ១០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​ការិយាល័យ​ធនាគារ​ពិភពលោក (World Bank) ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ដោយ​ថ្កោលទោស​ស្ថាប័ន​នេះ​ថា មាន​បាត​ដៃ​ប្រឡាក់​ឈាម​ជា​មួយ​រដ្ឋាភិបាល ធ្វើ​ឱ្យ​ពួក​គាត់​រង​ទុក្ខវេទនា។

ក្នុង​ពេល​តវ៉ា​នៅ​មុខ​ការិយាល័យ​​ធនាគារ​ពិភពលោក អ្នក​ភូមិ​បឹងកក់ ដែល​គាំទ្រ​ដោយ​អ្នក​មាន​បញ្ហា​ដីធ្លី​ដូច​គ្នា ដូច​ជា​នៅ​បុរីកីឡា និង​កន្លែង​ផ្សេងៗ​ទៀត ស្រែក​ដាក់​ស្ថាប័ន​ពិភពលោក​នេះ​ថា ជំនួយ​ដែល​ផ្ដល់​ដល់​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ជួយ​ដល់​ពួក​គាត់​ទេ៖ «លុយ​ដែល​អ្នក​ឱ្យ​មក​ មិន​មែន​ឱ្យ​រាជ​រដ្ឋាភិបាល​ខ្ញុំ​អភិវឌ្ឍន៍ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទេ។ លុយ​របស់​អ្នក​ឯង​ផ្ដល់​មក​ឱ្យ​រាជ​រដ្ឋាភិបាល​ខ្ញុំ​​ប្រព្រឹត្ត​អំពើ​ពុករលួយ ធ្វើ​បាប​ប្រជាពលរដ្ឋ​តាំង​ពី​មាន​ផ្ទះ​រហូត​ដល់​អត់​ផ្ទះ។ ហេតុ​នេះ ការ​សន្យា​របស់​អ្នក​ឯង​ត្រូវ​តែ​ជំរុញ​ឱ្យ​ឆាប់ៗ​មក។ លុយ​របស់​អ្នក​គឺ​ជា​លុយ​ឈាម ជា​លុយ​បំផ្លាញ​ក្រុម​គ្រួសារ​របស់​ខ្ញុំ ព្រោះ​ជាក់​ស្ដែង​នៅ​តំបន់​បឹងកក់ រងគ្រោះ​ដោយសារ​តែ​លុយ​របស់​អ្នក​ឯង»

អ្នក​បឹងកក់ មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូ រយៈពេល ៧​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​ការ​ជួល​ដី​ពី​រាជរដ្ឋាភិបាល។ ពួក​គាត់​នាំ​គ្នា​មក​ថ្កោលទោស​ធនាគារ​ពិភពលោក​បន្ទាប់​ពី​ពួក​គាត់​សង្ស័យ​ថា ស្ថាប័ន​នេះ​នឹង​ពិចារណា​អំពី​ការ​ផ្ដល់​ជំនួយ​ជា​ថ្មី​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​អភិវឌ្ឍន៍​នៅ​ពេល​ដែល​អ្នក​បឹងកក់ កំពុង​ឈឺ​ចាប់៖ «ជាក់ស្ដែង​លុយ​របស់​អ្នក​ បាន​ផ្ដល់​មក​ឱ្យ​រាជ​រដ្ឋាភិបាល​ខ្ញុំ​​ប្រព្រឹត្ត​អំពើ​ពុករលួយ បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ហើយ​ពេល​ថ្មីៗ​នេះ អ្នក​លួច​ក្បត់​ពាក្យ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ មិន​ទាន់​បាន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ មិន​គោរព​ការ​សន្យា​ជាមួយ​សហរដ្ឋ​អាមេរិក អ្នក​ឯង​ចង់​ផ្ដល់​ជំនួយ​ដល់​រាជរដ្ឋាភិបាល​ទៀត ប្រជាពលរដ្ឋ​មាន​ជំនឿ​អី​ទៀត​លើ​ធនាគារ​ពិភពលោក!»

អ្នក​ដឹក​នាំ​ក្រុម​សកម្ម​ជន​បឹងកក់ ​អ្នកស្រី ទេព វន្នី ថ្លែង​ថា ការ​តវ៉ា​នៅ​ថ្ងៃ​ទី​១៦ មិថុនា គឺ​រំឭក​ដល់​ធនាគារ​ពិភពលោក ឱ្យ​ពិចារណា​អំពី​ដំណោះស្រាយ​រឿង​ដីធ្លី​នៅ​បឹងកក់ សិន​មុន​នឹង​សម្រេច​ផ្ដល់​ជំនួយ​ថ្មី​ណា​មួយ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា៖ «ពួក​ខ្ញុំ​សុំ​ឱ្យ​គាត់​ហ្នឹង​ទទួល​ខុស​ត្រូវ​នៅ​លើ​កំហុស​របស់​ខ្លួន​ឯង ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​ផ្ទះ​អស់​ដី អ្នក​ខ្លះ​អស់​អាយុ​ជីវិត ហើយ​បំផ្លាញ​សុភមង្គល​របស់​ពួក​គាត់។ អ៊ីចឹង​ត្រូវ​តែ​ឱ្យ​គាត់​ហ្នឹង​រក​យុទ្ធសាស្ត្រ​បន្ថែម ជំរុញ​ដល់​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួក​ខ្ញុំ។ មិន​មែន​ពួក​ខ្ញុំ​កំពុង​តែ​រង​ទុក្ខ​កំពុង​តែ​វេទនា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បែរ​ជា​គាត់​ចង់​ងាក​រេ​ប្ដូរ​គោល​ជំហរ និង​ឆន្ទៈ​ទៅ​សហការ​គ្នា​ជា​មួយ​រដ្ឋាភិបាល​វិញ។ បើ​សិន​ជា​គាត់​នៅ​តែ​បន្ត​សកម្មភាព​បែប​ហ្នឹង​ទៀត ហើយ​បោះបង់​ពួក​ខ្ញុំ​ចោល មិន​ទទួល​ខុស​ត្រូវ​លើ​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ គឺ​ពួក​ខ្ញុំ​ចាត់​ទុក​ថា ធនាគារ​ពិភពលោក​នេះ គឺ​ជា​ធនាគារ​បាត​ដៃ​ប្រឡាក់​ឈាម ធនាគារ​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ធនាគារ​សហការ​គ្នា​យ៉ាង​សកម្ម​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា»

តំណាង​ស្ថាប័ន​ធនាគារ​ពិភពលោក បាន​ចេញ​មក​ទទួល​ញត្តិ​របស់​អ្នក​បឹងកក់ នៅ​ក្នុង​ពេល​ដែល​មាន​ការ​តវ៉ា​នោះ។ មន្ត្រី​ទំនាក់ទំនង​នៃ​ធនាគារ​ពិភពលោក លោក ប៊ូ សារឿន ឆ្លើយ​តប​តាម​អ៊ីម៉េល​ថា ធនាគារ​ពិភពលោក​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ដែល​នៅ​សល់ គឺ​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​អ្នក​បឹង​កក់​បច្ចុប្បន្ន។ លោក​បន្ថែម​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១០ រហូត​មក​ដល់​ពេល​នេះ ធនាគារ​ពិភពលោក​នៅ​មិន​ទាន់​សម្រេច​ផ្ដល់​ជំនួយ​ថវិកា​ថ្មី​ណា​មួយ​ដល់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។

ការ​តវ៉ា​នៅ​មុខ​ស្ថាប័ន​ធនាគារ​ពិភពលោក អ្នក​បឹងកក់ បាន​យក​ក្រដាស​ប្រាក់​ដុល្លារ​ថត​ចម្លង និង​ទឹក​ឈាម​ផ្ដិត​បាត​ដៃ​នៅ​លើ​ក្រដាស​ធំៗ និង​ផ្ទះ​ក្រដាស ដោយ​ធ្វើ​ឧបកិច្ច​ថា លុយ​ដែល​ដែល​ធនាគារ​ពិភពលោក​ជួយ​កម្ពុជា​នោះ ជា​លុយ​ប្រឡាក់​ឈាម។ ពួក​គាត់​ពាក់​អាវ​ក្រដាស​ដែល​មាន​សរសេរ​ពាក្យ​ស្លោក​ផ្សេងៗ ថ្កោល​ទោស​ធនាគារ​ពិភពលោក ដូច​ជា​ថា ធនាគារ​ពិភពលោក​បំផ្លាញ​គ្រួសារ និង​អនាគត​យើង។ ពួក​គាត់​ហៅ​ស្ថាប័ន​ធនាគារ​ពិភពលោក​ថា​ជា​ស្ថាប័ន​ធនាគារ​អាក្រក់។

ការ​តវ៉ា​របស់​អ្នក​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ជា​ច្រើន​ក៏ដោយ។ ក្រៅ​ពី​ដាក់​ញត្តិ​តវ៉ា​នៅ​ការិយាល័យ​ធនាគារ​ពិភពលោក​នៅ​រាជធានី​ភ្នំពេញ ក្រុម​អ្នក​តវ៉ា​បាន​បន្ត​ដាក់​ញត្តិ​ទៅ​ការិយាល័យ​ឧត្ដម​ស្នងការ​​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ទៀត នៅពេល​រសៀល។ តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​​​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ បាន​ទទួល​យក​ញត្តិ​របស់​អ្នក​មាន​បញ្ហា​ដីធ្លី​នៅ​បឹង​កក់​នោះ។

ទាក់ទង​បញ្ហា​ដី​ធ្លី​ដែរ នៅ​រសៀល​ថ្ងៃ​ទី​១៦ មិថុនា ដដែល ក្រុម​អ្នក​បុរីកីឡា ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច យក​ញត្តិ​ទៅ​ដាក់​ជូន​អ្នក​រាយការណ៍​ពិសេស​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក្នុង​ពេល​ដែល​លោក​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ញត្តិ​របស់​អ្នក​បុរី​កីឡា​នោះ គឺ​សុំ​អន្តរាគមន៍​ពី​លោក សុរិយា ស៊ូប៊ែឌី ឱ្យ​សម្ពាធ​ដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឱ្យ​សង់​អាគារ ២​បន្ថែម​ទៀត​សម្រាប់​ពួក​គាត់។
បន្ទាប់​ពី​ទទួល​បាន​ញត្តិ​របស់​អ្នក​បុរីកីឡា​នោះ លោក សុរិយា ស៊ូប៊ែឌី ឆ្លើយ​តប​ថា លោក​យល់​អំពី​បញ្ហា​របស់​អ្នក​បុរី​កីឡា​កំពុង​ជួប​ប្រទះ ហើយ​លោក​នឹង​ខំ​ដោះស្រាយ​ឱ្យ​អស់​លទ្ធភាព​របស់​លោក ចំពោះ​បញ្ហា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។