អ្នក​បឹងកក់​ព្រួយ​បារម្ភ​ខ្លាច​សាលា​ក្រុង​ប្រើ​ល្បិច​មិន​វាស់​ដី​ដូច​សន្យា

អ្នក​ភូមិ​បឹងកក់ សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ប្រើ​ល្បិច​មិន​វាស់​ដី​ជូន​ពួក​គាត់​ដូច​សន្យា។

អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​សន្យា​ថា​នឹង​ចាប់​ផ្ដើម​ចុះ​វាស់​វែង​ដី​ក្នុង​ទីតាំង​បឹងកក់ ទំហំ ១២,៤៤​ហិកតារ ជូន​អ្នក​ភូមិ​បឹងកក់ ចំនួន ៣២​គ្រួសារ ក្នុង​ចំណោម ៧៦​គ្រួសារ នៅ​ថ្ងៃ​ទី​២៣ តុលា កន្លង​ទៅ។ តែ​មក​ទល់​ថ្ងៃ​ទី​២៥ តុលា នេះ​ហើយ អ្នក​ភូមិ​បឹងកក់ នៅ​មិន​ទាន់​ឃើញ​ក្រុម​មន្ត្រី​សាលា​រាជធានី​ចុះ​មក​វាស់​ដី​ឲ្យ​ពួក​គាត់។

ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ព្រួយ​បារម្ភ​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥ តុលា ថា មូលហេតុ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​បាន​ចុះ​ទៅ​វាស់​ដី​ជូន​អ្នក​ភូមិ​បឹងកក់ តាម​សន្យា​នោះ គឺ​ដោយសារ​ក្រុម​មន្ត្រី​ជាប់​រវល់​ការងារ​ការពារ​សន្តិសុខ ក្នុង​ពេល​ដែល​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​បី​ថ្ងៃ​នេះ។

អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​សន្យា​ថា​នឹង​វាស់​ដី និង​ផ្ដល់​ប័ណ្ណ​កាន់​កាប់​ដី​ស្រប​ច្បាប់​ជូន​អ្នក​ភូមិ​បឹងកក់ គ្រប់ៗ​គ្នា ដែល​ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​អ្នក​ភូមិ​បឹងកក់ ធ្លាប់​នាំ​គ្នា​តវ៉ា​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​អបអរ​យ៉ាង​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។