អ្នកភូមិចំនួន ១៦គ្រួសារ ដែលត្រូវបានសាលារាជធានីភ្នំពេញ កាត់ឆ្វៀលចេញពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ បង្ហាញឯកសារភស្តុតាងជាច្រើន ដែលបញ្ជាក់ថា ពួកគេមានឈ្មោះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍នោះ។ អ្នកភូមិទាំងនោះ ទាមទារឲ្យសាលារាជធានីភ្នំពេញ ដាក់បញ្ចូលពួកគេស្ថិតក្នុងដីប្រទានកម្មដីទំហំ ១២,៤៤ហិកតារ និងចេញប្លង់កម្មសិទ្ធិដល់ពួកគេ។
អ្នកភូមិបឹងកក់ សេសសល់មិនទាន់ទទួលបានប្លង់កម្មសិទ្ធិ បានទម្លាយឯកសារជាច្រើន ដែលបង្ហាញពីការរាំងស្ទះដល់ដំណើរការដោះស្រាយវិវាទជូនពួកគាត់ និងភាពមិនច្បាស់លាស់នៃព្រំប្រទល់ដីទំហំ ១២,៤៤ហិកតារ។
រាជរដ្ឋាភិបាល បានប្រទានកម្មដីទំហំជាង ១២ហិកតារ សម្រាប់អ្នកបឹងកក់ ជិត ៨០០គ្រួសារ (៧៧៩គ្រួសារ) ប៉ុន្តែនៅមានពលរដ្ឋ ៤០គ្រួសារទៀត មិនទាន់បានដំណោះស្រាយនៅឡើយ ក្នុងនោះមានអ្នកភូមិ១ ចំនួន ១៦គ្រួសារ ដែលត្រូវបានសាលារាជធានីភ្នំពេញ កាត់ឆ្វៀលចេញពីគម្រោងអភិវឌ្ឍន៍បឹងកក់ ហើយពួកគេមិនស្ថិតក្នុងចំណែកដែលទទួលបានពីដីជាង ១២ហិកតារនោះទេ។
តំណាងអ្នកភូមិ១ លោក ចាន់ ពុទ្ធិសក្តិ បញ្ជាក់ថា ការអភិវឌ្ឍតំបន់បឹងកក់ មិនមានតម្លាភាព ហាក់បង្កប់នូវអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ លោកបានបង្ហាញផែនទីនៃការកាត់ឆ្វៀលដីទំហំ ១២,៤៤ហិកតារនោះ ដោយបញ្ជាក់ថា តាមផែនទី គឺព្រំប្រទល់ដីនោះចាប់ពីខាងក្រោយស្ថានទូតបារាំង រហូតដល់ខាងក្រោយរដ្ឋាករទឹក។ ប៉ុន្តែ ព្រំប្រទល់ដីនៅមានភាពមិនច្បាស់លាស់នៅឡើយ ដោយពលរដ្ឋខ្លះដែលស្ថិតក្នុងផែនទី បែរជាត្រូវកាត់ឆ្វៀលចេញពីក្រៅគម្រោងអភិវឌ្ឍន៍ ជាក់ស្តែងដូចអ្នកភូមិ១ ដែលមាន ១៦គ្រួសារនោះ ជាដើម៖ «អ្នកភូមិ ១៦គ្រួសារនេះទំហំដីស្ទើរមិនដល់ ០,១ហិកតារទេ រដ្ឋាភិបាលអត់ផ្តល់សិទ្ធិដល់ពួកខ្ញុំបានរស់នៅលើដីទំហំជាង ១២ហិកតារទេ ខ្ញុំជាប្រជាពលរដ្ឋមានសិទ្ធិទទួលបានដីសម្បទានសង្គមកិច្ចសម្រាប់សង់លំនៅឋាន ប៉ុន្តែរាជរដ្ឋាភិបាល បែរជាមានសិទ្ធិយកដីរដ្ឋទៅឲ្យក្រុមហ៊ុន ហើយក្រុមហ៊ុនយកដីទៅលក់ឲ្យឯកជនវិញ»។
លោក ពុទ្ធិសក្តិ ក៏បានបង្ហាញឯកសារពាក់ព័ន្ធបញ្ជីឈ្មោះ លោក ឡៅ ម៉េងឃីន ដែលមានចំណែកដីរហូតជាង ៤០០ប្លង់ នៅក្នុងដីទំហំជាង ១២ហិកតាររបស់ពលរដ្ឋ។ ឯកសារមួយចំនួនទៀត ក៏មានសម្រង់ស្ថិតិពលរដ្ឋអ្នកភូមិ១ របស់សាលារាជធានីភ្នំពេញ ដែលបញ្ជាក់ថា ពួកគាត់ទាំង ១៦គ្រួសារនោះ ស្ថិតក្នុងតំបន់បឹងកក់ ហើយពួកគេក៏មានឈ្មោះដាក់សំណើសុំដីប្រទានកម្មពីរាជរដ្ឋាភិបាល។
អ្នកភូមិនៅមានឯកសារខ្លះទៀត ពាក់ព័ន្ធនឹងក្រុមហ៊ុន ស៊ូកាគូ ដែលបានលក់ដីទំនាស់ ១ហិកតារ ទៅឲ្យក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH) ក្នុងតម្លៃជិត ១៥លានដុល្លារ។ លើសពីនេះ នៅមានឯកសារជាច្រើនទៀត តាំងពីថ្នាក់ភូមិ រហូតដល់សាលាក្រុង ដែលទទួលស្គាល់ថា អ្នកភូមិ១ ចំនួន ១៦គ្រួសារនោះ គឺរស់នៅតំបន់បឹងកក់ ពិតប្រាកដមែន។
យ៉ាងណា ការបង្ហាញឯកសារ និងការអះអាងរបស់តំណាងអ្នកភូមិ១ នោះ ត្រូវបានអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ច្រានចោល និងអះអាងថា ពួកគេទាំង ១៦គ្រួសារនោះ មិនមានលក្ខណៈគ្រប់គ្រាន់ទទួលចំណែកដីទំហំជាង ១២ហិកតារ ដែលរដ្ឋផ្តល់ឲ្យនោះទេ។ លោកបញ្ជាក់ថា ពួកគេស្ថិតក្នុងគម្រោងផ្លូវរថភ្លើង ដែលមានក្រសួងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាអ្នកទទួលខុសត្រូវ៖ «គាត់មានឯកសារអីយកមកបង្ហាញយើងមក គាត់ទៅបង្ហាញនៅក្នុងសន្និសីទកាសែត អត់បង្ហាញដល់អ្នកដែលដោះស្រាយយើងម៉េចដឹង ទាល់តែយកមកមើលសិន តែវាពិតឬអត់»។
យ៉ាងនេះក្តី តំណាងអ្នកភូមិ១ លោក ចាន់ ពុទ្ធិសក្តិ រំលឹកថា កាលពីមុនបោះឆ្នោតតំណាងរាស្ត្រ លោកអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានហៅលោកទៅចរចាស្ងាត់ៗ ដោយឲ្យលោកបញ្ឈប់ការតវ៉ាមួយរយៈមុនពេលបោះឆ្នោត ជាថ្នូរនៃការសន្យាថា ឲ្យពួកគេទទួលបានដីក្នុងចំណែកជាង ១២ហិកតារនោះ។ ដោយមានការសន្យានេះហើយ ទើប លោក ប៉ា សុជាតិវង្ស បានឲ្យ លោក ចាន់ ពុទ្ធិសក្តិ ធ្វើជាតំណាងអ្នកភូមិ១ និងបានប្រជុំពីរឿងនេះរហូតមានការចុះធ្វើសលាកបត្រព័ត៌មាន បញ្ជាក់ពីការរស់នៅរបស់ពួកគេ ស្ថិតក្នុងតំបន់បឹងកក់ ថែមទៀត។
ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ សីហា អ្នកភូមិទាំង ១៦គ្រួសារនោះ ក៏បានបង្ហាញពីសលាកបត្រកាលពីឆ្នាំ២០១៣ ដែលទទួលស្គាល់ពួកគេរស់នៅតំបន់បឹងកក់ ចេញដោយសាលារាជធានីភ្នំពេញ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ គិតថា រដ្ឋាភិបាលអាចបញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់ បាន ដរាបណាមានឆន្ទៈលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយម។ លោកបន្តថា រាជរដ្ឋាភិបាលត្រូវមានគណៈកម្មការមួយច្បាស់លាស់ ដើម្បីស៊ើបអង្កេត និងស្រាវជ្រាវឲ្យច្បាស់លាស់ និងបែងចែកថា ដីណាជាដីក្រុមហ៊ុន ស៊ូកាគូ អ៊ីន ហើយដីណាទៀតជាដីរបស់ពលរដ្ឋជាង ១២ហិកតារ ដែលរាជរដ្ឋាភិបាលប្រទានកម្មឲ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។