ក្រុមប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណជិត ១០០នាក់ ប្រមូលផ្ដុំគ្នានៅតំបន់ដីមានទំនាស់ធ្វើបុណ្យបួងសួងសុំឲ្យអ្នកតាមម្ចាស់ទឹកម្ចាស់ដីបន្ទន់ចិត្តអាជ្ញាធរឲ្យពន្លឿនដោះស្រាយដីទំនាស់ឲ្យបានឆាប់ នៅព្រឹកថ្ងៃទី២៥ ធ្នូ។ អ្នកភូមិបញ្ជាក់ថា ហេតុដែលធ្វើពិធីបុណ្យនេះឡើង គឺបន្ទាប់ពីស្វែងរកដំណោះស្រាយពីសំណាក់អាជ្ញាធរអស់ជាច្រើនឆ្នាំមកហើយ ពុំទទួលបានលទ្ធផល។
ពិធីបួងសួងរបស់អ្នកភូមិចាប់ផ្ដើមនៅវេលាប្រមាណម៉ោង ១០ព្រឹក ដោយមានការនិមន្តព្រះសង្ឃសូត្រមន្តតាមបែបព្រះពុទ្ធសាសនា និងមានអ្នកចូលរួមក្មេងចាស់ប្រុសស្រីផង រៀបចំឡើងនៅចំណុចភូមិសំណាងព្រះស្រែ នៃឃុំបឹងប្រាំ។
ក្រុមប្រជាពលរដ្ឋអ្នកដែលទៅចូលរួមបួងសួងនោះរៀបរាប់ឲ្យដឹងថា ពិធីសេនព្រេននេះជាជម្រើសមួយថ្មីបន្ថែមទៀត បន្ទាប់ពីការទាមទារតាមផ្លូវច្បាប់អស់ជាច្រើនសា ដើម្បីជំរុញអាជ្ញាធរឲ្យជួយពន្លឿនដោះស្រាយទំនាស់ដីឲ្យមានប្រសិទ្ធភាព។
តំណាងអ្នកភូមិម្នាក់ ឈ្មោះ អ្នកស្រី នួន នឿន រស់នៅភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី២៥ ធ្នូ ថា ហេតុដែលអ្នកភូមិនាំគ្នារៀបចំពិធីនេះឡើង ក្នុងគោលបំណងដើម្បីបន់ស្រន់ឲ្យអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅតំបន់ដីដែលមានជម្លោះ ជួយជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធដោះស្រាយដីទំនាស់ឲ្យបានឆាប់ ដើម្បីប្រគល់ដីឲ្យប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផងដោយស្របច្បាប់។
អ្នកស្រីបន្តថា ប្រជាពលរដ្ឋមិនចង់ទាមទារតាមបែបការបួងសួងនេះឡើយ ប៉ុន្តែដោយសារការតវ៉ាកន្លងមកពុំទទួលបានលទ្ធផលនោះទេ៖ «ខ្ញុំជឿថា ដីរបស់ប្រជាពលរដ្ឋ ប្រសិនបើអ្នកដែលយកទៅកាន់កាប់ដោយពុំមានការយល់ព្រមពីប្រជាពលរដ្ឋទេ និងមិនមានសេចក្ដីសុខនោះឡើយ ហើយការបន់ស្រន់របស់យើងខ្ញុំនៅថ្ងៃនេះ និងទទួលបានជោគជ័យជាពុំខាន»។
ទាក់ទងនឹងបញ្ហានេះ មេឃុំបឹងប្រាំ លោក ឈា នី មានប្រសាសន៍បញ្ជាក់ថា ហេតុដែលយឺតយ៉ាវដោះស្រាយមិនចេញនោះ ដោយសារការកំណត់ចំនួនតួលេខរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះពុំទាន់បញ្ចប់នៅឡើយ គឺមានអ្នកចំណូលថ្មីចូលមករស់នៅច្រើន។ ទោះយ៉ាងនេះក្ដីលោកថា អាជ្ញាធរកំពុងដុតដៃដុតជើងលើការងារនេះ ហើយថានឹងបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខ៖ «អ៊ីចឹងខ្ញុំចង់ជម្រាបជូនថា មិនមែនអាជ្ញាធរធ្វើហើយទុកចោលមិនដោះស្រាយនោះទេ គឺការងារហ្នឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងតែធ្វើការដោះស្រាយ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ហេតុដែលប្រជាពលរដ្ឋស្វែងរកដំណោះស្រាយរឿងទំនាស់ដីដោយវិធីបួងសួងនេះ ដោយសារពួកគាត់គ្មានជំនឿទៅការរកដំណោះស្រាយរបស់អាជ្ញាធរ៖ «កន្លងមកអាជ្ញាធរតែងសន្យាថា ដោះស្រាយឲ្យប្រជាពលរដ្ឋជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែការសន្យានោះពុំទទួលបានលទ្ធផលនោះទេ ហើយយន្តការដោះស្រាយរបស់អាជ្ញាធរនោះ ភាគច្រើនលើកតែបញ្ហាយកមកជែកគ្នា ហើយប្រសិនបើនៅតែបន្តទៅទៀត គឺមិនអាចបញ្ចប់បញ្ហានេះបាននោះទេ»។
ដីដែលប្រជាពលរដ្ឋបួងសួងនៅឃុំបឹងប្រាំ ស្រុកបវេលនោះ កាលពីឆ្នាំ១៩៩៩ ជាអតីតដីសមាហរណកម្មរបស់រដ្ឋាភិបាលប្រមាណជាង ១.០៨០ហិកតារ សម្រាប់បែងចែកមន្ត្រីយោធិនកាត់រំសាយ ដែលមានប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ។ កន្លងមកប្រជាពលរដ្ឋធ្លាប់តវ៉ាឲ្យអាជ្ញាធរដោះស្រាយតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិជាច្រើនសាមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។