CCHR៖ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ប៉ះពាល់​ដល់​ការ​រស់​នៅ​ពលរដ្ឋ

ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​កន្លង​មក​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​មាន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន និង​ចាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាក់​គុក​ជាដើម។

0:00 / 0:00

ការ​ផ្ទេរ​ផ្ទៃដី​ដ៏​ធំធេង​ឲ្យ​ទៅ​ក្រុមហ៊ុន​ពី​សំណាក់​រដ្ឋាភិបាល​នោះ ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជករ ក្នុង​រូបភាព​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ គឺ​ជា​ការ​ផ្ដល់​រង្វាន់​ទៅ​ឲ្យ​ជន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ផ្នែក​នយោបាយ​នៅ​ក្នុង​បក្ស​កាន់​អំណាច ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ខាត​បង់។

គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ផ្ដល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ទទួល​បាន​ដី​ពី​រដ្ឋាភិបាល​នោះ ធ្វើ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម។

ផ្ទុយ​ទៅ​វិញ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល រក​ឃើញ​ថា មិន​មែន​ជា​កត្តា​រុញ​ច្រាន​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នោះ​ទេ តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​ទៅ​វិញ។

មន្ត្រី​សម្របសម្រួល​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ កំពុង​រង​ប៉ះពាល់​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ពិសេស​អ្នក​ងាយ​រងគ្រោះ មាន​ស្ត្រី និង​កុមារ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ចេញ​កំណត់ត្រា​សង្ខេប​កាល​ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ​២០១៣ នៅ​ក្នុង​កំណត់​ត្រា​ស្ដីពី​កំណែ​ទម្រង់​ដីធ្លី បាន​សរសេរ​យ៉ាង​លំអិត​អំពី​ផល​ប៉ះពាល់​ដោយ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​សំណាក់​រដ្ឋាភិបាល។

នៅ​ក្នុង​កំណត់​ត្រា​នោះ បាន​សរសេរ​ថា របត់​នៃ​ការ​ផ្លាស់​ប្ដូរ​ដ៏​ទូលំទូលាយ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​រឿងរ៉ាវ​ថ្មីៗ​នេះ​ធៀប​ទៅ​នឹង​អតីត​កាល ដែល​រដ្ឋាភិបាល​នៃ​របប​ខ្មែរ​ក្រហម​បាន​បង្ក​មហន្តរាយ ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ នោះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ការ​ដក​ហូត​សិទ្ធិ​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ​លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​ដំណាក់​កាល​មួយ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​កម្មសិទ្ធិ​ដីធ្លី។ ការ​ប្រឹងប្រែង​ក្រោយ​មក​ទៀត​របស់​ពួក​គេ ដើម្បី​ឲ្យ​ត្រឡប់​ដូច​ដើម​វិញ និង​ការ​តស៊ូ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ប្រជាពលរដ្ឋ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ដក​ហូត​ដីធ្លី​ពី​សំណាក់​រដ្ឋាភិបាល ដែល​ខកខាន​ពុំ​បាន​ទទួល​ស្គាល់​ពី​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​ត្រូវ​បំពេញ​ជូន​ប្រជាពលរដ្ឋ។

កាល​ពី​ឆ្នាំ​២០១១ មាន​ការ​ប៉ាន់​ប្រមាណ​ថា ប្រជាពលរដ្ឋ​ចំនួន ១សែន ៥ពាន់​នាក់ នៅ​ទូទាំង​ប្រទេស បាន​រស់នៅ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​តាម​បណ្ដា​សហគមន៍​នានា​នៅ​ទី​ជនបទ និង​ទីក្រុង។ ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច កំពុង​តែ​ត្រូវ​បាន​គេ​បដិសេធ​សិទ្ធិ​ទទួល​បាន​លំនៅឋាន សិទ្ធិ​កាន់​កាប់​ដីធ្លី និង​សិទ្ធិ​ប្រកប​មុខ​របរ។ ជាង​នេះ​ទៅ​ទៀត ជម្លោះ​ដីធ្លី​ជាច្រើន​កើត​ឡើង​នៅ​តាម​តំបន់​ដែល​មាន​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង រួម​មាន​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ និង​រាជធានី​ភ្នំពេញ នៅ​តំបន់​ទាំង​នេះ ជម្លោះ​ដីធ្លី​កើត​ឡើង​ដោយ​ក្រុម​អ្នក​មាន​អំណាច។

អនុប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​លើក​ឡើង​ថា ផ្ទៃដី​អភិរក្ស​ការពារ​កាន់​តែ​រួម​តូច​ទៅៗ ដោយសារ​តែ​រដ្ឋាភិបាល​បាន​យក​ដី​ធ្វើ​សម្បទាន​សេដ្ឋកិច្ច ការ​ធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម។ លោក ចាន់ សុវ៉េត អះអាង​ថា ទោះ​បី​ជា​រដ្ឋាភិបាល​កំពុង​អនុវត្ត​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី តាម​រយៈ​ការ​បញ្ជូន​ក្រុម​យុវជន​ចុះ​ទៅ​វាស់​វែង​ដី​ជូន​ប្រជាពលរដ្ឋ​ក្ដី ប៉ុន្តែ​មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​បាន​ទាំង​ស្រុង​ដែល​កើត​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​បាន​ទេ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បំភ្លឺ​ថា រដ្ឋាភិបាល​មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត រដ្ឋាភិបាល​បាន​ដក​ហូត​យក​មក​វិញ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន​នោះ​មិន​គោរព​តាម​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​នោះ។

កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១២ នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​ដាក់​ចេញ​នូវ​បទ​បញ្ជា​មួយ ឲ្យ​មាន​ការ​ផ្អាក​បណ្ដោះ​អាសន្ន​នូវ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី និង​ពង្រឹង​អ្វី​ដែល​ហៅ​ថា​គោល​នយោបាយ​ស្បែក​ខ្លា។

ទោះ​ជា​យ៉ាង​ណា អង្គការ​អាដហុក បាន​អង្កេត​ឃើញ​ថា ត្បិត​មាន​ការ​ប្រកាស​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ផ្លូវ​ការ​ក្ដី ប៉ុន្តែ​រាជ​រដ្ឋាភិបាល​ក៏​នៅ​តែ​បាន​ចេញ​អនុក្រឹត្យ​ចំនួន​៦៦ ដោយ​បម្រុង​ដី​ចំនួន​ជាង ៣សែន​ហិកតារ ទុក​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​បន្ថែម​ទៀត ដែល​ភាគ​ច្រើន​ដី​ទាំង​នោះ​ប៉ះពាល់​លើ​ដី​តំបន់​ការពារ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត បាន​អះអាង​ថា គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល​ដែល​បញ្ជូន​ក្រុម​និស្សិត​ទៅ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នោះ មិន​មែន​ជា​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​បាន​ទាំង​ស្រុង​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​ជា​រូប​ភាព​នយោបាយ​ទេ។

កំណត់​ត្រា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ស្ដីពី​កំណែ​ទម្រង់​ដីធ្លី​ដដែល សរសេរ​ថា ផ្ទៃ​ដី​ដ៏​ធំធេង រដ្ឋាភិបាល​នៅ​តែ​ផ្ទេរ​ពី​សំណាក់​រដ្ឋាភិបាល ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ក្នុង​រូប​ភាព​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដី​សម្បទាន​សង្គមកិច្ច និង​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​គ្មាន​ការ​ប្រកាន់​ភ្ជាប់​តាម​កម្រិត តាម​ផ្លូវ​ច្បាប់​អំពី​ទំហំ​ដី​ដែល​ត្រូវ​ផ្ដល់​ជូន ការ​ចាត់​ចំណាត់​ថ្នាក់​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​នូវ​ដី​ដែល​ត្រូវ​បាន​ទទួល​បាន​ដោយ​ស្រប​ច្បាប់ ការ​វាយ​តម្លៃ​ជា​បឋម​ដែល​ចាំបាច់​អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ការ​គោរព​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​បាន​ពី​ការ​ពិគ្រោះ​យោបល់ និង​ទទួល​បាន​សំណង​ដោយ​យុត្តិធម៌។

ប្រធាន​ផ្នែក​កម្មវិធី​ដីធ្លី និង​ធនធាន​ធម្មជាតិ លោក ជុំ ណារិន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ ពីព្រោះ​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច រដ្ឋាភិបាល​ត្រូវ​ពិគ្រោះ​យោបល់​ជា​សាធារណៈ ពិនិត្យ​មើល​សណ្ឋាន​ដី ហើយ​ការ​បណ្ដេញ​ចេញ​អាច​ទៅ​បាន​នោះ ត្រូវ​មាន​លក្ខខណ្ឌ​ពី​ប្រជាពលរដ្ឋ​ជា​មុន និង​ផ្សេងៗ​ទៀត។

ម្យ៉ាង​វិញ​ទៀត របាយការណ៍​របស់​វេទិកា​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ស្ដីពី​ការ​អភិវឌ្ឍន៍​ឆ្នាំ​២០១០ ឆ្នាំ​២០១២ បាន​សរសេរ​ថា គិត​មក​ដល់​ឆ្នាំ​២០១១ កម្មវិធី​ចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មាន​ជាង ១លាន ៧​សែន​ប័ណ្ណ។

ទោះ​យ៉ាង​នេះ​ក្ដី ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ចែង​ពី​ដំណើរ​ការ​សម្រាប់​ចុះ​បញ្ជី​លើ​ដីធ្លី​រួម​របស់​សហគមន៍ ជនជាតិ​ដើម​ភាគ​តិច ដែល​មាន​អត្ថន័យ​ក្នុង​ការ​ការពារ​នូវ​ដីធ្លី​របស់​សហគមន៍​ទាំង​នោះ ក្នុង​ទម្រង់​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​សហគមន៍។ យ៉ាង​ណា​ក្ដី ប័ណ្ណ​បែប​នេះ រដ្ឋាភិបាល​មិន​ទាន់​ផ្ដល់​ជូន​នៅ​ឡើយ។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ វ៉ូហ្ស៊ីហ្សាន ជិត ២​សែន​ហិកតារ ដើម្បី​អភិវឌ្ឍន៍​ដាំ​ដើម​ស្រល់ នៅ​លើ​ដី​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ផ្ទុយ​នឹង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១។

សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​ចេញ​របាយការណ៍​កាល​ពី​ខែ​កុម្ភៈ បាន​សរសេរ​ថា រាជ​រដ្ឋាភិបាល បាន​ផ្តល់ ឬ​បម្រុង​ដី​យ៉ាង​តិច ២.៦៥៧.៤៧០​ហិកតារ ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច។ ចំនួន​នេះ កើន ១៦,៧% ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០១១ ដែល​មាន ២.២៧៦.៣៤៩​ហិកតារ។ គិត​មក​ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១២ មាន​ពលរដ្ឋ​ចំនួន ៣៨​នាក់ កំពុង​ឃុំ​ក្នុង​ពន្ធនាគារ និង ៥០​នាក់​ផ្សេង​ទៀត កំពុង​រត់​ភៀស​ខ្លួន និង​មាន​សហគមន៍​ចំនួន ១៥០ កំពុង​ត្រូវ​បាន​គំរាម​កំហែង​ឲ្យ​រើ​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ​នៅ​រាជធានី​ភ្នំពេញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ទទួល​បាន​ដី​ដោយ​សមធម៌ និង​សុវត្ថិភាព​នៃ​ការ​កាន់​កាប់​ដី សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅ​ទី​ប្រជុំ​ជន និង​ជនបទ មិន​ទាន់​សម្រេច​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ជា​រឿយៗ​គេ​សង្កេត​ឃើញ​ថា សហគមន៍​ក្រីក្រ​នៅ​ទី​ប្រជុំ​ជន បន្ត​ប្រឈម​នឹង​អ​សុវត្ថិភាព​ដី​ធ្លី និង​ការ​ផ្លាស់​ប្ដូរ​ទី​លំនៅ​ដោយ​បង្ខំ​ជា​ប្រចាំ។ បន្ថែម​ពី​លើ​នេះ​ទៀត នៅ​ពេល​មាន​ការ​បណ្ដេញ​ចេញ ធ្វើ​ឡើង​ដោយ​អាជ្ញាធរ រដ្ឋាភិបាល​ការពារ​ឲ្យ​ក្រុមហ៊ុន ដើម្បី​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង​នោះ​ដោយ​ហិង្សា ដែល​កើត​មាន​ទាំង​នៅ​ជនបទ និង​ទី​ប្រជុំ​ជន។

ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ និង​ស្ថិរភាព​សេដ្ឋកិច្ច ដោយសារ​តែ​ប្រជាពលរដ្ឋ​ត្រូវ​គេ​បណ្ដេញ​ចេញ​ជា​ញឹកញាប់ ត្រូវ​បាន​ដក​ហូត​នូវ​ជីវភាព​នៃ​ការ​ចិញ្ចឹម​ជីវិត និង​ត្រូវ​បាន​តាំង​ទីលំនៅ​ថ្មី​នៅ​កន្លែង​ពុំ​បាន​ប្រតិបត្តិ​តាម​បទដ្ឋាន​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។