មេធាវីដើមបណ្ដឹងដែលប្ដឹងអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា នៅមិនទាន់ច្បាស់ពីមូលហេតុនៃការសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ចំពោះបណ្ដឹងរបស់អ្នកស្រី ឈិន សុគន្ធារី ហៅ យាយក្រពើ ជុំវិញរឿងទំនាស់ដីធ្លីជាង ៣៤ហិកតារនៅឡើយទេ។ យាយក្រពើបានចោទអភិបាលជិតផុតអាណត្តិ លោក កែប ជុតិមា និងបក្ខពួក ថាបានរំលោភយកដីរបស់គាត់ និងប្ដឹងទាមទារសំណងជំងឺចិត្ត ១០០លានដុល្លារ។
លោក សុក សំអឿន មេធាវីការពារក្ដីឲ្យអ្នកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ត្រៀមដាក់លិខិតផ្លូវការទៅតុលាការភ្នំពេញ នៅពេលឆាប់ៗ ឲ្យបញ្ជាក់ពីមូលហេតុនៃការសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់ព្រះរាជអាជ្ញា ជុំវិញបណ្ដឹងបណ្ដឹងទាស់ទៅអភិបាលក្រុងភ្នំពេញ។
អ្នកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប (Layimex Holding Grop) បានដាក់ពាក្យប្ដឹងលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងគូកនពីបទប្រើអំណាចដោយរំលោភ ការក្លែងបន្លំ ការធ្វើប័ណ្ណដោយបំពាន និងការធ្វើរបាយការណ៍ភូតកុហកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា អ្នកស្រីបានកាន់កាប់ដីសាធារណៈរបស់រដ្ឋក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្នុងបណ្ដឹងរបស់អ្នកស្រី ចុះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ អ្នកស្រីបានទាមទារឲ្យតុលាការផ្ដន្ទាទោសលោក កែប ជុតិមា និងគូកនតាមច្បាប់ និងប្ដឹងទាមទារប្រាក់ជំងឺចិត្តចំនួន ១០០លានដុល្លារ ពិសេសស្នើសុំឲ្យរដ្ឋប្រគល់ដីទំហំជាង ៣៤ហិកតារឲ្យអ្នកស្រីគ្រប់គ្រងវិញ។
ទោះបីពាក្យបណ្ដឹងនេះត្រូវបានធ្លាក់ក្នុងដៃតុលាការហើយក្ដី ក៏ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានចេញលិខិតជូនដំណឹងមួយកាលពីពេលថ្មីៗ ដោយសម្រេចតម្កល់រឿងនេះទុកឥតចាត់ការ។ ដោយក្នុងលិខិតនោះ មិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដ។
មេធាវីការពារក្ដីអ្នកស្រី ឈិន សុគន្ធារី គឺលោក សុក សំអឿន ពន្យល់ថា មានករណីពីរដែលលោកសង្ស័យទៅលើការសម្រេចចិត្តរបស់តុលាការ។ ទី១ មិនដឹងថា តើព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ សម្រេចតម្កល់រឿងមិនចាត់ការលើបណ្ដឹង ដោយសារតែកូនក្ដីរបស់លោកដាក់កាលបរិច្ឆេទខុសក្នុងពាក្យបណ្ដឹង ឬក៏ទី២ សម្រេចតម្កល់រឿងមិនចាត់ការលើរឿងព្រហ្មទណ្ឌ។
លោក សុក សំអឿន៖ «ប្រហែលជាអាចពាក់ព័ន្ធបច្ចេកទេសគ្រាន់តែគេមិនចាត់ការបណ្ដឹងទេ តែខ្ញុំមិនទាន់ដឹងថា ព្រះរាជអាជ្ញាសម្រេចយ៉ាងម៉េចទេ គ្រាន់ពាក្យបណ្ដឹងយើងឃើញអ្នកស្រី សុគន្ធារី គាត់ដាក់ថ្ងៃខែច្រឡំ ខែសីហា ឆ្នាំ២០១៣ ដល់អ៊ីចឹងទៅព្រះរាជអាជ្ញាគាត់លើកចោលអាហ្នឹង។ ដូច្នេះប្រហែលជាអ្នកស្រីត្រូវដាក់ពាក្យម្ដងទៀតហើយមើលទៅ ដើម្បីឲ្យត្រូវថ្ងៃខែ។ តាមមើលបើទុកអត់ចាត់ការរឿងព្រហ្មទណ្ឌ អ៊ីចឹងយើងតវ៉ាទៅសាលាឧទ្ធរណ៍ តែបើអត់ចាត់ការបណ្ដឹង យើងដាក់ពាក្យបណ្ដឹងម្ដងទៀត»។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ បានទេ នៅថ្ងៃទី២៥ ខែមេសា ដោយលោកមិនលើកទូរស័ព្ទ។
អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ។ ទោះជាយ៉ាងណា ទាំងអ្នកស្រី ឈិន សុគន្ធារី ទាំងលោក កែប ជុតិមា ធ្លាប់ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ កោះហៅឲ្យមកឆ្លើយបំភ្លឺនៅតុលាការដូចគ្នា កាលពីដើមខែមេសា។ ប៉ុន្តែលោក កែប ជុតិមា មិនបានចូលឆ្លើយបំភ្លឺទេ។ រីឯដើមបណ្ដឹង អ្នកស្រី ឈិន សុគន្ធារី ក៏មិនបានចូលឆ្លើយបំភ្លឺផ្ទាល់ចំពោះព្រះរាជអាជ្ញាដែរ តែមេធាវីលោក សុក សំអឿន សរសេរសារណាការពារបណ្ដឹងឲ្យអ្នកស្រី។
អ្នកស្រី ឈិន សុគន្ធារី កំពុងគេចខ្លួននៅក្រៅប្រទេសពីការតាមច្បាប់ខ្លួនរបស់អាជ្ញាធរ បន្ទាប់ពីអ្នកស្រីត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ៦ខែ ពីបទរំលោភលើដីសាធារណៈរបស់រដ្ឋ នៅលើដីទំហំជាង ៣៤ហិកតារ តាមបណ្ដឹងរបស់សាលារាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១២។ អ្នកស្រី ឈិន សុគន្ធារី បានប្ដឹងបកទៅលោក កែប ជុតិមា វិញ បន្ទាប់ពីដីរឹបអូសរួច ត្រូវបានលក់ឲ្យក្រុមហ៊ុនផ្សេង និងមិនបានទុកជាសម្បត្តិរបស់រដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។