ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​បង្កើត​បទបញ្ជា​ផ្ទៃក្នុង​ការពារ​វប្បធម៌​និង​ធនធាន​ធម្មជាតិ

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​ថ្មី​ទៀត​នៅ​ខេត្ត​រតនគិរី នាំ​គ្នា​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​សហគមន៍​​​ដើម្បី​ការពារ​ការ​បាត់បង់​ដីធ្លី​ព្រៃឈើ និង​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​នៅ​ពេល​បច្ចុប្បន្ន ​និង​ត​ទៅ​ថ្ងៃ​អនាគត។ ការ​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទទួល​​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល និង​កំណត់​អត្តសញ្ញាណ​សហគមន៍​ជា​ជនជាតិ​ដើម​ភាគ​តិច។

បញ្ហា​បាត់បង់​ដីធ្លី ព្រៃឈើ គឺ​ជា​កត្តា​សំខាន់​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កាចក់ ភូមិ​កាណាត ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ចាត់​ទុក​ជា​បញ្ហា​អាទិភាព​ដាក់​បញ្ចូល​ក្នុង​បទបញ្ជា​ផ្ទៃក្នុង​សហគមន៍​នាំ​គ្នា​ការពារ និង​ថែរក្សា​ឲ្យ​បាន​គង់វង្ស បន្ទាប់​ពី​សហគមន៍​សម្រេច​អនុម័ត​យល់ព្រម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​ផ្ទៃក្នុង​កំណត់​សម្រាប់​សមាជិក​សហគមន៍​គ្រប់ៗ​គ្នា។

​បទបញ្ជាផ្ទៃក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កាចក់ ភូមិ​កាណាត មាន ១០​ជំពូក និង ៥១​ប្រការ​ត្រូវ​​បាន​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​អាន​ជូន​សមាជិក​ជាង ១០០​គ្រួសារ​ម្ដង​មួយ​ប្រការៗ និង​អនុម័ត​ដោយ​លើក​ដៃ​ពី​សមាជិក​ចូល​រួម​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា នៅ​ភូមិ​កាណាត។

ប្រធាន​សហគមន៍​ភូមិ​កាណាត លោក សល់ ហ្នើច ថ្លែង​បញ្ជាក់​ថា ការ​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​សហគមន៍​នេះ គឺ​ដើម្បី​អនុវត្ត​សកម្មភាព​ការងារ​អភិរក្ស​សហគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ត្រៀម​សុំ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​​ចៀសវាង​បាត់បង់​ដី​បន្ត​ទៀត។

លោក​កត់សំគាល់​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដោយ​រដ្ឋាភិបាល​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រឈម​ទៅ​នឹង​បញ្ហា​បាត់បង់​ដី​ចម្ការ​វិល​ជុំ ដី​ព្រៃ​កប់​សព ដី​ព្រៃ​គោរព​បូជា ដែល​ជា​ធនធាន​សំខាន់​បម្រើ​ជីវភាព​រស់​នៅ ​និង​ជា​គ្រឹះ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ច្រើន​ជំនាន់​មក​ហើយ៖ «កូនចៅ​យើង​ជំនាន់​ក្រោយ​ដឹង​ថា ដើម​គ្រញូង​យ៉ាង​ម៉េច ដើម​ស្រឡៅ​យ៉ាង​ម៉េច ដើម​បេង​យ៉ាង​ម៉េច អ៊ីចឹង​គាត់​អត់​ស្គាល់។ កន្លែង​នេះ​យើង​ត្រូវ​ចាប់​អារម្មណ៍​ទាំង​អស់​គ្នា យើង​គួរ​ការពារ​ឲ្យ​បាន​គង់វង្ស​ឋិតថេរ​ចាប់​ពី​ពេល​នេះ»

ជនជាតិ​ដើម​ភាគតិច​កាចក់ ភូមិ​កាណាត ជិត ២០០​គ្រួសារ ក្នុង​នោះ ៩៩​ភាគរយ​បាន​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​ឯកជន​កាល​ពី​ឆ្នាំ​២០១២ តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល។

​បន្ទាប់ពី​ការ​ចុះ​បញ្ជី​ដី​នោះ​មក ការ​បាត់បង់​ដីធ្លី​របស់​អ្នក​ភូមិ​នៅ​តែ​បន្ត​កើត​មាន​ដោយសារ​តែ​អ្នកភូមិ​ខ្លះ​ខ្វះខាត​ជីវភាព​ក្នុង​គ្រួសារ​បាន​យក​ដី​នោះ​លក់ ឬ​បញ្ចាំ​ទៅ​ឲ្យ​អ្នក​ក្រៅ​សហគមន៍ ខណៈ​ដី​សហគមន៍​កាន់​តែ​រួម​តូច​ដោយសារ​ដី​តំបន់​នោះ​មួយ​ផ្នែក​ធំ​រដ្ឋ​ប្រគល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម។

សមាជិក​សហគមន៍​លោក យ៉ា ហេម មាន​ប្រសាសន៍​ថា ការ​បាត់បង់​ដី​កាន់​តែ​ច្រើន​ធ្វើ​ឲ្យ​អ្នក​ភូមិ​សម្រេច​ចិត្ត​យក​ដី​ដែល​ចុះ​បញ្ជី​កម្មសិទ្ធិ​ឯកជន​រៀបចំ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​វិញ ពីព្រោះ​ការ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​មិន​បង្ក​លក្ខណៈ​ឲ្យ​អ្នក​ភូមិ​លក់​ដូរ​ផ្ទេរ ឬ​បញ្ចាំ​ដី​ទៅ​មជ្ឈដ្ឋាន​ក្រៅ​សហគមន៍​បាន​ឡើយ។ លើស​ពី​នេះ​ទៀត ការ​ចុះ​បញ្ជី​ដី​សមូហភាព​នឹង​ធ្វើ​ឲ្យ​សហគមន៍​រួម​គ្នា​ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​បាន​ប្រសើរ​ឡើង​វិញ៖ «វា​លំបាក​ដោយសារ​អត់​មាន​ដី​អស់​ដី​ហើយ។ សហគមន៍​សំណូមពរ​ចង់​បាន​ដី គឺ​ដី​ហ្នឹង​ជា​ដី​សហគមន៍​ចម្ការ​វិល​ជុំ​ពី​ដើម។ រឿង​ដី​កប់​ខ្មោច​គេ​ចង់​ទាមទារ​សង​មក​វិញ»

សមាគម​ខ្មែរ​លើ​គឺ​ជា​អ្នក​គាំទ្រ និង​ជួយ​សម្របសម្រួល​បង្កើត​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កាចក់ ភូមិ​កាណាត ក្រោម​កិច្ចសហការ​បច្ចេកទេស​ពី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ និង​ក្រុម​ការងារ​ចុះ​បញ្ជី​ជនជាតិ​ដើម​ភាគ​តិច​ជា​នីតិបុគ្គល​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី។

នាយិកា​សមាគម​ខ្មែរ​លើ អ្នកស្រី ដាំ ចន្ធីរ កត់សំគាល់​ថា ការ​កើន​ឡើង​នៃ​ចំណាកស្រុក និង​ក្រុមហ៊ុន​​វិនិយោគ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ដី​ចម្ការ​វិល​ជុំ និង​តំបន់​ព្រៃឈើ​សហគមន៍​អភិរក្ស កត្តា​នេះ​បាន​ជះឥទ្ធិពល​បន្ត​ទៅ​លើ​ការ​ប្រតិបត្តិ​ជំនឿ​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម និង​សាមគ្គីភាព​សហគមន៍​​ដែល​​មិន​អាច​ប្រឈម​ទៅ​នឹង​វប្បធម៌​ថ្មី ខណៈ​ជនជាតិ​ដើម​ភាគតិច​មានការ​យល់​ដឹង​មិន​ទូលំទូលាយ។

អ្នកស្រី​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​គាំទ្រ​កិច្ចការពារ​ដីធ្លី ព្រៃឈើ និង​ថែរក្សា​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ឲ្យ​នៅ​គង់វង្ស៖ «សំខាន់​គឺ​យើង​ចង់​ការពារ​ប្រពៃណី​វប្បធម៌​របស់​ពួកគាត់ ចង់​ឲ្យ​គាត់​មាន​ការ​សាមគ្គី​គ្នា​ព្រៃ​អារក្ស​ ព្រៃ​ជំនឿ​របស់​ពួកគាត់​នៅ​ឋិតថេរ។ បើ​គាត់​បាត់បង់​ព្រៃឈើ ដីធ្លី ពួកគាត់​នឹង​បាត់បង់​អត្តសញ្ញាណ»

​ទាក់ទិន​ការ​បង្កើត​បទបញ្ជាផ្ទៃក្នុង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កាចក់ ភូមិ​កាណាត នេះ មេ​ឃុំ​តាឡាវ លោក ថា ប៊ុនឡត ចាត់​ទុក​ថា មាន​សារសំខាន់​ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ដីធ្លី​ជនជាតិ​ដើម​​ភាគតិច​ទៅ​ថ្ងៃ​អនាគត។

លោក​ថា ជនជាតិ​ដើម​សម្រេច​ចិត្ត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ និង​រួមគ្នា​​គោរព​បទបញ្ជា​ផ្ទៃក្នុង​របស់​ខ្លួន​ឲ្យ​បាន​ជាក់លាក់ ដើម្បី​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​សហគមន៍​បាន​កាន់​​តែ​ប្រសើរ៖ «បច្ចុប្បន្ន​នេះ​ក្រោយ​ពី​ពុក​ម៉ែ​បាន​ទទួល​ប្លង់​រឹង ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ បងប្អូន​មិន​លក់​ទេ តែ​បងប្អូន​ដាក់​បញ្ចាំ​ធនាគារ​នេះ​អត្រា​បង​ប្អូន​ប្រឈម។ អ៊ីចឹង​ធនាគារ​ខ្លះ​គាត់​ដាក់​អត្រា​ការ​ខ្ពស់​ណាស់​បង​ប្អូន​គ្មាន​លទ្ធភាព​បង់​ទេ បង​ប្អូន​មាន​តែ​លក់​ដី​ដើម្បី​យក​ប្រាក់​សង​ធនាគារ»

​ដូច​គ្នា​នេះ​ដែរ ប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ស៊ិន ធន ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​បង្កើត​បទបញ្ជា​ផ្ទៃក្នុង​សហគមន៍​ដើម្បី​ពង្រឹង​កិច្ចការពារ​ដីធ្លី និង​សាមគ្គីភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

លោក​ថា បទបញ្ជា​ផ្ទៃក្នុង​​កំណត់​ពី​ការ​ប្រើប្រាស់​ដី និង​ការ​អាស្រ័យ​ផល​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ដែល​ជា​ចំណុច​សំខាន់​ទាក់ទិន​ការ​គ្រប់គ្រង​សហគមន៍​ជនជាតិ​ដើម​បាន​ប្រសើរ៖ «បើ​បងប្អូន​ចូល​សហគមន៍​មក​វិញ យើង​គ្រប់គ្រង​បាន​ល្អ ដីធ្លី​ប្រពៃណី។ ពាក់ព័ន្ធ​បទបញ្ជា​ផ្ទៃ​​ក្នុង​ក៏​មាន​ចែង​ពី​ការ​ប្រើប្រាស់​ដី​អាស្រ័យ​ផល​លើ​ចំណែក​ដី​ដែល​យើង​បាន​ធ្វើ​ពី​ដើម​មក​ដែរ»

​នៅ​ខេត្ត​រតនគិរី ចាប់​ពី​ឆ្នាំ​២០០៩ រហូត​បច្ចុប្បន្ន សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រមាណ ៦៧​ភូមិ​បាន​​ចុះ​បញ្ជី​ទទួល​ស្គាល់​អត្តសញ្ញាណ​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ ៤៦​សហគមន៍​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល​នៅ​ក្រសួង​មហាផ្ទៃ​ និង ២​សហគមន៍​ទៀត បាន​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។