ប្រជាពលរដ្ឋ២៨ គ្រួសារនៅភូមិជាំផ្អប ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅតែព្រួយបារម្ភចំពោះសកម្មភាពឈូសឆាយលើដីចម្ការវិលជុំរបស់ប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ដោយមិនទាន់មានការដោះស្រាយពីសំណាក់អាជ្ញាធរឱ្យសមរម្យនោះឡើយ។
ចំណែកឯអាជ្ញាធរបញ្ជាក់ថា បញ្ហានេះ ពួកគេបានធ្វើការដោះស្រាយហើយ ប៉ុន្តែប្រជាពលរដ្ឋនៅតែទាមទារយកដីព្រៃរបស់រដ្ឋជាដីរបស់ខ្លួន ទើបធ្វើឱ្យការដោះស្រាយមានការលំបាក។
ប្រជាពលរដ្ឋ ២៨គ្រួសាររស់នៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានតវ៉ាចំពោះសកម្មភាពឈូសឆាយដីចម្ការវិលជុំរបស់ពួកគាត់ពីសំណាក់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ដែលទទួលបានដីសម្បទានជាច្រើនហិកតារនៅក្នុងស្រុកសណ្ដាន់។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិជាំផ្អប ឃុំសណ្ដាន់ ម្នាក់ លោក ហេ វ៉ាន់ឡុង មានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន ២៨គ្រួសារកំពុងតែទទួលរងផលប៉ះពាល់ដោយការឈូសឆាយដីចម្ការវិលជុំរបស់ពួកគាត់ និងមានការឈូសឆាយដីដាំដំណាំដែលមានស្រាប់ផងនោះប្រមាណជាង ៩០ហិកតារ។ លោកបន្តថា ប្រជាពលរដ្ឋទាំងនោះគឺជាប្រជាពលរដ្ឋដែលមានដើមកំណើតនៅទីនោះតែម្ដង ហើយនាំគ្នាប្រកបមុខរបរធ្វើចម្ការគ្រាន់ចិញ្ចឹមជីវិត ហើយប្រសិនមិនមានដីធ្លីនោះ ប្រជាពលរដ្ឋមានតែចំណាកស្រុកតែប៉ុណ្ណោះ។
លោក ហេ វ៉ាន់ឡុង៖ «សូមឱ្យអាជ្ញាធរមកជួយដោះស្រាយប្រជារាស្ត្រដែលកំពុងតែក្រីក្រហ្នឹងផង កំពុងតែអត់ដីនៅហ្នឹងផង ហើយបើចេះធ្វើតែអ៊ីចឹងប្រជាជនងាប់អស់ហើយ ហើយចុះមកមើលទៅពិត ឬមិនពិត? បើមិនពិតទេក៏យកទៅចុះដីហ្នឹង ប្រជាជនសុខចិត្តវេចបង្វេចដើរចេញ។ ដល់អ្នកខ្លះមានដីតែប៉ុណ្ណឹង ដល់ឥឡូវគេធ្វើបាបអ៊ីចឹងទៅ គ្នានាំប្ដីប្រពន្ធទៅស៊ីឈ្នួលស្រុកថៃបាត់ហើយ»។
លោកបន្ថែមទៀតថា ក្រុមហ៊ុនមិនត្រឹមតែឈូសឆាយដីចម្ការវិលជុំរបស់ពួកគាត់នោះទេ ប៉ុន្តែថែមទាំងឈូសលើដីដំណាំរបស់ពួកគាត់ទៀតផង។ លោកបញ្ជាក់ថា កាលពីមុនពេលបោះឆ្នោតអាជ្ញាធរធ្លាប់សន្យាថា នឹងដោះស្រាយរឿងដីធ្លីនេះជូនប្រជាពលរដ្ឋទាំងនោះឱ្យបានចប់សព្វគ្រប់ ប៉ុន្តែក្រោយមកបែរជាអាជ្ញាធរនៅពន្យារពេលក្នុងដោះស្រាយជូនពួកគាត់ទៅវិញ។
អភិបាលស្រុកសណ្ដាន់ លោក អ៊ុន បុត្រ មានប្រសាសន៍នៅថ្ងៃ១១ ឧសភា ថា ខាងអាជ្ញាធរបានចុះទៅដោះស្រាយជាច្រើនលើកមកហើយ ប៉ុន្តែបញ្ហាគឺប្រជាពលរដ្ឋទាំងនោះនៅតែអះអាងដោយយកដីព្រៃរបស់រដ្ឋដែលរាជរដ្ឋាភិបាលបានផ្ដល់សម្បទានទៅឱ្យក្រុមហ៊ុនថា ជាដីរបស់ពួកគាត់ ទើបធ្វើឱ្យអាជ្ញាធរមានការពិបាកដោះស្រាយ។ លោកបន្តថា ក្នុងចំណោមប្រជាពលរដ្ឋទាំង ២៨គ្រួសារនោះ អាជ្ញាធរបានពិនិត្យលើភាពជាក់ស្ដែងក្នុងការអាស្រ័យផលរបស់ពួកគាត់ឃើញមានប្រមាណ ៥គ្រួសារ។ ចំណែកការឈូសឆាយរបស់ក្រុមហ៊ុនប៉ះពាល់លើដីដំណាំប្រជាពលរដ្ឋនោះ លោកបញ្ជាក់ថា គឺមានការព្រមព្រៀងគ្នារវាងម្ចាស់ដំណាំនិងខាងក្រុមហ៊ុនដើម្បីធ្វើការដោះដូរដីគ្នា។
លោក អ៊ុន បុត្រ៖ «អត់ច្បាស់លាស់រឿងដីគាត់។ គាត់ចង្អុលមកដីព្រៃទាំងអស់យើងមិនដឹងដោះយ៉ាងម៉េច។ បើគាត់ចង្អុលឃើញមានដំឡូងឃើញមានចន្ទី ឃើញមានស្រូវ កញ្ឆៀងអីទៅអាហ្នឹងស្រួលនិយាយជាមួយក្រុមហ៊ុនទេ។ អាហ្នឹងវាជាក់ស្ដែងហើយ ព្រោះយើងធ្វើតាមអនុសាសន៍របស់សម្ដេចថាអ្វីដែលគាត់អាស្រ័យផលមុនថ្ងៃ៧ ខែ៥ ២០១២ គឺយើងជូនប្រជាពលរដ្ឋហើយ បើទោះបីជាដីរបស់ក្រុមហ៊ុនក៏ដោយ។ ប៉ុន្តែអានេះវាអត់មានស្លាកស្នាមអីហៅថា អាស្រ័យផលសោះ ហើយគាត់ចង្អុលដីព្រៃសុទ្ធអ៊ីចឹង ឱ្យខ្ញុំអាជ្ញាធរហ្នឹងការពារគាត់ដោយរបៀបម៉េច?»។
លោកបន្ថែមទៀតថា ប្រសិនបើករណីប្រជាពលរដ្ឋនៅតែមិនពេញចិត្តក្នុងការដោះស្រាយ នោះអាជ្ញាធរមានតែបញ្ជូនសំណុំឯកសារទៅថ្នាក់ជាតិ ព្រោះករណីនេះអាជ្ញាធរមូលដ្ឋានមិនមានសមត្ថកិច្ចក្នុងការដោះស្រាយនោះទេ។
មន្ត្រីអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តកំពង់ធំ លោក ញ៉ែម សារ៉ាត មានប្រសាសន៍ថា តាមការពិនិត្យរបស់លោកឃើញថា ដីដែលកំពុងមានជម្លោះនោះគឺពិតជាដីចម្ការវិលជុំរបស់ប្រជាពលរដ្ឋមែន។ លោកបន្តថា កាលពីថ្ងៃ២៤ មេសា អាជ្ញាធរខេត្តកំពង់ធំ ក៏បានសន្យាក្នុងសិក្ខាសាលារឿងដីធ្លីថា ចុះពិនិត្យជាក់ស្ដែងដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុននៅតែបន្តឈូសឆាយ រីឯការដោះស្រាយហាក់មិនទាន់ឃើញមានលទ្ធផលអ្វីនៅឡើយ។ លោកយល់ថា ជាការប្រសើរ គប្បីអាជ្ញាធរធ្វើការដោះស្រាយជូនប្រជាពលរដ្ឋទាំងនោះឱ្យបានសមរម្យ ព្រោះប្រជាពលរដ្ឋរស់នៅគឺពឹងលើដីចម្ការ ហើយប្រសិនបើគ្មានដី នោះនឹងមានបញ្ហាធ្ងន់ធ្ងរដល់ពួកគាត់មិនខាន និងអាចបង្កបញ្ហាកាន់តែស្មុគស្មាញថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។