ពលរដ្ឋ​បាត់​ទី​ជម្រក​នៅ​កោះកុង​ប្រមូល​ផ្ដុំ​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន

អ្នក​ភូមិ​មួយ​ចំនួន​ជា​តំណាង​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ រស់នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក ពី​បញ្ហា​បាត់បង់​ទី​ជម្រក​រស់នៅ។ ការ​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​នេះ គឺ​បន្ទាប់​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​ប្រមាណ ១០០​ខ្នង ត្រូវ​បាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដាក់​កម្លាំង​រុះរើ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ក្នុង​សប្ដាហ៍​នេះ។

0:00 / 0:00

ពលរដ្ឋ​ប្រមាណ ៥០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ ១៥០​គ្រួសារ រស់នៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ នៅ​តែ​មិន​ទាន់​អស់​ចិត្ត បើ​ទោះ​បី​ជា​លិខិត​សុំ​អន្តរាគមន៍​ពី​បញ្ហា​ផ្ទះ​សម្បែង​របស់​ខ្លួន​បាន​ទៅ​ដល់​ដៃ​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៨ មីនា ហើយ​ក៏​ដោយ។

អ្នកស្រី សំ សេរី ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម ៤៧​នាក់ ដែល​មក​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី៩ មីនា ថា ពួក​គាត់​បាន​នាំ​គ្នា​យក​ញត្តិ​មក​ដាក់​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ពី​បញ្ហា​ផ្ទះ​របស់​គាត់ ដែល​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដាក់​កម្លាំង​រុះរើ​អស់​ជាង ១០០​ខ្នង កាល​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៧ មីនា។ អ្នកស្រី​បន្ត​ថា ពួក​គាត់​បាន​មក​ដល់​ក្រោម​ដើម​ពោធិ៍​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ក្បែរ​វិមាន​ឯករាជ្យ នៅ​ម៉ោង​ប្រមាណ ៤​ល្ងាច​ថ្ងៃ​ទី៨ មីនា ហើយ​ត្រូវ​បាន​មន្ត្រី​ម្នាក់​ចេញ​មក​ទទួល​ញត្តិ​របស់​គាត់ សន្យា​ថា​នឹង​ដាក់​ជូន​លោក ហ៊ុន សែន ដើម្បី​ដោះស្រាយ​បញ្ហា។

មន្ត្រី​ខុទ្ទកាល័យ​ដែល​ចេញ​មក​ទទួល​ញត្តិ​សុំ​អន្តរាគមន៍​ពី​ពលរដ្ឋ បាន​ឆ្លើយ​ដោយ​ខ្លី​ថា លោក​បាន​ទទួល​លិខិត​ពី​អ្នក​ភូមិ​ហើយ។

កាល​ពី​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដងទុង ខេត្ត​កោះកុង បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ឲ្យ​ពលរដ្ឋ​រុះរើ​លំនៅឋាន ហើយ​នៅ​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៧ មីនា ស្ថាប័ន​ដដែល​នេះ​បាន​ដាក់​កម្លាំង​រុះរើ​ផ្ទះ​របស់​អ្នក​ភូមិ​អស់​ប្រមាណ ១០០​ខ្នង។ អាជ្ញាធរ​អះអាង​ថា អ្នក​ភូមិ​មក​រស់​នៅ​លើ​ដី​របស់​រដ្ឋ​ដែល​មាន​ប្លង់​ពី​មន្ទីរ​កសិកម្ម ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដងទុង គ្រប់គ្រង។ ប៉ុន្តែ​អ្នក​ភូមិ​ថា ពួក​គាត់​បាន​កាប់​ឆ្ការ​ព្រៃ​មក​រស់នៅ​លើ​ដី​ចំនួន ៣៦​ហិកតារ​នោះ តាំង​ពី​ឆ្នាំ​១៩៩៧ បន្ត​បន្ទាប់​មក​ដល់​បច្ចុប្បន្ន។

ពាក់ព័ន្ធ​បញ្ហា​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​មតិ​ថា អ្នក​ភូមិ​អាច​ទទួល​បាន​ការ​រស់នៅ​តាម​លក្ខណៈ​ស្រប​ច្បាប់​បាន តាម​រយៈ​ការ​ស្នើសុំ​ដី​សម្បទាន​សង្គម​កិច្ច។ លោក​សង្ឃឹម​ថា អាជ្ញាធរ​ខេត្ត​នឹង​ពិចារណា​ផ្ដល់​ដី​សង្គម​កិច្ច​ដល់​ពលរដ្ឋ។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កោះកុង លោក អ៊ុន ឆាលី មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​សំណើ​ពី​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត នឹង​បើក​ការ​ស៊ើប​អង្កេត​មុន​នឹង​ផ្ដល់​ជូន​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព។

អ្នក​ភូមិ​ដែល​ធ្វើ​ដំណើរ​មក​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ភូមិ​វិញ ដោយ​ការ​អស់​សង្ឃឹម ដោយសារ​តែ​ពួក​គាត់​ពុំ​ទាន់​បាន​លទ្ធផល​ពី​ការ​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។