អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោក កែម ឡី បង្ហាញទស្សនៈថា រដ្ឋាភិបាលគួរអភិវឌ្ឍកោះរ៉ុង នាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យក្លាយទៅជាទីក្រុងប្រណីតមួយ សម្រាប់បម្រើដល់វិស័យទេសចរណ៍ដោយខ្លួនឯង ប្រសើរជាងផ្តល់សិទ្ធិវិនិយោគរយៈពេលវែងទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group)។
ការបង្ហាញទស្សនៈនេះ កើតឡើងក្រោយពេលលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះសម្ពោធបើកការដ្ឋានសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានវិវាទដីធ្លីជាមួយប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង ហើយមិនទាន់មានដំណោះស្រាយឲ្យបានសមរម្យ។
ក្រុមអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់រដ្ឋាភិបាលដែលសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧញ៉ា គិត ម៉េង ដោយពួកគេអះអាងថា តំណាងក្រុមហ៊ុន និងអាជ្ញាធរខេត្ត មិនទាន់ដោះស្រាយផលប៉ះពាល់លើវិវាទដីធ្លីជូនពលរដ្ឋក្នុងសហគមន៍នេះនៅឡើយ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោក កែម ឡី ដែលបានចុះស្រាវជ្រាវទៅលើការជួលកោះ ឬវិនិយោគដីកោះរបស់រដ្ឋាភិបាល ជូនក្រុមហ៊ុនមួយចំនួននាខេត្តព្រះសីហនុ ប៉ុន្មានសប្ដាហ៍កន្លងមកនេះ។ លោកបានចាត់ទុកការផ្តល់សិទ្ធិវិនិយោគរយៈពេលវែងជូនក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថាជាសោកនាដកម្មថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍ ហើយមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនកម្ពុជា។ អ្នកវិភាគរូបនេះ បង្ហាញទស្សនៈមិនគាំទ្រឲ្យរដ្ឋាភិបាល វិនិយោគកោះរ៉ុងឲ្យទៅក្រុមហ៊ុនទេ ប៉ុន្តែគួរតែរដ្ឋាភិបាល ធ្វើការអភិវឌ្ឍកោះនេះដោយខ្លួនឯងឲ្យក្លាយទៅជាទីក្រុងប្រណីត ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋមានចំណែកដីនៅលើកោះរ៉ុង ចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមួយរដ្ឋាភិបាល ប្រសើរជាងផ្តល់ការវិនិយោគទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍផ្តាច់មុខ។
លោក កែម ឡី បន្តថា «ខ្ញុំសោកស្ដាយកោះរ៉ុងនេះណាស់ ពីព្រោះកោះរ៉ុងបើយើងប្រែក្លាយទៅជាខេត្ត ឬក្រុងប្រណីតថ្មីមួយ គឺល្អជាងប្រទេសសាំងហ្គាពួរ (Singapore) ទៅទៀត គឺយើងមិនធ្វើទម្រង់វិនិយោគជូនក្រុមហ៊ុនដូច្នេះទេ។ យើងត្រូវធ្វើសាលាខេត្ត ឬសាលាខណ្ឌ និងក្រុង ជាដើម ហើយយើងត្រូវអភិវឌ្ឍឲ្យមានហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល ហើយកម្មសិទ្ធិឯកជនទាំងអស់ ជំរុញឲ្យប្រជាពលរដ្ឋចូលរួមអភិវឌ្ឍវិញ គឺនឹងក្លាយទៅជាទីក្រុងប្រណីតល្អជាងក្រុមហ៊ុន។ ក្រុមហ៊ុនខ្លះធ្វើនំអត់ម្សៅទេ គឺបានជួលបន្តទៅឲ្យក្រុមហ៊ុនផ្សេងៗ មានដូចជា ជួលឲ្យក្រុមហ៊ុន ហូលីវូដ (Hollywood) ដូចករណីនៅភូមិសុខសាន្ត ជាដើម»។

លោក កែម ឡី ដែលបានចុះសិក្សាពីផលប៉ះពាល់លើវិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន ៤ភូមិនៅលើកោះរ៉ុង ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បានរិះគន់រដ្ឋាភិបាលថា មិនទាន់ជួយរកដំណោះស្រាយលើផលប៉ះពាល់នៃវិវាទដីធ្លីជាមួយពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះរ៉ុង ជូនពលរដ្ឋឲ្យរួចរាល់ជាមុនទេ ប៉ុន្តែបែរជាបានផ្តល់សិទ្ធិជូនក្រុមហ៊ុនអាចបើកការដ្ឋានសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ ឬប្រើគ្រឿងចក្រឈូសឆាយអនុវត្តគម្រោងរបស់ក្រុមហ៊ុន ដែលបានបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋទៅវិញ។
លោក កែម ឡី បន្ថែមថា «ខ្ញុំមើលឃើញសំណើរបស់ក្រសួងដែនដី សំណើរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងចំណាររបស់សម្ដេច ហ៊ុន សែន ជាដើម តម្រូវឲ្យឆ្វៀលដីតាមគោលនយោបាយស្បែកខ្លាជូនពលរដ្ឋនៅលើកោះរ៉ុង ក៏មិនឃើញអាជ្ញាធរមិនអនុវត្តតាមដែរ ហើយបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន ដោយតម្រូវឲ្យពលរដ្ឋទៅសុំសិទ្ធិអភិវឌ្ឍន៍ផ្សេងពីក្រុមហ៊ុន។ ខ្ញុំគិតថា វាជាសោកនាដកម្មមួយទៀតសម្រាប់ពលរដ្ឋកម្ពុជា»។
ការដ្ឋានសង់សណ្ឋាគារលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅលើកោះរ៉ុង ដែលលោកឧបនាយករដ្ឋមន្ត្រី ស ខេង អញ្ជើញសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី១២ ខែធ្នូ ត្រូវបានមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ អះអាងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មិនទាន់ទទួលបានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវពីស្ថាប័នជំនាញនោះទេ។
បញ្ហានេះ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ លោក ហ៊ុន ភី បានប្រាប់វិទ្យុអាស៊ីសេរី ថា ការដ្ឋានសណ្ឋាគារលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល លោក ស ខេង ចូលរួមជាកិត្តិយសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែធ្នូ ពិតជាមិនទាន់មានច្បាប់សាងសង់ត្រឹមត្រូវពីស្ថាប័នខ្លួនពិតមែន។ មន្ត្រីជំនាញរូបនេះអះអាងថា បានជំរុញឲ្យអ្នកជាប់ពាក់ព័ន្ធ សុំច្បាប់ទម្លាប់សាងសង់ឲ្យបានត្រឹមត្រូវ ប៉ុន្តែខាងភាគីក្រុមហ៊ុនអនុវត្តយឺតយ៉ាវ។
ផ្ទុយពីការអះអាងនេះ លោកឧកញ៉ា ឈុន ប៊ុនថា តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ថា ក្រុមហ៊ុននេះមានច្បាប់សាងសង់ និងសិទ្ធិវិនិយោគស្របច្បាប់ពីរាជរដ្ឋាភិបាល ប៉ុន្តែតំណាងរូបនេះសង្កត់ធ្ងន់ថា រាល់ការដោះស្រាយលើវិវាទដីធ្លីជាមួយប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង គឺជាបន្ទុកដោះស្រាយរបស់រដ្ឋាភិបាល ឬក្រុមការងាររបស់អាជ្ញាធរខេត្តព្រះសីហនុ មិនមែនជាបន្ទុកដែលក្រុមហ៊ុនត្រូវដោះស្រាយទេ។
លោកឧកញ៉ា ឈុន ប៊ុនថា បន្តថា «ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលមក ដើម្បីវិនិយោគអភិវឌ្ឍកោះរ៉ុង គឺជាច្បាប់មួយហើយ ហើយច្បាប់មួយទៀត គឺច្បាប់សាងសង់ គឺខាងក្រុមហ៊ុនមានស្របច្បាប់មួយកំប្លេរួចហើយ។ បើក្រុមហ៊ុនធំប៉ុណ្ណាប៉ុណ្ណី ហើយអភិវឌ្ឍអត់មានច្បាប់ទម្លាប់ដូច្នេះ តើប្រជាពលរដ្ឋគិតឃើញ ឬឲ្យតម្លៃថាម៉េចដែរ»។
ទោះជាយ៉ាងណា លោក ហ៊ុន ភី ប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ បានអះអាងថា ពិធីសម្ពោធបើកការដ្ឋានសណ្ឋាគារលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពីថ្ងៃទី១២ ខែធ្នូ ពិតជាមិនទាន់មានច្បាប់សាងសង់ត្រឹមត្រូវពិតមែននាថ្ងៃបើកការដ្ឋាននោះ៖ «ច្បាប់សាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺមិនទាន់បានមកដល់ដៃខ្ញុំនៅឡើយទេ។ ករណីនេះ ខ្ញុំក៏បានណែនាំដល់ភាគីក្រុមហ៊ុន ជួយជំរុញឲ្យច្បាប់សាងសង់នៅសំណង់សណ្ឋាគារនេះឲ្យបានឆាប់ ដើម្បីកុំឲ្យខុសច្បាប់ ព្រោះក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល ប៉ុន្តែបើសាងសង់ការដ្ឋានសណ្ឋាគារលំដាប់ផ្កាយប្រាំមិនមានច្បាប់ ស្ថាប័នខ្ញុំក៏រួមចំណែកខុសជាមួយគ្នាដែរ»។
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍកោះរ៉ុង ក៏បានអះអាងថា គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ដីចម្ការដំណាំរបស់ពួកគាត់ដែលត្រូវក្រុមហ៊ុននេះប្រើគ្រឿងចក្រឈូសឆាយ និងសង់សំណង់រឹងមាំនៅលើដីចម្ការរបស់ពួកគាត់ មិនមានអាជ្ញាធរជួយដោះស្រាយសំណងជូនពួកគាត់ទេ។
ជាងនេះទៀត ក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បានទទូចដល់ លោក ស ខេង ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យអាជ្ញាធរ និងក្រុមហ៊ុននេះ អនុវត្តគោលនយោបាយស្បែកខ្លា ឬកាត់ឆ្វៀលដីលំនៅឋាន និងដីចម្ការដំណាំជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព។
ផ្ដើមពីបញ្ហានេះ តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅលើកោះរ៉ុង បានទទូចដល់ លោក ស ខេង និងប្រមុខដឹកនាំ ជួយជំរុញឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវអនុវត្តគម្រោងអភិវឌ្ឍន៍កោះរ៉ុង តាមរូបមន្តស្បែកខ្លា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឲ្យអនុវត្តឲ្យមានប្រសិទ្ធភាព៖ «រដ្ឋាភិបាលសន្យាថា នឹងកាត់ឆ្វៀលតាមគោលនយោបាយស្បែកខ្លា ប៉ុន្តែឥឡូវអត់ឃើញចុះអនុវត្តវាស់ដីចម្ការឲ្យខ្ញុំនៅឡើយទេ ហើយបច្ចុប្បន្ននេះ ដីចម្ការរបស់ខ្ញុំ ត្រូវក្រុមហ៊ុនសង់ផ្ទះពីលើថែមទៀត។ ខ្ញុំសំណូមពរយកចម្ការរបស់ខ្ញុំមកបង្កបង្កើនផលដូចដើមវិញ»។
ត្រង់ចំណុចនេះ លោក កែម ឡី អ្នកវិភាគឯករាជ្យ និងឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់សិទ្ធិវិនិយោគជូនក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍកោះរ៉ុងដោយមិនទាន់ដោះស្រាយផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋឲ្យរួចរាល់ជាមុនដូច្នេះ៖ «ជាអកុសលដែលរដ្ឋាភិបាលបានរៀបចំរដ្ឋបាលឲ្យមានជាមណ្ឌលសុខភាព មានសាលារៀន ហើយប្រជាពលរដ្ឋកំពុងរស់នៅដោយមានសេចក្តីសុខ ប៉ុន្តែស្រាប់តែបង្កើតឲ្យមានក្រុមហ៊ុនអភិវឌ្ឍទៅបុកសម្បុករស់នៅរបស់ប្រជាពលរដ្ឋឲ្យបែកខ្ចាយ។ រាល់ការផ្តល់ដីវិនិយោគកោះទាំងមូលទៅឲ្យក្រុមហ៊ុន គឺជាកំហុសឆ្គងធំបំផុតនៅពេលដែលរដ្ឋាភិបាល មិនបានផ្តល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីជូនពលរដ្ឋរស់នៅប្រាំភូមិ នៅលើកោះរ៉ុង»។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់ លោក គិត ម៉េង ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍតំបន់នៅលើកោះរ៉ុងក្នុងរយៈពេល ៩៩ឆ្នាំ នៅលើផ្ទៃដីទំហំសរុបជាង ២ពាន់ហិកតារ។

ទាក់ទិនបញ្ហានេះ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ ក៏រិះគន់សកម្មភាពប្រើគ្រឿងចក្រ និងការដាក់ពាក្យប្ដឹងប្រជាពលរដ្ឋទៅកាន់តុលាការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទៅលើពលរដ្ឋមានទំនាស់ដីធ្លីពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ មន្ត្រីសិទ្ធិមនុស្សដែលតាមឃ្លាំមើលវិវាទនេះតាំងពីដើមរៀងមក បានចាត់ទុកសកម្មភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថាបានអនុវត្តផ្ទុយពីគោលនយោបាយស្បែកខ្លា ដែលប្រមុខដឹកនាំដាក់ឲ្យក្រុមហ៊ុន និងក្រុមការងាររដ្ឋាភិបាល ចុះពិនិត្យដោះស្រាយ។ លោក សុខ សុខុម ថ្លែងថា មិនជំទាស់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នោះទេ ប៉ុន្តែស្នើឲ្យក្រុមហ៊ុននេះ ត្រូវដោះស្រាយផលប៉ះពាល់លើទំនាស់ដីធ្លីដែលកើតចេញពីគម្រោងរបស់ក្រុមហ៊ុន ឲ្យបានសមរម្យជាមួយពលរដ្ឋជាមុនសិន។
លោក សុខ សុខុម មានប្រសាសន៍ថា «ក្នុងនាមខ្ញុំជាសង្គមស៊ីវិល ចង់មើលឃើញគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យទទួលយកបានទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុនអាចអភិវឌ្ឍនៅលើកោះរ៉ុង ដោយគ្មានការរំលោភសិទ្ធិមនុស្ស។ គោលនយោបាយរបស់រដ្ឋាភិបាលបាននិយាយហើយថា ការអភិវឌ្ឍមិនឲ្យប្រជាពលរដ្ឋរងគ្រោះក្រីក្រ ដោយសារគម្រោងអភិវឌ្ឍន៍នោះទេ។ បើមិនប្រសើរជាងមុន ក៏ជីវភាពប្រជាពលរដ្ឋប្រហាក់ប្រហែលមុនដែរ»។
បញ្ហានេះដែរ លោក ស ខេង នៅក្នុងពិធីសម្ពោធការដ្ឋានសង់សណ្ឋាគារផ្កាយប្រាំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពីថ្ងៃទី១២ ខែធ្នូ មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគម្រោងបង្កើតតំបន់រដ្ឋបាលកោះរ៉ុងឲ្យដល់ថ្នាក់ស្រុក ឬក្រុង ព្រោះបច្ចុប្បន្ន កោះរ៉ុងមានរដ្ឋបាលគ្រប់គ្រងត្រឹមថ្នាក់សង្កាត់ ចំណុះឲ្យក្រុងព្រះសីហនុ។ ករណីនេះ លោក ស ខេង ថ្លែងថា នឹងពិនិត្យលទ្ធភាពបង្កើតតំបន់រដ្ឋបាលសង្កាត់កោះរ៉ុង ដំឡើងទៅជារដ្ឋបាលថ្នាក់ក្រុង ឬស្រុក ដោយដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខេត្តព្រះសីហនុ។ លោក ស ខេង បញ្ជាក់ថា គម្រោងបង្កើតក្រុង ឬស្រុកបន្ថែមទៀតនៅលើកោះរ៉ុង ខេត្តព្រះសីហនុ រដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពអនុវត្តនៅឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨។
ចំណែកប្រជាពលរដ្ឋដែលមានលំនៅឋានពិតប្រាកដនៅលើកោះរ៉ុងសព្វថ្ងៃនេះ លោក ស ខេង បានសង្កត់ធ្ងន់នៅចំពោះមុខមន្ត្រីរាជការ និងប្រជាពលរដ្ឋថា នឹងកាត់ឆ្វៀលដីប្រគល់ជូនប្រជាពលរដ្ឋបានប្រើប្រាស់ និងប្រកបអាជីវកម្មស្របច្បាប់ មិនឲ្យប៉ះពាល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍនៅលើកោះរ៉ុងនោះទេ។ ទន្ទឹមគ្នានេះ លោក ស ខេង ក៏បានហាមឃាត់មិនឲ្យប្រជាពលរដ្ឋទន្ទ្រានវាតទី ដើម្បីយកដីបន្ថែមទៀតនោះដែរ។
ទោះយ៉ាងណា ក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះរ៉ុងរបស់ក្រុមហ៊ុន បានចោទថា សកម្មភាពក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កន្លងមកនេះ គឺបានអនុវត្តផ្ទុយពីអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានតម្រូវឲ្យក្រុមហ៊ុន ឬមន្ត្រីក្រុមការងារ ចុះពិនិត្យតាមដានការអភិវឌ្ឍនៅលើកោះរ៉ុង។ អនុក្រឹត្យរបស់ប្រមុខដឹកនាំ បានតម្រូវឲ្យផែនការអភិវឌ្ឍន៍នៅលើកោះរ៉ុង ត្រូវអនុវត្តតាមគោលនយោបាយស្បែកខ្លា ដើម្បីធានាថា មិនធ្វើឲ្យប៉ះពាល់ដល់ការតាំងលំនៅឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។ ជាងនេះ ក៏តម្រូវឲ្យក្រុមការងារអចិន្ត្រៃយ៍ដើម្បីដោះស្រាយទំនាស់ ជំរុញ និងតាមដានការអភិវឌ្ឍកោះរ៉ុង ត្រូវដំណោះស្រាយវិវាទផ្សេងៗរវាងពលរដ្ឋជាមួយក្រុមហ៊ុន ឲ្យស្របតាមអនុក្រឹត្យរបស់ប្រមុខដឹកនាំដាក់ឲ្យអនុវត្តកាលពីខែសីហា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។