កម្លាំង​ចម្រុះ​ខេត្ត​ក្រចេះ​បើក​ប្រតិបត្តិការ​ឈូស​ឆាយ​ដី​បណ្ដេញ​ពលរដ្ឋ

0:00 / 0:00

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ក្រចេះ ចាប់​ផ្ដើម​បើក​ប្រតិបត្តិការ​ក្តៅ ដោយ​យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដី​ដាំ​ដំណាំ​របស់​ប្រជាពលរដ្ឋ ៣១​គ្រួសារ ដើម្បី​ផ្ដល់​ដី​នោះ​ឲ្យ​ពលរដ្ឋ ៧២​ក្រុម​គ្រួសារ​ផ្សេង​ទៀត។ អ្នក​តំណាងរាស្ត្រ និង​សង្គម​ស៊ីវិល ហៅ​សកម្មភាព​នេះ​ថា មិន​មែន​ជា​ដំណោះ​ស្រាយ​អាច​ភាគី​ទាំង​ពីរ​ទទួល​បាន​នោះ​ទេ។

​នៅ​ថ្ងៃ​ទី​២​នៃ​ការ​ផ្ដល់​សលាកបត្រ​ដល់​ក្រុម​ពលរដ្ឋ​ ៧២​គ្រួសារ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ក្រុម​កង​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​ក្នុង​ដៃ បាន​យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដំណាំ​ពលរដ្ឋ។ ក្នុង​ពេល​នោះ​ដែរ សំឡេង​ទ្រហោយំ​របស់​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ ប្រណាំងប្រជែង​នឹង​សំឡេង​គ្រឿងចក្រ​ដែល​ឈូស​ឆាយ។ អ្នក​ខ្លះ​ទៅ​ដេក​នៅ​មុខ​គ្រឿងចក្រ​និយាយ​ថា ស៊ូ​ស្លាប់​មិន​ព្រម​ចេញ​ពី​ដី​ជម្លោះ​នេះ​ជា​ដាច់ខាត។

​ពលរដ្ឋ​ក្រុម ៣១​គ្រួសារ លោកស្រី លី មុំ ដែល​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ចំ​ដី​លោកស្រី និយាយ​ទាំង​យំសោក​ថា លោកស្រី​ស៊ូ​ស្លាប់​មិន​ចេញ​ពី​នេះ​ជា​ដាច់ខាត។ ស្ត្រី​រូប​នេះ​ស្នើ​ឲ្យ​អភិបាល​រង​ខេត្ត​ក្រចេះ លោក ខ័ណ្ឌ ចំណាន អនុញ្ញាត​ឲ្យ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​រស់​នៅ​ទី​នេះ ព្រោះ​ពួកគេ​បាន​ដាំ​ដំណាំ​អាស្រ័យ​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «ធ្វើ​បាប​ខ្ញុំ​ណាស់! ខ្ញុំ​ជំពាក់​លុយ​ធនាគារ​ព្រោះ​មក​រស់​នៅ​ក្នុង​ព្រៃ នៅ​តែ​មក​បណ្ដេញ​ចេញ​ទៀត ខ្ញុំ​ស៊ូ​ស្លាប់​មិន​ចេញ​ទេ»

ក្នុង​ពេល​ឈូស​ឆាយ​នេះ​ដែរ ក្រុម ៣១​គ្រួសារ​បាន​ចេញ​មក​ព្រមៗ​គ្នា​ប្រឆាំង​ដោយ​មិន​ឲ្យ​ឈូស​ឆាយ និង​ស្រែក​គំរាម​មិន​ឲ្យ​ពលរដ្ឋ​ក្រុម ៧២​គ្រួសារ​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់។ ក្រោយ​ផ្ទុះ​សកម្មភាព​ប្រឆាំង​ដូច​នេះ ប្រធាន​កងរាជអាវុធហត្ថ​ដែល​ដឹកនាំ​ក្រុម​ការងារ​នេះ បាន​បញ្ជា​គ្រឿងចក្រ និង​ក្រុម​សមត្ថកិច្ច​ចាក​ចេញ។

ក្រុម​ពលរដ្ឋ ៣១​គ្រួសារ ចេញ​តវ៉ា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ពី​ដី​នៅ​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។
ក្រុម​ពលរដ្ឋ ៣១​គ្រួសារ ចេញ​តវ៉ា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ពី​ដី​នៅ​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។ (RFA/Brach Chev)

​មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ក្រចេះ លោក ហេង ភារៈ ស្នើ​ឲ្យ​អាជ្ញាធរ​រក​វិធី​ដោះស្រាយ​ដោយ​សន្តិវិធី​និង​ឈ្នះៗ​ទាំង​សង​ខាង មិន​មែន​ជា​បណ្ដេញ​ពលរដ្ឋ​មួយ​ក្រុម ហើយ​យក​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ចូល​រស់​នៅ​នោះ​ទេ៖ «អាជ្ញាធរ​គួរ​ដោះស្រាយ​រឿង​នេះ​ដោយ​យុត្តិធម៌ និង​អនុវត្ត​តាម​ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្ត្រី​ថា មិន​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​បង្កបង្កើន​ផល​ទេ»

​អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរុង ទទួល​ស្គាល់​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ថា ជា​អ្នក​មាន​សិទ្ធិ​រស់​នៅ​កំពុង​មាន​ជម្លោះ ស្ថិត​ក្នុង​នៅ​ចំណុច​អូរ​សំពុង ក្នុង​ភូមិ​ប្រឡាយទ្រៀល ឃុំ​ដំរីផុង ស្រុក​ឆ្លូង។ ដោយ​ឡែក​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ លោក​អភិបាល​ខេត្ត​បង្គាប់​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សង្គមកិច្ច​ទីតាំង​ផ្សេង​នេះ​ផ្អែក​តា​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤។ អភិបាល​រង​ខេត្ត​ក្រចេះ លោក ខ័ណ្ឌ ចំណាន ដែល​ទទួលបន្ទុក​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​ស្រុក​ឆ្លូង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ។

ចំណែក​ប្រធាន​កងរាជអាវុធហត្ថ​ប្រចាំ​ខេត្ត​ក្រចេះ លោក ស្រី វុត្ថា ដែល​ចុះ​ដឹកនាំ​សកម្មភាព​ឈូស​ឆាយ ក៏​បដិសេធ​មិន​ថ្លែង​អ្វី​ទាំង​អស់ ក្រៅ​ពី​ប្រាប់​ឲ្យ​អ្នក​យក​ព័ត៌មាន​ចេញ​ពី​កន្លែង​កងកម្លាំង​បើក​ប្រតិបត្តិការ។

​ទោះ​បែប​នេះ​ក្តី តំណាង​ពលរដ្ឋ ៧២​គ្រួសារ លោក សាន ជ្រោយ ថ្លែង​គាំទ្រ​ចំណាត់​ការ​របស់​សកម្មភាព​ឈូស​ឆាយ​របស់​កម្លាំង​ខេត្ត។ លោកស្រី​នៅ​តែ​អះអាង​ជំហរ​មិន​រាថយ​ក្នុង​ការ​កាន់កាប់​ដី​នេះ​ទេ។ ក្រៅ​ពី​នេះ លោកស្រី សាន ជ្រោយ ចង់​ឃើញ​អាជ្ញាធរ​សម្របសម្រួល​យ៉ាង​មិន​ឲ្យ​ពលរដ្ឋ​ទាំង​ពីរ​ក្រុម​មាន​ជម្លោះ​នឹង​គ្នា៖ «ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ចូល​រស់​នៅ​ស្របច្បាប់ ម៉េច​ក៏​ចោទ​ថា ពួក​យើង​រំលោភ​ដី​ក្រុម ៣១​គ្រួសារ»

ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ទទួល​បន្ទុក​អង្កេត​សិទ្ធិមនុស្ស និង​ពាក្យ​បណ្ដឹង គឺ​លោក អេង ឆៃអ៊ាង ដែល​ធ្លាប់​អង្កេត​ជម្លោះ​ដីធ្លី​ក្នុង​នេះ​យល់​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ មិន​ត្រូវ​យក​ពលរដ្ឋ​ទៅ​ជល់ និង​ពលរដ្ឋ​ឡើយ។

លោក អេង ឆៃអ៊ាង ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​រក​ទីតាំង​ដី​ថ្មី​ដល់​ក្រុម​ពលរដ្ឋ ​៧២​គ្រួសារ៖ «ក្នុង​នាម​ខ្ញុំ​ជា​តំណាងរាស្ត្រ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ពិនិត្យ​ឡើង​វិញ មិន​ត្រូវ​ប្រើ​វិធី​បង្ខិតបង្ខំ​ទេ»

​ក្រុម​ពលរដ្ឋ​ទាំង​ពីរ​ក្រុម​ចង់​ឃើញ​អាជ្ញាធរ​ខេត្ត​ផ្ដល់​ដំណោះស្រាយ​ឈ្នះៗ​ទាំង​អស់​គ្នា។ ដូច​គ្នា​នេះ​ដែរ ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង និយាយ​ថា ដី​នៅ​ខេត្ត​ក្រចេះ​សល់​ច្រើន​ណាស់​មិន​គួរ​ប្រើ​ធម៌​ក្ដៅ​លើ​ពលរដ្ឋ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។