សកម្មជនដីធ្លីនៃសហគមន៍ព្នង ភូមិចក់ចារ ឃុំស្រែឈូក ខេត្តមណ្ឌលគិរី ត្រូវប៉ូលិសចាប់ខ្លួន ក៏ប៉ុន្តែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) សង្ស័យថា ការចាប់ខ្លួននេះពាក់ព័ន្ធការគំរាមកំហែងស្មារតីច្រើនជាងការអនុវត្តច្បាប់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តមណ្ឌលគិរី នៅថ្ងៃទី១១ ខែមេសា អំពាវនាវសុំឲ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតទៅលើករណីចាប់ខ្លួនសកម្មជនដីធ្លីជនជាតិដើមព្នងមួយរូប ដែលមន្ត្រីរូបនោះសង្ស័យថា ប៉ូលិសចាប់ខ្លួនក្នុងភាពមិនប្រក្រតី បំពានទៅលើសិទ្ធិជនជាតិដើមភាគតិច។
កាលពីថ្ងៃទី១០ ខែមេសា ប៉ូលិសឃុំស្រែឈូក បានចាប់ខ្លួនសកម្មជនដឹកនាំតវ៉ាដីធ្លីនៃសហគមន៍ជនជាតិដើមព្នង ភូមិចក់ចារ លោក យ៉ាន ម៉ៅ ខណៈលោកកំពុងធ្វើដំណើរនៅចំណុចភូមិប៉ោដើមស្វាយ។
ឪពុកបង្កើត លោក យ៉ាន ម៉ៅ គឺលោក សន ស៊ីយ៉ាន ហៅការចាប់ខ្លួនកូនប្រុសលោក ថាជាចេតនាបំភិតបំភ័យ និងបំបាក់ស្មារតីអ្នកភូមិមិនឲ្យតវ៉ាទាមទារដីសហគមន៍ ដែលក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ប៊ិញ ភឿក១ បានឈូសឆាយយក។ លោកថា កូនប្រុសលោកត្រូវបានគេរៀបចំគម្រោងចោទពីបទរួមភេទជាមួយប្រពន្ធជាអនីតិជន។ ក៏ប៉ុន្តែ កូនគាត់ និងប្រពន្ធ បានព្រមព្រៀងរួមរស់ជាប្ដីប្រពន្ធតាមប្រពៃណីជនជាតិដើមភាគតិច និងមានចាស់ទុំទាំងសងខាងបានសែនព្រេនទទួលស្គាល់ប្រមាណ ២ឆ្នាំមកហើយ៖ «បើឪពុកម្ដាយគេមិនពេញចិត្ត គេប្តឹងផ្តល់គ្នាយូរហើយ គេមិនបណ្តោយឲ្យកូនគេយកគ្នារស់នៅសុខសាន្ត។ ខ្ញុំដឹងថា ល្បិចរឿងដីហ្នឹង អ៊ីចឹងយកល្បិចយកប្រពន្ធក្មេងប៉ះពាល់សង្គមស្អីៗ»។
ឪពុកក្មេក លោក យ៉ាន ម៉ៅ គឺលោក មាន មីន កាលពីដើមខែមេសា បានដាក់ពាក្យប្ដឹងមកស្ថាប័នអយ្យការ ចោទមន្ត្រីប៉ូលិសពីរនាក់នៃស្នងការដ្ឋានប៉ូលិសខេត្តមណ្ឌលគិរី ថាបាននាំកងប៉ូលិសប្រដាប់អាវុធមានគ្នា ៦នាក់ ចូលទៅផ្ទះគាត់នៅវេលាម៉ោងជាង ៩យប់ ហើយគំរាមឲ្យគាត់ផ្ដិតមេដៃលើកំណត់ហេតុបញ្ជាក់ថា ឈ្មោះ យ៉ាន ម៉ៅ បានរួមភេទជាមួយកូនស្រីគាត់ជាក្មេងស្រីអាយុ ១៤ឆ្នាំ។
ជុំវិញការឃាត់ខ្លួននេះ ស្នងការប៉ូលិសខេត្តមណ្ឌលគិរី លោក ញ៉ែម វាន្នី អះអាងថា ប៉ូលិសឃាត់ខ្លួន លោក យ៉ាន ម៉ៅ តាមដីការបស់មន្ត្រីអយ្យការពីបទចោទប្រកាន់ លោក យ៉ាន ម៉ៅ រួមភេទជាមួយអនីតិជន៖ «យើងចាប់តាមដីកាបង្គាប់របស់ព្រះរាជអាជ្ញា រួមភេទជាមួយអនីតិជន យកទៅបាត់តាំងពីមកភ្លាម យើងមានទុកកន្លែងយើងឯណា យើងអនុវត្តដីកា»។
ទាក់ទិនការឃាត់ខ្លួននេះដែរ ព្រះរាជអាជ្ញារងអមតុលាការសាលាដំបូងខេត្តមណ្ឌលគិរី លោក ជា សុវណ្ណថេត បញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា លោកបានចេញដីកាកោះហៅ លោក យ៉ាន ម៉ៅ ឲ្យចូលខ្លួនមកស្ថាប័នអយ្យការតាមសំណុំរឿងរបស់ប៉ូលិសដែលចោទថា លោក យ៉ាន ម៉ៅ រួមភេទជាមួយជាអនីតិជន។ លោកបន្តថា ប៉ូលិសមិនទាន់បញ្ជូនខ្លួន យ៉ាន ម៉ៅ មកស្ថាប័នអយ្យការនៅឡើយ៖ «ប៉ូលិសគាត់កសាងសំណុំរឿងមកគាត់រួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ។ គ្រាន់តែអ៊ីចឹងវាអត់មានពាក់ព័ន្ធបញ្ហាសំណុំរឿងហ្នឹងទេ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក សុក រដ្ឋា កត់សម្គាល់ថា រឿងក្តី យ៉ាន ម៉ៅ ដែលប៉ូលិសចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជន មានចរិតគំរាមកំហែងច្រើនជាងអនុវត្តច្បាប់។ លោកថា ប្រពៃណីជនជាតិដើមភាគតិច ភាគច្រើននារីបានរៀបការ ឬយកគ្នាជាប្ដីប្រពន្ធនៅអាយុ ១៣ ឬ ១៤ឆ្នាំ ឲ្យតែអ្នកទាំងពីរស្រឡាញ់គ្នា ហើយឪពុកម្ដាយទាំងសងខាងទទួលស្គាល់សែនព្រេនតាមប្រពៃណីជនជាតិដើមភាគតិច៖ «ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច ថាតើមានប៉ុន្មានគ្រួសារដូច លោក យ៉ាន ម៉ៅ ហ្នឹង ឲ្យលោកអនុវត្តទៅតាមច្បាប់ជាតិឲ្យគ្រប់គ្នាទៅ បើយើងយល់អ៊ីចឹង។ បើគាត់យល់ថានេះជាអំពើខុសច្បាប់ សង្គមស៊ីវិលយើងសាទរចំពោះសមត្ថកិច្ចដែលអនុវត្តភារកិច្ចរបស់ខ្លួន និងគោរពច្បាប់»។
លោក យ៉ាន ម៉ៅ គឺជាសកម្មជនដឹកនាំប្រជាពលរដ្ឋភូមិចក់ចារ ជាង ២០០គ្រួសារ តវ៉ាប្រឆាំងក្រុមហ៊ុន ប៊ិញ ភឿក១ ដែលអ្នកភូមិអះអាងថាក្រុមហ៊ុននេះបានរំលោភឈូសឆាយដីចម្ការវិលជុំពួកគាត់ជាជនជាតិដើមភាគតិចព្នង អស់ ៥០០ហិកតារ។ ក៏ប៉ុន្តែ អាជ្ញាធរមូលដ្ឋានបានព្យាយាមបង្ក្រាបដោយដុតរោងប្រជាពលរដ្ឋនៅលើដីមានទំនាស់ចំនួនបីលើក បន្ទាប់ពីសម្របសម្រួលប្រគល់ដីទំហំ ៣៧៥ហិកតារនៅកន្លែងផ្សេងប្ដូរឲ្យអ្នកភូមិមិនបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។