សមាគមន៍អាដហុក (Adhoc) បង្ហាញរបាយការណ៍ទំនាស់ដីធ្លីក្នុងឆ្នាំ២០១៣ និង ៣ខែដើមឆ្នាំ២០១៤ រកឃើញថា បន្តមានសញ្ញាគួរឲ្យព្រួយបារម្ភ និងស្នើឲ្យរដ្ឋាភិបាលបង្កើនការទទួលខុសត្រូវដោះស្រាយ។ សមាគមអាដហុក បានលើកជាអនុសាសន៍ថា ដើម្បីកាត់បន្ថយជម្លោះដីធ្លីនៅកម្ពុជា រដ្ឋាភិបាលត្រូវបញ្ឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនវិនិយោគឲ្យបានជាស្ថាពរនាថ្ងៃអនាគត។
លោក ធន សារាយ ប្រធានសមាគមអាដហុក ឲ្យដឹងថា ជម្លោះដីធ្លីឈានដល់ចាប់ពលរដ្ឋក្នុងទំនាស់ដីធ្លីដាក់ពន្ធនាគាររបស់សមត្ថកិច្ចរដ្ឋាភិបាល ក្នុងឆ្នាំ២០១៣ នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ និងទាមទារឲ្យរដ្ឋាភិបាលបង្កើនសកម្មភាពដោះស្រាយ។
របាយការណ៍ស្ដីពីស្ថានភាពដីធ្លីឆ្នាំ២០១៣ និង ៣ខែដើមឆ្នាំ២០១៤ របស់សមាគមអាដហុក ចេញផ្សាយថ្ងៃទី៨ ខែឧសភា បង្ហាញថា ឆ្នាំ២០១៣ មានករណីចោទប្រកាន់មនុស្សជាង ១០០នាក់ (១០៩) ចាប់ខ្លួនជាង ៤០នាក់ (៤៣) និងជាប់ពន្ធនាគារជិត ២០នាក់ (១៩)។ ក្នុងឆ្នាំ២០១២ ទំនាស់ដីធ្លីនេះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សជាង ២៣០នាក់ (២៣២)។
លោក ធន សារាយ បន្តថា ទោះបីឆ្នាំ២០១៣ ជម្លោះដីធ្លី និងចាប់ខ្លួនមនុស្សបានថយចុះក្តី ប៉ុន្តែរយៈពេល៣ខែដើមឆ្នាំ២០១៤ នេះ ជម្លោះដីធ្លីបានផ្ទុះឡើងវិញ និងមានមនុស្សជិត ៥០នាក់ (៤៨) ត្រូវគេចោទប្រកាន់ និងចាប់ខ្លួន ក្នុងនោះមនុស្សចំនួន ១២នាក់ ត្រូវគេចាប់ដាក់ពន្ធនាគារ។
លោកបញ្ជាក់ថា ជម្លោះដីធ្លីភាគច្រើនដោយសារការផ្តល់សម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជូនក្រុមហ៊ុនឯកជន៖ «គឺនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រដ្ឋាភិបាលហ្នឹងតែម្តង ដែលធ្វើខុសកន្លងមក។ យើងឃើញហើយ ដីសម្បទានសេដ្ឋកិច្ចបានបំពានយ៉ាងច្រើនទៅលើដីរបស់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅ និងដាំដុះដោយសុខសាន្ត។ ស្រាប់តែថ្ងៃមួយគេមកឈូសឆាយដោយមិនដឹងខ្លួន។ ឯចំណែកច្បាប់មានអនុក្រឹត្យស្តីអំពីដីសម្បទានសេដ្ឋកិច្ចមាន ក៏ប៉ុន្តែអត់អនុវត្ត។ នេះហើយដែលជាបញ្ហា ហើយការអភិវឌ្ឍនយោបាយបែបហ្នឹង ក៏មិនត្រឹមត្រូវដែរ»។
ទោះយ៉ាងណា អង្គការអាដហុក សង្កេតឃើញថា ក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលមិនបានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីៗជូនក្រុមហ៊ុនវិនិយោគទៀតទេ។ ប៉ុន្តែ គិតត្រឹមឆ្នាំ២០១២ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចជាង ២លាន ៦សែនហិកតារ (២.៦៥៧.៤៧០) ជូនក្រុមហ៊ុនឯកជន។
មិនទាន់មានប្រតិកម្មតបពីមន្ត្រីរាជរដ្ឋាភិបាល ចំពោះរបាយការណ៍របស់សមាគមអាដហុក លើជម្លោះដីធ្លីដែលកើតមានក្នុងឆ្នាំ២០១៣ និង ៣ខែដើមឆ្នាំ២០១៤ ទេនៅរសៀលថ្ងៃទី៨ ខែឧសភា។
ប៉ុន្តែ របាយការណ៍សមាគមអាដហុក បានបង្ហាញថា ឆ្នាំ២០១៣ រដ្ឋាភិបាលបានរឹបអូសដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជនវិញបានជាង ៣សែន ៣ម៉ឺនហិកតារ ក្នុងបំណងផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតដីធ្លី។ សមាគមអាដហុក ឲ្យដឹងថា ក្នុងឆ្នាំ២០១៣ ជម្លោះដីធ្លីជិត ៣០ករណី (២៩) ជាប់ទាក់ទងនឹងសកម្មភាពផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនឯកជន។ ហើយជម្លោះភាគច្រើន កើតមាននៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា។
ករណីនេះ លោក ធន សារាយ ប្រធានសមាគមអាដហុក បានផ្តល់ជាអនុសាសន៍ថា ដើម្បីកាត់បន្ថយជម្លោះដីធ្លីនាថ្ងៃអនាគត រដ្ឋាភិបាលត្រូវបញ្ឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យបានជាស្ថាពរ និងត្រូវរឹបអូសដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុន ដែលមិនគោរពតាមកិច្ចព្រមព្រៀង ជាដើម៖ «អាដហុក យើងបានចេញរបាយការណ៍ឆ្នាំ២០១២ ហើយថា ការអភិវឌ្ឍដំណាំកសិកម្ម កសិឧស្សាហកម្ម មិនមែនធ្វើតាមតែរបៀបហ្នឹងមួយទេ បានន័យថា យកដីទៅឲ្យក្រុមហ៊ុន ឲ្យក្រុមហ៊ុនទៅដេញប្រជាពលរដ្ឋចេញ ហើយយកដីធ្វើដំណាំកសិកម្មអ៊ីចឹងទេ។ យើងបានស្នើថា ទុកដីឲ្យប្រជាពលរដ្ឋធ្វើទៅ។ វិនិយោគ ឬយកតែពូជមក យកខាងផ្នែកបណ្តុះបណ្តាលខាងផ្នែកបច្ចេកទេស បច្ចេកវិទ្យាថ្មីមក ដើម្បីឲ្យប្រជាពលរដ្ឋលោកបង្កើននូវទិន្នភាព ផលិតភាពកសិកម្មរបស់គាត់ ហើយទុកដីឲ្យប្រជាពលរដ្ឋអ្នកធ្វើ ហើយក្រុមហ៊ុនគ្រាន់តែទិញផល ហើយនិងយកទៅច្នៃប្រឌិត ដើម្បីនាំយកចេញទៅក្រៅ។ ធ្វើអ៊ីចឹងបានប្រជាពលរដ្ឋក៏ចំណេញ ក្រុមហ៊ុនក៏ចំណេញ ហើយរដ្ឋក៏អាចយកពន្ធបាន»។
ទាក់ទិនបញ្ហានេះ សមាគមអាដហុក បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០០ មកដល់ឆ្នាំ២០១៣ មានមនុស្សចំនួនប្រមាណ ៧សែន ៧ម៉ឺននាក់ ឬស្មើនឹង ៦% នៃចំនួនប្រជាជនសរុប ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការទន្ទ្រានដីធ្លីពីឈ្មួញ និងមន្ត្រីមានអំណាច។
ប្រតិកម្មរបស់ លោក ផៃ ស៊ីផាន ចំពោះរបាយការណ៍អាដហុក
ទាក់ទិនជម្លោះដីធ្លីនេះដែរ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យដឹងនៅមុនម៉ោងផ្សាយនេះថា ជម្លោះដីធ្លីដែលកើតមាននៅកម្ពុជា រាជរដ្ឋាភិបាលបានកែតម្រូវនូវចំណុចអសកម្មជាច្រើន ដើម្បីឈានដល់កាត់បន្ថយជម្លោះដីធ្លីឲ្យបានច្រើន នាថ្ងៃអនាគត។ ក្នុងនោះ រដ្ឋាភិបាលបានលើកឡើងនូវគោលនយោបាយផ្សេងៗ មានដូចជា គោលនយោបាយសកម្មភាពថ្មី គោលនយោបាយចាស់ ដើម្បីដោះស្រាយវិវាទដីធ្លីនៅកម្ពុជា ជាដើម។
លោក ផៃ ស៊ីផាន៖ «នៅក្នុងវិវាទដីធ្លីយើងមាន ៣ទិដ្ឋភាព។ ទិដ្ឋភាពទី១ វិវាទដីធ្លីដោយសារប្រជាពលរដ្ឋជាមួយក្រុមហ៊ុនឯកជន។ ទិដ្ឋភាពទី២ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយម្ចាស់ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច និងទិដ្ឋភាពទី៣ មហាជន ឬប្រជាពលរដ្ឋហ្នឹង លោកដើរទៅវាទយកដី ឬដណ្ដើមយកដីសាធារណៈទុក គឺ៣ចំណុចហ្នឹង។ ចំណុចទី១ គឺយើងទុកឲ្យវិស័យហ្នឹងដោះស្រាយបានជាបណ្ដើរៗ និងទុកការងារដែលស្មុគស្មាញហ្នឹង តាមរយៈពិនិត្យមើលច្បាស់លាស់ ដូចជាករណីនៅបុរីកីឡា ក៏ដូចជានៅបឹងកក់ ជាដើម»។
បន្ថែមលើនេះ លោក ផៃ ស៊ីផាន ថ្លែងចាត់ទុករបាយការណ៍ស្ដីពីជម្លោះដីធ្លីរបស់សមាគមអាដហុក ថាគ្រាន់តែជាការយល់ឃើញមួយជ្រុងតូច និងមិនឆ្លុះបញ្ចាំងការពិតជាក់ស្តែង ដែលសង្គមកម្ពុជា កំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់នោះទេ។ លោកហៅរបាយការណ៍ចេញដោយសមាគមអាដហុក ថាបង្កើតឲ្យមានតែបរិមាណ ប៉ុន្តែមិនទាន់មានគុណភាពនៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណា លោក ផៃ ស៊ីផាន បានវាយតម្លៃចំពោះសកម្មភាពរបស់សមាគមអាដហុក ជុំវិញរបាយការណ៍ស្ដីពីជម្លោះដីធ្លីនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។