ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅតំបន់បឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ៣០០នាក់ បានជួបជាមួយ លោក ឈាង វុន អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយរឿងទំនាស់ដីធ្លី ដែលធ្វើនៅវត្តបឹងប្រាំ កាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា។
ការពិភាក្សាគ្នានេះ កើតឡើងបន្ទាប់ពីប្រជាពលរដ្ឋលើកគ្នាទៅតវ៉ានៅរាជធានីភ្នំពេញ កាលពីដើមខែវិច្ឆិកា កន្លងទៅ ហើយ លោក ឈាង វុន សន្យាជាមួយនឹងប្រជាពលរដ្ឋ ថានឹងដោះស្រាយឲ្យបានសម្រេច។
ក្រុមប្រជាពលរដ្ឋដែលធ្លាប់ទៅតវ៉ានៅរាជធានីភ្នំពេញ បដិសេធចំពោះនីតិវិធីរកដំណោះស្រាយរបស់ លោក ឈាង វុន ដោយលើកឡើងថា ការរកដំណោះស្រាយនេះពុំបានអត្ថប្រយោជន៍ដល់ពួកគេនោះទេ។ ចំណុចដែលប្រជាពលរដ្ឋមិនឯកភាព ដោយសារពួកគាត់យល់ឃើញថា ការរកដំណោះស្រាយនោះធ្វើឡើងជាលក្ខណៈបុគ្គល។
តំណាងប្រជាពលរដ្ឋម្នាក់ គឺលោក ឆាន មុនី រស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង មានមតិថា រូបលោក រួមទាំងប្រជាពលរដ្ឋជាច្រើនទៀត មានការសោកស្ដាយចំពោះនីតិវិធីរកដំណោះស្រាយរបស់អាជ្ញាធរនេះ ថាជាការដោះស្រាយលក្ខណៈបុគ្គល ពុំមែនជាការដោះស្រាយដល់ប្រជាពលរដ្ឋទាំងមូលនោះឡើយ។ លោកបន្តទៀតថា ការដោះស្រាយជាលក្ខណៈបុគ្គលនេះ ជាការគាបសង្កត់ពីសំណាក់អាជ្ញាធរមកលើប្រជាពលរដ្ឋទៅវិញទេ គឺអាជ្ញាធរបំបែកប្រជាពលរដ្ឋដែលមានទំនាស់ដីជាផ្នែកតូចៗ ដើម្បីងាយស្រួលក្នុងការចាត់វិធានការ។
លោក ឆាន មុនី៖ «ទទួលយកមិនបាន ដោយសារគាត់ឲ្យយើងដោះលក្ខណៈមួយៗ ដោះលក្ខណៈមួយៗម៉េច ឧទាហរណ៍ថា ៥ហិកតារអ៊ីចឹង ឲ្យចូលទៅហើយធ្វើលើប្លង់ខ្ញុំអស់ហើយហ្នឹង។ ដល់ពេលខ្ញុំសួរអភិបាលស្រុកទៅ ថាខ្ញុំពាក់ព័ន្ធទៅនឹងដីសង្គមកិច្ច។ អ៊ីចឹងបើខ្ញុំចូលទៅដោះអាហ្នឹង ប្រហែលជាគេសុំចែករំលែកហើយបង។ បាទ! គាត់អត់ឯកភាព ដោយសារដោះលក្ខណៈបុគ្គល អ៊ីចឹងគាត់មានការភ័យខ្លាច ព្រោះកន្លងមកមានការគំរាមកំហែងឲ្យផ្ដិតមេដៃមេប្រគល់ដីឲ្យគេសុំយកតែផលអីអ៊ីចឹង។ អ៊ីចឹងគាត់អត់អាចដោះអ៊ីចឹងកើតទេ។ តែបើឲ្យទាំងអស់ ចង់និយាយថាដីគាត់អាស្រ័យផល ៥ហិកតារ ឲ្យគាត់ទៅវាចប់ហើយ»។
ស្រដៀងគ្នានេះដែរ អ្នកភូមិបឹងប្រាំ ម្នាក់ទៀត គឺលោក រឿន រ៉ន ថ្លែងថា លោកមិនទទួលយកតាមសំណើរកដំណោះស្រាយរបស់អាជ្ញាធរ និងសមាជិកសភាតំណាងរាស្ត្រ គឺលោក ឈាង វុន នេះឡើយ។ លោកថា ហេតុដែលទទួលយកមិនបាននេះ ដោយសារគ្មានប្រសិទ្ធភាព។ លោកបន្តទៀតថា ការទៅជួបជុំគ្នារកដំណោះស្រាយវិវាទដីធ្លីនៅវត្តបឹងប្រាំ នេះ ប្រជាពលរដ្ឋរំពឹងថានឹងទទួលបានផ្លែផ្កាឈានទៅដល់ការបញ្ចប់ជម្លោះ។ ផ្ទុយទៅវិញ គឺគ្មានផលចំណេញដល់ប្រជាពលរដ្ឋនោះឡើយ។ លោកបន្តថា ការដោះស្រាយបែបជាលក្ខណៈបុគ្គលនេះ មិនត្រឹមតែមិនផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បា ហើយពិភាក្សាគ្នាដាក់ផែនការជាថ្មី។
លោក រឿន រ៉ន៖ «មូលហេតុមិនព្រមដែលពួកខ្ញុំធ្វើការហ្នឹង ស្រែប្រកបតាំងពីសម័យសមាហរណកម្មមក ហើយបឹងប្រាំកើតឆ្នាំ២០១២ នេះ ហើយយកដីដាក់សម្បទានសង្គមកិច្ចហើយ។ សម្ដេចតេជោបានមានប្រសាសន៍ហើយថា ដីសម្បទានសង្គមកិច្ចឲ្យរំលាយចេញ ដែលបងប្អូនណានៅកាន់កាប់រយៈពេល ៥ឆ្នាំ ត្រូវប្រគល់ឲ្យគាត់។ ហើយរស់នៅកន្លែងណាឲ្យដីកន្លែងគាត់ហ្នឹងឲ្យគាត់វិញ ហើយដល់ទៅវិញអត់មានដោះស្រាយតាមអ៊ីចឹងផងហ្នឹង។ វាលួចចុច ជីភីអេស (GPS) ពួកខ្ញុំមិនដឹងផង ស្រាប់តែឃើញចេញប្លង់មក ហើយមានថាពួកខ្ញុំអត់មានតវ៉ា ពួកខ្ញុំតវ៉ាតែមេឃុំអត់ទទួល»។
បើទោះជាបែបណាក្ដី ឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបាន បញ្ជាក់ថា ដីជាង ៣.៦០០ហិកតារ (៣.៦៥៨ហិកតារ) គឺជាប្រភេទដីសមាហរណកម្មសម្រាប់បែងចែកឲ្យគ្រួសារអតីតយោធិនខ្មែរក្រហមកាត់រំសាយចាប់តាំងពីឆ្នាំ១៩៩៨ ទុកដើម្បីបង្កបង្កើនផល និងធ្វើលំនៅឋាន។ ក៏ប៉ុន្តែ ក្រោយឆ្នាំ២០០៦ បន្ទាប់ពី លោក ឈា នី រៀបចំសំណើបង្កើតឃុំថ្មី គឺឃុំបឹងប្រាំ ដែលកំពុងប្រទង់ប្រទាញដូចនៅពេលនេះ ប្រជាពលរដ្ឋចោទប្រកាន់ថា លោក ឈា នី បានរៀបចំឃុំជាន់លើដីកំពុងគ្រប់គ្រងដោយប្រជាពលរដ្ឋយោធិនកាត់រំសាយទៅវិញ។
ទាក់ទងនឹងបញ្ហានេះ មេឃុំបឹងប្រាំ លោក ឈា នី ដែលបានចូលរួមរកដំណោះស្រាយដែរនោះ មានប្រសាសន៍គាំទ្រ លោក ឈាង វុន ថាជាវិធីរកដំណោះស្រាយថ្មីមួយទទួលបានយុត្តិធម៌ទាំងសងខាង ហើយអាចបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស។ លោកបន្តថា នៅក្នុងការរកដំណោះស្រាយនោះ គណៈកម្មការដីធ្លីបានស្រាវជ្រាវរកឃើញថា ជំហរដែលត្រូវដោះស្រាយមាន ៣ដំណាក់កាល គឺទី១ រកមូលហេតុទៅលើអ្នកដែលមានដី តែគ្មានប្លង់។ ទី២ អ្នកដែលមានប្លង់កាន់កាប់ តែគ្មានដី និងដោះស្រាយចំពោះអ្នកដែលរស់នៅតំបន់បឹងប្រាំ ប៉ុណ្ណោះ។ ចំណែកឯរឿងដែលប្រជាពលរដ្ឋនិយាយថា ការដោះស្រាយបែបនេះ គឺជាការគាបសង្កាត់ពីសំណាក់អាជ្ញាធរមកលើប្រជាពលរដ្ឋនោះ លោកថាជារឿងមិនពិតឡើយ។
លោក ឈា នី៖ «ព្រឹកម៉េច ក្រោយពីមេឃត្រជាក់បន្តិចមក មេឃក្ដៅបន្តិច សម្ដីកាន់តែធំបន្តិច យើងអត់អាចស្ដាប់បានទេ ពីព្រោះមនុស្សថ្មីចូលមកយើងអត់និយាយអីបានទីមួយ។ ទី២ បើកមើលឈ្មោះ "ក" ហ្នឹងមួយមក មើលជាង ២០០ឈ្មោះអត់ឃើញឈ្មោះគាត់អ៊ីចឹង។ បានន័យថា កាលគេចុះស្រាវជ្រាវ ៤ខែ គាត់អត់មកបង្ហាញមុខឲ្យគេទេអ៊ីចឹង។ ដល់ពេលឮសូរតំណាងរាស្ត្រគាត់មកអ៊ីចេះ គាត់ចាប់ផ្ដើមមកបង្ហាញមុខថាដីគាត់នៅត្រង់ណេះត្រង់ណោះ អានេះគឺយើងមិនអាចទទួលយកបានទេ។ ប៉ុន្តែអ្វីដែលយើងទទួលយកក្នុងពេលស្អែកខានស្អែកនេះ គណៈកម្មការគេហ្នឹងចាត់វិធានការកោះអញ្ជើញអ្នកដែលពាក់ព័ន្ធ ដើម្បីឲ្យគាត់ប្រមូលឯកសារគ្រប់គ្រងនៅលើដីនោះមកផ្ទៀងផ្ទាត់លើដីនោះ ថាតើគាត់បានកាន់កាប់ត្រឹមត្រូវស្របច្បាប់ដែរឬទេ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលអង្គការអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា រឿងទំនាស់ដីធ្លីនៅឃុំបឹងប្រាំ នេះ មានលក្ខណៈសាំញ៉ាំ ដែលអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ គួរពិចារណាឲ្យបានស៊ីជម្រៅ មុននឹងសម្រេចប្រគល់ដីទៅភាគីណាមួយជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ទោះយ៉ាងនេះក្ដី លោកថាវិធីដែលល្អ អាជ្ញាធរត្រូវឈរលើគោលការណ៍ដោយសម្បទានឲ្យគ្នាទៅវិញមក និងទម្លាក់ចោលរាល់ការចោទប្រកាន់ដាក់គ្នា ដូចដែលធ្លាប់មានកន្លងទៅ ជាដើម៖ «បានន័យថា យើងចង់ចោទភាគីម្ខាងជាអ្នកមករំលោភ ហើយភាគីម្ខាងទៀតគាត់និយាយថា ដីនេះជាដីសមាហរណកម្ម គាត់បានមករំលោភទេ។ អ៊ីចឹងបានខ្ញុំចង់ឲ្យទុកបញ្ហារឿងបង្កើតបញ្ហា ហើយជជែកគ្នារកវិធីដោះ ដើម្បីឲ្យភាគី តើភាគីនោះសំណូមពរគាត់លើកមកយ៉ាងម៉េច គាត់មានដំណោះស្រាយយ៉ាងម៉េច ភាគីម្ខាងទៀតដោះយ៉ាងម៉េច? អ៊ីចឹងការសម្របសម្រួល ការដោះស្រាយនេះ ត្រូវសម្បទានឲ្យគ្នាទៅវិញទៅមកក្នុងន័យឈ្នះៗទាំងអស់គ្នា កុំប្រើយន្តការណាមួយគំរាមកំហែងប្រព័ន្ធតុលាការនេះអ៊ីចឹង យើងអាច។ បើសិនជាការចាំយើង សង្គមស៊ីវិលចូលរួមទៅវាអត់ខាតអីទេ សង្គមស៊ីវិលមិនមែនទៅជាភាគីនិយមទេ អាចជួយឲ្យភាគីពាក់ព័ន្ធហ្នឹងដំណើរការល្អផង»។
រហូតមកទល់ពេលនេះ រឿងទំនាស់ដីធ្លីនៅតំបន់បឹងប្រាំ បានក្លាយជាជម្លោះដ៏រ៉ាំរ៉ៃដោះមិនចេញ ចាប់តាំងពីឆ្នាំ២០០៦ រហូតមក ហើយក្រុមប្រជាពលរដ្ឋដែលអះអាងថាជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់នោះ ពួកគេធ្លាប់ទៅតវ៉ានៅរាជធានីភ្នំពេញម្ដងរួចមកហើយ។ បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋមក កាលណោះ លោក ឈាង វុន ធ្លាប់បានសន្យាជាមួយនឹងអ្នកភូមិកាលពីដើមខែវិច្ឆិកា ថា នឹងដោះស្រាយរឿងទំនាស់នេះឲ្យបានសម្រេច ធ្វើឲ្យក្រុមប្រជាពលរដ្ឋសប្បាយចិត្ត ហើយវិលត្រឡប់មកផ្ទះវិញ។
ទោះជាយ៉ាងនេះក៏ដោយ ក្រុមប្រជាពលរដ្ឋទាំងនោះឲ្យដឹងថា ប្រសិនបើបញ្ហានេះដោះស្រាយនៅថ្នាក់មូលដ្ឋានមិនបានត្រឹមត្រូវទេ ពួកគេនឹងនាំគ្នាទៅតវ៉ានៅក្រុងភ្នំពេញជាថ្មីទៀតក្នុងពេលឆាប់ៗខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។