ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបន្ថែមកម្លាំងកម្មករដើម្បីពន្លឿនការឈូសឆាយ និងធ្វើរបង បើទោះបីជាក្រសួងយុត្តិធម៌ ចេញលិខិតអន្តរាគមន៍មួយទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចំពោះការស្នើឲ្យបញ្ឈប់ការធ្វើរបងរំលោភយកដីលំនៅឋាន និងដីស្រែរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅឃុំតាជេស ខេត្តកំពង់ឆ្នាំង។
តំណាងប្រជាពលរដ្ឋភូមិឡពាង អ្នកស្រី អ៊ុំ សុភី មានប្រសាសន៍នៅថ្ងៃទី១១ ខែកក្កដា ថា កម្មករស៊ីឈ្នួលក្រុមហ៊ុនបានកើនឡើងរាប់រយនាក់ ដោយចែកចេញជាពីរក្រុម គឺមួយក្រុមអនុវត្តការងារ និងមួយក្រុមទៀតរង់ចាំទប់ទល់នឹងកម្លាំងតវ៉ារបស់ប្រជាពលរដ្ឋ។ ចំណែកកម្លាំងសមត្ថកិច្ច នៅតែរក្សាកម្លាំងដដែល ដើម្បីប៉ុនប៉ងតាមចាប់ខ្លួនតំណាងអ្នកភូមិឈ្មោះ សៀង ហេង ឈ្មោះ ស្ងួន ញឿន និងរូបអ្នកស្រីផ្ទាល់៖ «ខ្ញុំយល់ឃើញក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការ គឺតូចជាងក្រុមហ៊ុនទៀត ឃើញក្រដាសក្រសួងយុត្តិធម៌ បញ្ជាទៅតុលាការសុំឲ្យក្រុមហ៊ុនហ្នឹងផ្អាកហើយ ប៉ុន្តែក្រុមហ៊ុននៅតែមិនផ្អាក អ៊ីចឹងបានន័យ គឺមានសិទ្ធិអំណាចធំខ្លាំងណាស់ ធំជាងតុលាការ ធំជាងក្រសួងយុត្តិធម៌ ទៀត។ អ៊ីចឹងបានន័យថា ក្រុមហ៊ុននេះធ្វើបំពានលើច្បាប់តែម្ដង»។
តំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ នៅថ្ងៃទី១១ ខែកក្កដា។ ចំណែកប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង លោក តេង រតនា ក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ ប៉ុន្តែព្រះរាជអាជ្ញាអមសាលាដំបូង លោក យូ ទិត្យវឌ្ឍនៈ ថ្លែងថា ខាងលោកបានទទួលលិខិតរបស់ក្រសួងយុត្តិធម៌ នេះហើយ ប៉ុន្តែមិនអាចអន្តរាគមន៍បាន ដោយលោកប្រាប់ថា សំណុំរឿងទាំងអស់ទាក់ទងករណីដីធ្លីនេះ មិនស្ថិតនៅក្នុងស្ថាប័នអយ្យការរបស់លោកនោះទេ។
លិខិតអន្តរាគមន៍លេខ៩៥៨ ចុះថ្ងៃទី១ ខែកក្កដា របស់ក្រសួងយុត្តិធម៌ ឆ្លើយតបទៅនឹងពាក្យស្នើសុំអន្តរាគមន៍របស់តំណាងពលរដ្ឋចំនួន ៨៩គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី បានបង្គាប់ឲ្យសាលាដំបូងខេត្តកំពង់ឆ្នាំង អោយចាត់វិធានការតាមច្បាប់ចំពោះសំណើសុំបញ្ឈប់សកម្មភាពធ្វើរបងរបស់ក្រុមហ៊ុន ដែលដឹកនាំដោយ លោកស្រី ជា ខេង ពីព្រោះក្រសួងពិនិត្យឃើញថា សំណុំរឿងក្ដីនេះកំពុងស្ថិតនៅក្នុងសមត្ថកិច្ចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅឡើយ។
តំណាងអ្នកភូមិអះអាងថា តាំងពីឆ្នាំ២០០៧ មក អ្នកភូមិបានប្ដឹងរឿងព្រហ្មទណ្ឌចំនួន ៨៦បណ្ដឹង និងរឿងរដ្ឋប្បវេណីចំនួន ២២បណ្ដឹង ចូលតុលាការខេត្តកំពង់ឆ្នាំង។ ចំណែកសំណុំរឿងរដ្ឋប្បវេណីចំនួន ២បណ្ដឹងទៀត កំពុងស្ថិតនៅក្នុងដៃរបស់សាលាដំបូងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។