ប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាច្រើនគ្រួសារ នៅតែជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែពួកគេមិនទាន់ទទួលបានដីសម្បទានសង្គមកិច្ចតាមការកំណត់ដោយអាជ្ញាធរខេត្ត។ ពួកគេស្នើឲ្យអាជ្ញាធរជួយដោះស្រាយបញ្ចប់បញ្ហានេះ។ យ៉ាងណា អាជ្ញាធរបញ្ជាក់ថា បញ្ហានេះគេកំពុងធ្វើការដោះស្រាយឈានទៅបញ្ចប់ក្នុងពេលឆាប់ៗ។
ពលរដ្ឋប្រមាណជិត ៥០គ្រួសារនៅឃុំក្រយា ស្រុកសន្ទុក នាំគ្នាដាក់ពាក្យបណ្ដឹងទៅអង្គការសិទ្ធិមនុស្សក្នុងខេត្ត ដើម្បីឲ្យជួយជំរុញការដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ទៅអាជ្ញាធរពាក់ព័ន្ធ។
ការដាក់ពាក្យបណ្ដឹងនេះ បន្ទាប់ពីពួកគេស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសា ប៉ុន្តែគ្មានដំណោះស្រាយ។
តំណាងពលរដ្ឋរស់នៅភូមិសែនសេរី អ្នកស្រី អ៊ុក ថាវរី ឲ្យដឹងថា ចាប់តាំងពីពេលពួកគាត់ទទួលបានប័ណ្ណសម្គាល់ដីធ្លី ដែលអាជ្ញាធរខេត្តផ្តល់ដីសម្បទានសង្គមកិច្ចកាលពីដើមឆ្នាំ២០១៤ ប៉ុន្តែដីនោះត្រូវបានក្រុមប្រជាពលរដ្ឋតំបន់ផ្សេងៗចូលទៅកាប់ទន្ទ្រានជំនួស ដោយមិនមានការហាមឃាត់ពីអាជ្ញាធរ ហើយថែមទាំងគំរាមពលរដ្ឋមានប័ណ្ណសម្គាល់ដីធ្លីទាំងនោះទៀតផង។ បញ្ហានេះ ធ្វើឲ្យពលរដ្ឋក្រីក្រ និងក្រុមជនពិការយល់ថា ក្រុមប្រជាពលរដ្ឋតំបន់ផ្សេងអាចចូលកាន់កាប់ដីសម្បទានសង្គមកិច្ចជំនួសពួកគាត់បាន គឺមានអាជ្ញាធរជាអ្នកនៅពីក្រោយ៖ «ខ្ញុំថាប្រហែលជាគាត់ព្រងើយកន្តើយរឿងហ្នឹង។ ប្រហែលជាគាត់រវល់ការងារគាត់ក៏មិនដឹង ឬមួយគាត់មិនអើពើក៏មិនដឹង»។
ពាក្យបណ្ដឹងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តកំពង់ធំ ដាក់ទៅអាជ្ញាធរខេត្តកំពង់ធំ ដើម្បីជំរុញឲ្យអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋទាំងនោះ កាលពីថ្ងៃទី៤ ឧសភា ដោយយោងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋនៅឃុំក្រយា កាលពីពេលកន្លងទៅ។ ក្នុងលិខិតអន្តរាគមន៍បានរៀបរាប់ថា មានពលរដ្ឋ ៤៩គ្រួសារទទួលដីសម្បទានសង្គមកិច្ចមួយគ្រួសារមួយហិកតារ នៅតំបន់សូងសាង ព្រមទាំងមានបង្កាន់ដៃសម្គាល់សិទ្ធិតាំងពីដើមឆ្នាំ២០១៤ ប៉ុន្តែដីនោះត្រូវពលរដ្ឋផ្សេងអះអាងថាជាដីរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យពលរដ្ឋដែលរាជរដ្ឋាភិបាលផ្ដល់សម្បទានសង្គមកិច្ចចូលកាន់កាប់ទេ។
ពលរដ្ឋនៅភូមិសែនសេរី ក្នុងឃុំក្រយា គឺជាប្រជាពលរដ្ឋដែលត្រូវបានគេបណ្ដេញចេញពីតំបន់បន្ទាយរងៀង បន្ទាប់ពីដីតំបន់នោះត្រូវបានរាជរដ្ឋាភិបាលផ្ដល់សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនវៀតណាម មួយឈ្មោះ តាំងបៀង តាំងពីឆ្នាំ២០០៨។ ពលរដ្ឋក្រីក្រ គ្រួសារស្ត្រីទុរគត និងគ្រួសារយោធិនពិការជាច្រើនរយគ្រួសារ ត្រូវរស់នៅយ៉ាងពិបាកគ្មានដីសម្រាប់ធ្វើស្រែចម្ការ។ នៅឆ្នាំ២០១៣ និងរហូតដល់ដើមឆ្នាំ២០១៤ ទើបរាជរដ្ឋាភិបាលសម្រេចផ្តល់ដីទំហំមួយហិកតារក្នុងមួយគ្រួសារសម្រាប់ធ្វើស្រែចម្ការ ប៉ុន្តែមកដល់ពេលនេះ មានពលរដ្ឋមួយភាគធំទទួលបាន ប៉ុន្តែពលរដ្ឋខ្លះទៀតមិនទាន់បានដីសម្រាប់បង្កបង្កើនផលទេ។
ទាក់ទងបញ្ហានេះ អភិបាលស្រុកសន្ទុក លោក ពេជ សុធា មានប្រសាសន៍ថា អាជ្ញាធរកំពុងដោះស្រាយដីតំបន់ផ្សេងឲ្យពួកគាត់ជំនួសវិញ ពីព្រោះដីដែលតម្រូវឲ្យពលរដ្ឋពីដំបូង គឺមានភាពចម្រូងចម្រាសជាមួយពលរដ្ឋផ្សេង ពិសេសគឺប៉ះពាល់លើដីពលរដ្ឋធ្លាប់អាស្រ័យផលជាក់ស្តែង។ លោកបន្ថែមថា មិនមែនពលរដ្ឋជិត ៥០គ្រួសារទេ ប៉ុន្តែគឺរហូតជាង ១០០គ្រួសារ (១៣៦) ដែលមិនទាន់ទទួលបានដីសម្បទានសង្គមកិច្ច។ អភិបាលស្រុកដដែលអះអាងថា អាជ្ញាធរមិនមែនជាអ្នកនៅពីក្រោយដូចការចោទប្រកាន់នោះទេ៖ «ការងារហ្នឹងអភិបាលខេត្តដោះស្រាយហើយ ហើយយើងបានប្រាប់គាត់ថានឹងផ្តល់ដីសម្បទានសង្គមកិច្ចនៅបឹងល្វាលើ»។
លោកបន្ថែមថា នឹងផ្សព្វផ្សាយបញ្ហានេះជូនពលរដ្ឋមិនទាន់ទទួលបានដីសម្បទានសង្គមកិច្ចដោយឲ្យពួកគាត់រង់ចាំប្រហែលជាមួយខែទៅពីរខែទៀត ទម្រាំអាជ្ញាធររៀបរយ និងឈូសឆាយឲ្យបានស្អាតបាត ជៀសវាងចែកជូនពលរដ្ឋហើយ ពួកគេនាំគ្នាយកដីនោះលក់បន្តទៀត។
ការអះអាងរបស់អាជ្ញាធរស្រុកពេលនេះ ពលរដ្ឋយោធិនពិការជើងឆ្វេងម្នាក់ លោក កែវ កាន ហាក់មិនសូវមានសង្ឃឹមនោះទេ ពីព្រោះការលើកឡើងរបស់អាជ្ញាធរ គឺពលរដ្ឋធ្លាប់ឮប្រហែល ២ឆ្នាំមកហើយ ប៉ុន្តែពលរដ្ឋនៅតែខកចិត្តដដែល។ លើសពីនេះទៀត លោកបារម្ភថា ដីនៅតំបន់បឹងល្វាលើ ស្ថិតនៅក្នុងឃុំបឹងល្វា គឺខ្លាចក្រែងតែប៉ះចំដីពលរដ្ឋធ្លាប់អាស្រ័យផលម្តងទៀត៖ «ខ្ញុំមិនមានសង្ឃឹមថា ព្រោះកាលចៅហ្វាយខេត្ត លោក អ៊ុត សំអន ហើយគាត់ថាចាំគេដោះស្រាយតាំងពីមិនទាន់បង្កបង្កើនផល ប៉ុន្តែតាំងពីហ្នឹងមកវាស្ងាត់ឈឹង»។
ចំណែកមន្ត្រីសម្របសម្រួលអង្គការការពារលីកាដូ ខេត្តកំពង់ធំ លោក ញ៉ូង សាមឿន ដែលបានចុះអង្កេតរឿងនេះមានប្រសាសន៍ថា បញ្ហាដីធ្លីនៅឃុំក្រយា គឺបង្ហាញពីអសមត្ថភាពចំពោះការដោះស្រាយបញ្ហាដីធ្លីរបស់អាជ្ញាធរខេត្តកំពង់ធំ។ លោកបន្ថែមថា ពលរដ្ឋទាំងនោះជួបទុក្ខលំបាកផ្ទួនៗគ្នា ពីព្រោះក្រៅពីបណ្ដេញពួកគាត់ចេញពីកន្លែងធ្លាប់រស់នៅហើយ អាជ្ញាធរមិនបានគិតគូរជូនពលរដ្ឋឲ្យប្រសើរនោះទេ អស់រយៈពេលប្រមាណ ៥ឆ្នាំ គឺយកពួកគាត់ទៅដាក់កណ្ដាលព្រៃចោល ខុសប្លែកពីក្រុមហ៊ុនវៀតណាម នៅទីនោះ ព្រោះគេដាំដំណាំកៅស៊ូបានទទួលផលទៅហើយ។ លើសពីនេះលោកថា ពលរដ្ឋផ្សេងដែលចូលទៅកាន់កាប់ដីសម្បទានសង្គមកិច្ច ជំនួសពលរដ្ឋមកពីតំបន់បន្ទាយរងៀង គឺមួយចំនួនធំមានអាជ្ញាធរកាងនៅពីក្រោយខ្នង។ លោកមើលឃើញថា ដីតំបន់ផ្សេងដែលអាជ្ញាធរគ្រោងនឹងចែកជូនពលរដ្ឋមានបញ្ហាទាំងនេះ ប្រហែលជាពួកគាត់មិនទទួលយកទេ៖ «ជាប់ព្រំប្រទល់ក្រុមហ៊ុនតាំងបៀនហ្នឹង ពួកគាត់នឹងមិនទៅទេ ពួកគាត់ថាវាឆ្ងាយណាស់ពីភូមិពួកគាត់រស់នៅ។ មួយទៀត នៅតំបន់ឯណោះគឺជាតំបន់ព្រៃដដែល ហើយជាដីដែលពុំសូវមានជីជាតិ»។
មន្ត្រីសិទ្ធិមនុស្សដដែលលើកឡើងទៀតថា អាជ្ញាធរគប្បីដោះស្រាយជូនពលរដ្ឋទាំងនោះឲ្យឆាប់រហ័ស ជៀសវាងចេះតែពន្យារពេលម្តងហើយម្តងទៀត ហើយពលរដ្ឋចេះតែបន្តរស់នៅក្នុងស្ថានភាពពិបាកពីមួយថ្ងៃទៅមួយថ្ងៃនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។