
ពលរដ្ឋជាច្រើនសិបនាក់រស់នៅក្នុងភូមិតេជោអន្លង់ក្មេងលេង ស្រុកឈូក ខេត្តកំពត នៅតែប្រកាន់ជំហរមិនឲ្យមានការឈូសឆាយណាមួយ នៅលើដីទំនាស់ទំហំជាង ៦ហិកតារ ខណៈក្រុមយោធានៃកងពលតូចលេខ៣១ បន្តប្រើគ្រឿងចក្រឈូសឆាយដដែល។ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ទទូចឲ្យអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ចប់ទំនាស់នេះឲ្យបានឆាប់។
ប្រជាពលរដ្ឋភូមិតេជោអន្លង់ក្មេងលេង នៃឃុំតេជោអភិវឌ្ឍន៍ ខេត្តកំពត ប្រមាណ ១០០នាក់ បានលើកគ្នាទៅតវ៉ានឹងក្រុមយោធានៃកងពលតូចលេខ៣១ ប្រឆាំងនឹងការឈូសឆាយដីទំហំជាង ៦ហិកតារ ដែលកំពុងមានទំនាស់។ ការតវ៉ានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ កញ្ញា និងបានបញ្ចប់ទៅវិញនៅម៉ោងប្រហែល ១១ថ្ងៃត្រង់ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរភូមិ-ឃុំ។
លោក ទឹម ហុង ប្រធានភូមិតេជោអន្លង់ក្មេងលេង បានថ្លែងថា ពលរដ្ឋផ្ទុះការតវ៉ាកាន់តែខ្លាំង នៅពេលក្រុមយោធាបានបង្កើនចំនួនគ្រឿងចក្របន្ថែមទៀត ដើម្បីឈូសឆាយដីកំពុងមានទំនាស់។ លោកបន្តទៀតថា ក្រៅពីបន្ថែមគ្រឿងចក្រ លោក គង់ ឡុំ ជាមេបញ្ជាការក៏បានបញ្ជូនទាហានកាន់តែច្រើនដែរ ដើម្បីទប់ទល់ជាមួយពលរដ្ឋ៖ «ប្រជាជនយើងនៅតែឈូឆរ ហើយដំណោះស្រាយហ្នឹងហាក់បីដូចជាគ្មាន។ ខ្ញុំទៅជួបមេទាហានដែរ តែគេមិនជួបយើងផង គេថាគេជាប់ទូរស័ព្ទ»។
ប្រធានភូមិតេជោអន្លង់ក្មេងលេង លោក ទឹម ហុង បានថ្លែងថា លោកមិនពេញចិត្តឡើយចំពោះសកម្មភាពរបស់ក្រុមយោធាដែលប្រដាប់ដោយដំបង និងកាំបិត ឈរការពារគ្រឿងចក្រ។ លោកចាត់ទុកទង្វើនេះជាការគំរាមកំហែងផ្នែកស្មារតី មកលើពលរដ្ឋក្នុងមូលដ្ឋានរបស់លោក។
កងយោធាបានឈូសឆាយដីទំហំ ៦ហិកតារ ដែលប៉ះពាល់ដល់ពលរដ្ឋ ២៧គ្រួសារ រស់នៅក្នុងភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ខេត្តកំពត។
លោក ឱ សារិទ្ធ អនុប្រធានភូមិតេជោអន្លង់ក្មេងលេង បានបញ្ជាក់ថា ទំនាស់ដីធ្លីនេះផ្ដើមចេញពីការស្នើសុំរបស់មន្ត្រីសុរិយោដីខេត្តកំពត នូវដីមួយកន្លែង ដើម្បីយកទីតាំងធ្វើជាកន្លែងដាក់ឈើ និងសម្ភារៈសំណង់ អំឡុងពេលស្ថាបនាភូមិករឲ្យយោធិនចូលនិវត្តន៍កាលពីឆ្នាំ២០១០។ ប៉ុន្តែនៅពេលបញ្ចប់ការសាងសង់ ពលរដ្ឋមិនអាចទៅធ្វើការបង្កបង្កើនផលដូចមុនឡើយ ពោលគឺដីនេះត្រូវបាន លោក គង់ ឡុំ ជាមេបញ្ជាការកងពលតូចលេខ៣១ អះអាងថា ជាដីរបស់លោកទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពី លោក គង់ ឡុំ ជាមេបញ្ជាការកងពលតូចលេខ៣១ ខេត្តកំពត បានឡើយ ទាក់ទងនឹងការឈូសឆាយនេះ។
ចំណែក លោក ហេង វន្ថា អភិបាលរងខេត្តកំពត ទទួលបន្ទុកខាងដីធ្លីវិញបានបញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មានច្បាស់លាស់នៅឡើយ ទាក់ទងនឹងទំនាស់ដីធ្លីនេះ។ លោកអះអាងថា នឹងរាយការណ៍រឿងនេះទៅអភិបាលខេត្ត ដើម្បីស្នើសុំអន្តរាគមន៍៖ «ខ្ញុំអត់ដឹងដែរ នោះជាដីសោធននិវត្តន៍ អត់ពាក់ព័ន្ធជាមួយដីដែលខ្ញុំកំពុងធ្វើទេ។ ខ្ញុំអត់ដឹងដែរ ចាំមើលខ្ញុំចុះទៅមើលសិន រាយការណ៍ជូនអភិបាលខេត្ត ដើម្បីស្នើសុំកម្លាំងគាត់ចុះទៅមើល»។
ភូមិតេជោអន្លង់ក្មេងលេង មានពលរដ្ឋជិត ៤០០គ្រួសារ (៣៩៩គ្រួសារ) កំពុងរស់នៅ។ ពលរដ្ឋ ២៧គ្រួសារដែលមានដីស្ថិតក្នុងទីតាំងទំនាស់ គឺជាយោធិនពិការ យោធិនកាត់រំសាយ និងខ្លះទៀតជាពលរដ្ឋសាមញ្ញ។
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកំពត លោក ហេង ភារៈ មិនបានសាទរឡើយចំពោះការប្រើប្រាស់កម្លាំងយោធា ដើម្បីទប់ទល់នឹងពលរដ្ឋ។ លោកថ្លែងថា ទង្វើបែបនេះធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អង្គភាព ព្រមទាំងមន្ត្រីទាំងអស់ដែលធ្វើការក្នុងនោះ៖ «អ្វីដែលគាត់ទាមទារ គឺដើម្បីយកជាដីលំនៅឋានទេ ដើម្បីគាត់មានលំនៅឋានសមរម្យ។ អ៊ីចឹងក្នុងនាមជាប្រជាពលរដ្ឋដែលរស់នៅលើទឹកដីខ្មែរ បើយើងគិតអំពីសិទ្ធិប្រជាពលរដ្ឋ គួរតែមានផ្ទះ មានលំនៅឋានរស់នៅឲ្យបានសមរម្យ។ អ៊ីចឹងបើសិនជារាជរដ្ឋាភិបាលយល់ឃើញថា ដីចំនួន ៦ហិកតារជាចំនួនតិច គួរតែផ្តល់ជូនប្រជាពលរដ្ឋជាការប្រសើរ ដើម្បីចៀសវាងជម្លោះ»។
ដោយមានអតីតភាពជាយោធា ពលរដ្ឋក្នុងភូមិតេជោអន្លង់ក្មេងលេង មិនត្រឹមតែមិនភ័យខ្លាចចំពោះវត្តមានក្រុមទាហាននៃកងពលតូចលេខ៣១ ប៉ុន្តែថែមទាំងហ៊ានងើបតតាំងជាមួយក្រុមទាហានទាំងនោះទៀតផង។ ស្ថិតក្នុងស្ថានភាពបែបនេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីអង្គការសិទ្ធិមនុស្ស អំពាវនាវដល់មន្ត្រីថ្នាក់ខេត្ត និងរាជរដ្ឋាភិបាល ពន្លឿនការដោះស្រាយទំនាស់នេះឲ្យបានឆាប់ ដើម្បីបញ្ចៀសអំពើហិង្សាណាមួយ ដែលអាចផ្ទុះឡើងរវាងពលរដ្ឋ និងក្រុមយោធា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។