ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​អាជ្ញាធរ​ឈូស​ឆាយ​ដី​អ្នក​ភូមិ

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ក្រចេះ ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​ខេត្ត​ថា បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​លើ​ដី​ចម្ការ​អ្នក​ភូមិ ដើម្បី​ពង្រីក​យក​ដី​សម្រាប់​ប្រគល់​ឲ្យ​ក្រុម​យោធិន​ពិការ ក៏​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ស្រុក​អះអាង​ថា ការ​ឈូស​ឆាយ​នោះ​មិន​ប៉ះពាល់​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ដូច​ការ​ចោទ​នោះ​ឡើយ។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ភូម​សំបួរ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រមាណ ៣០ ទៅ ៤០​នាក់ បាន​នាំ​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​ពីរ​គ្រឿង​របស់​អាជ្ញាធរ​ខេត្ត ដែល​កំពុង​ឈូស​ឆាយ​ទៅ​លើ​ដី​ចម្ការ​អ្នក​ភូមិ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​មេសា ឆ្នាំ​២០១៣។

មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​ឡើង​នោះ​ទេ ដោយសារ​អ្នក​បញ្ជា​គ្រឿងចក្រ​បាន​យល់​ព្រម​បញ្ឈប់​ការ​ឈូស​ឆាយ​ភ្លាមៗ​វិញ នៅ​ពេល​អ្នក​តវ៉ា​បាន​ស្រែក​គំរាម​ឲ្យ​គ្រឿង​ចក្រ​បញ្ឈប់​ការ​ឈូស​ឆាយ ហើយ​ក៏​មិន​មាន​ក្រុម​សមត្ថកិច្ច​ណា​មក​ការពារ​សន្តិសុខ និង​ឃ្លាំមើល​ការ​តវ៉ា​នេះ​ដែរ។

អ្នក​តវ៉ា​មួយ​រូប គឺ​អ្នកស្រី អៀង ចន្ធូ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​គ្រឿងចក្រ​ឈូស​ឆាយ​នេះ ឋិត​នៅ​ចំណុច​ស្នែងប្រើស ជា​តំបន់​ដែល​អ្នក​ភូមិ​បាន​ចូល​មក​តាំង​ទីលំនៅ​បន្ត​បន្ទាប់​គ្នា​ប្រមាណ ១០០​គ្រួសារ តាំង​ពី​ឆ្នាំ​២០០២ រហូត​បច្ចុប្បន្ន និង​បង្កើត​តំបន់​នោះ​ជា​ភូមិ​ថ្មី មាន​អាជ្ញាធរ​ភូមិ​ឃុំ​បាន​ទទួល​ស្គាល់​ការ​មក​តាំង​ទី​លំនៅ​ក្នុង​តំបន់​នោះ​ទៀត​ផង។

អ្នកស្រី​បន្ត​ថា ការ​ឈូស​ឆាយ​នេះ​ប៉ះពាល់​លើ​ដី​ចម្ការ​ដំឡូង​របស់​អ្នក​ភូមិ​បាន​ដាំដុះ៖ «ប៉ះពាល់​ដំឡូង។ ខែ​ហ្នឹង​មិន​ចង់​ទុក ហើយ​នាំ​គ្នា​ឈូស​រំលើង​រំលំ​ចោល​ខ្ទេចខ្ទី​អស់។ ពួក​ខ្ញុំ​មក​តាំង​ពី​២០០២ មេ​ឃុំ​បោះ​ត្រា​ទទួល​ស្គាល់​ទាំង​អស់​គ្នា»

ចំណែក​អ្នក​តវ៉ា​ម្នាក់​ទៀត គឺ​អ្នកស្រី ម៉េង ស៊ូហ្គេច មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា អ្នក​ភូមិ​មិន​បាន​ទទួល​ដំណឹង​អ្វី​ស្ដីពី​ការ​ឈូស​ឆាយ​នោះ​ទេ ក៏​ប៉ុន្តែ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​នេះ អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​ឈូស​ឆាយ​ដី​មួយ​ផ្នែក​នៅ​ខាង​កើត​ផ្លូវ​រួច​ហើយ ដើម្បី​យក​ដី​សម្រាប់​ធ្វើ​តំបន់​យោធិន​ពិការ។

អ្នកស្រី​បន្ត​ថា អ្នក​ភូមិ​មិន​ជំទាស់​គោលការណ៍​យក​ដី​សម្រាប់​គោលនយោបាយ​យោធិន​ពិការ​នោះ​ទេ ប៉ុន្តែ​អ្នក​ភូមិ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ធ្វើ​ការ​ឈូស​ឆាយ​ទៅ​លើ​តំបន់​គ្មាន​ស្រែ​ចម្ការ​អ្នក​ភូមិ៖ «ដី​សោធន​និវត្តន៍​តែ​ប៉ុន្មាន​ហិកតារ​ទេ​ចូល​ទៅ​ខាង​ក្រោយ​ទេ តែ​វា​បំពាន​យក​លើស​ចូល​ដល់​ដី​ប្រជាពលរដ្ឋ​តែម្ដង»

មេ​ឃុំ​ស្វាយជ្រះ លោក វ៉ាន់ វេត មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​ចូល​មក​តាំង​ទី​លំនៅ​តំបន់​នេះ​មុន​មាន​គម្រោង​យក​ដី​តំបន់​នោះ​ជា​សម្បទាន​សង្គមកិច្ច​របស់​រាជរដ្ឋាភិបាល។ លោក​បន្ត​ថា អ្នក​ភូមិ​មួយ​ចំនួន​ធំ​មាន​លិខិត​ផ្លាស់ប្ដូរ​ទី​លំនៅ​ពី​ខេត្ត​ផ្សេង ហើយ​មក​តាំង​ទីលំនៅ​នៅ​តំបន់​នេះ​ជា​ជន​ចំណាក​ស្រុក៖ «មិន​ទាន់​ដឹង​ច្បាស់​ដែរ កម្មវិធី​របស់​រាជរដ្ឋាភិបាល មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ អត់​មាន​ប្រាប់​ខ្ញុំ​ទេ។ កន្លង​មក​គេ​ឈូស យូរ​បន្តិច​ទើប​ខ្ញុំ​ដឹង​ក្រោយ»

ទាក់ទិន​ករណី​នេះ​ដែរ អភិបាល​ស្រុក​ស្នួល លោក គង់ គឹមលី មាន​ប្រសាសន៍​ថា គោលការណ៍​របស់​អាជ្ញាធរ​ខេត្ត គឺ​មិន​ធ្វើ​ការ​ឈូស​ឆាយ​ប៉ះពាល់​ដីស្រែ​ចម្ការ​អ្នក​ភូមិ​ឡើយ ក៏​ប៉ុន្តែ​អ្នក​ភូមិ​ចង់​បាន​ពង្រីក​ដី​ភូមិ​ច្រើន​ពេក ទើប​ប៉ះពាល់​គម្រោង​ឈូស​ឆាយ​ដី​នេះ។

លោក​បន្ត​ថា នឹង​ផ្អាក​គ្រឿង​ចក្រ​បណ្ដោះអាសន្ន ហើយ​រៀបចំ​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​អ្នក​ភូមិ ដើម្បី​បញ្ចប់​បញ្ហា​ទាំង​អស់​នេះ៖ «យើង​បាន​និយាយ​គ្នា​រួច​ហើយ តាំង​ពី​ឈូស​ឆាយ​លើក​ទី​១ ដំបូង​មក​ម្ល៉េះ គឺ​ឲ្យ​វៀង​ឲ្យ​ស្អី​សព្វ​បែប​យ៉ាង​ទាំង​អស់ គឺ​មិន​ឲ្យ​ប៉ះពាល់​ដល់​បង​ប្អូន​ទេ។ សុំ​ឲ្យ​បង​ប្អូន​ហ្នឹង​គាត់​យោគ​យល់​ផង​ថា អ្វី​ជា​កម្មសិទ្ធិ​សង្គមកិច្ច កុំ​ឲ្យ​គាត់​ចេះ​តែ​រំលោភ​ចង់​បាន ១០០ ១​ពាន់​របស់​គាត់​អ៊ីចឹង​ណា!»

តំណាង​អ្នក​តវ៉ា អ្នកស្រី ម៉េង ស៊ូហ្គេច មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រក្សា​ទុក​ដី​ត្រៀម​បម្រុង​របស់​រដ្ឋ​ប្រមាណ ១០​ភាគរយ​បន្ថែម​ទៀត សម្រាប់​ការ​អភិវឌ្ឍ​ភូមិ​ថ្មី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។