មន្ត្រីគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនសម្បទានវៀតណាម នេះ បានបំពានទៅលើសិទ្ធិបំពេញការងាររបស់មន្ត្រីអង្គការសង្គមស៊ីវិល និងបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរាជរដ្ឋាភិបាល ការពារក្រុមហ៊ុនឯកជន ហើយរឹតបន្តឹងសេរីភាពធ្វើដំណើររបស់មន្ត្រីអង្គការសង្គមស៊ីវិល។
លោកបន្តថា ក្រុមការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានបញ្ជាក់ប្រាប់ពីហេតុផលនៃការចុះទៅភូមិជួបប្រជាពលរដ្ឋ ប៉ុន្តែកងកម្លាំងការពារក្រុមហ៊ុនតម្រូវឲ្យសុំច្បាប់ពីអាជ្ញាធរស្រុក៖ «គេថាអភិបាលស្រុក អាជ្ញាធរបានប្រាប់គេអ៊ីចឹង បើសិនជាមានអង្គការណាចូលទៅ សុំឲ្យអង្គការហ្នឹងទៅជួបគេ សុំការអនុញ្ញាតពីគេ ព្រោះអង្គការទាំងអស់ហ្នឹងច្រើនតែទៅប្រាប់ប្រជាពលរដ្ឋ ដើម្បីងើបឡើងប្រឆាំងក្រុមហ៊ុន និងអាជ្ញាធរ។ ខ្ញុំគិតថា អាហ្នឹងវាជារឿងរឹតត្បិតសេរីភាពក្នុងការដើរហើរ សិទ្ធិបញ្ចេញមតិ ហើយនិងមានការលាក់លៀមអ្វីនៅក្នុងហ្នឹង»។
ឆ្លើយតបសេចក្តីចោទប្រកាន់នេះ តំណាង និងជាអ្នកបកប្រែក្រុមហ៊ុន ឈ្មោះ កាំ បដិសេធថា មិនមានការរឹតបន្តឹង ឬរារាំងដំណើរមន្ត្រីសិទ្ធិមនុស្សទេ ប៉ុន្តែក្រុមហ៊ុនធ្វើតាមការណែនាំរបស់អាជ្ញាធរស្រុក មិនឲ្យមន្ត្រីអង្គការសង្គមស៊ីវិលជួបប្រជាពលរដ្ឋដោយគ្មានការឯកភាពពីអាជ្ញាធរស្រុក។
យ៉ាងនេះក្តី អភិបាលស្រុកស្នួល លោក គង់ គឹមនី មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរស្រុកចង់បានកិច្ចសហការរវាងមន្ត្រីសង្គមស៊ីវិល និងអាជ្ញាធរក្នុងការចុះទៅបំពេញការងារនៅមូលដ្ឋាន។ លោកថា មន្ត្រីកន្លងទៅនេះ មានជនខិលខូចចេញចូលតាមផ្លូវក្រុមហ៊ុន ហើយបង្កបញ្ហាជាមួយកម្មករក្រុមហ៊ុន ទើបអាជ្ញាធររឹតបន្តឹងការចេញចូលតាមផ្លូវក្រុមហ៊ុននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។