អ្នក​ភូមិ​បង្កើត​ថ្មី​នៅ​ឧត្ដរមានជ័យ​ចោទ​អាជ្ញាធរ​ឃុបឃិត​គ្នា​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី

0:00 / 0:00

ភូមិ​ជ្រឹង​ខាង​កើត នៃ​សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ គឺ​ជា​ភូមិ​មួយ​ដែល​ទើប​តែ​មាន​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ។ បច្ចុប្បន្ន ភូមិ​នេះ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង ១៦០​គ្រួសារ ក៏ប៉ុន្តែ​ក្នុង​ចំណោម​នោះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​តែ​មាន​បញ្ហា​លើ​សិទ្ធិ​កាន់​កាប់​ដីធ្លី។

តើ​បញ្ហា​ទាំង​នោះ​យ៉ាង​ណា​ខ្លះ?

ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​ជ្រឹង​ខាង​កើត កំពុង​ចោទ​ប្រកាន់​ប្រធាន​ភូមិ និង​គូកន​មួយ​ចំនួន​ទៀត ថា​បាន​រារាំង​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត និង​មន្ត្រី​ជំនាញ​កន្លង​មក មិន​ឱ្យ​វាស់​វែង​ដី​ជូន​អ្នក​ភូមិ​ទេ បណ្ដាល​ឱ្យ​បច្ចុប្បន្ន​នេះ ពួក​គេ​មិន​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ឡើយ។

បន្ថែម​លើ​បញ្ហា​ដែល​ថា មេ​ភូមិ​បាន​រារាំង​មិន​ឱ្យ​ក្រុម​ជំនាញ​វាស់​វែង​ដី​ជូន​ប្រជាពលរដ្ឋ​នោះ គឺ​អ្នក​ភូមិ​ខ្លះ​ដែល​បាន​វាស់​វែង​ដី​រួច​ហើយ ក៏​មិន​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដែរ ដោយសារ​តែ​ប្លង់​ដី​របស់​ពួក​គេ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​អ្នក​ដទៃ​ធ្វើ​ជា​ម្ចាស់​ទៅ​វិញ។

អ្នក​ភូមិ​ជ្រឹង​ខាង​កើត ម្នាក់​ក្នុង​ចំណោម​ជាច្រើន​ទៀត គឺ​អ្នកស្រី ងិន ស្រីឡៃ។ គាត់​បាន​មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០១៣ ក្នុង​ពេល​ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដីធ្លី គឺ​ឪពុកមា​របស់​គាត់​មាន​ដី​ក្បាល ៥០​ម៉ែត្រ ជម្រៅ ៤៥០​ម៉ែត្រ ដោយ​ចែក​ឱ្យ​រូប​គាត់​ក្បាល ២០​ម៉ែត្រ ក៏ប៉ុន្តែ​ឪពុកមា​របស់​គាត់​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ដី​ទាំងអស់​មក​លើ​រូប​គាត់។ នៅ​ពេល​ដែល​ក្រុម​និស្សិត​ចុះ​ទៅ​វាស់​វែង គឺ​គាត់​បាន​បំពេញ​សំណុំ​ឯកសារ​ទាំងអស់ ប៉ុន្តែ​ពេល​ចេញ​ប្លង់​កម្មសិទ្ធិ បែរ​ជា​ឈ្មោះ​អ្នក​ផ្សេង​មក​ធ្វើ​ជា​ម្ចាស់​ទៅ​វិញ៖ «និស្សិត​ចុះ​វាស់​មក​ចុច​ធ្វើ​សំណុំ​បែបបទ​រួច​ហើយ ដល់​ពេល​ថ្ងៃ​បើក​ប្លង់​ហ្នឹង គឺ​អត់​បាន​ទេ។ ប្លង់​ហ្នឹង​គេ​ចុច​យក​បាត់​ហើយ ស្អី​អ៊ាង ទេ! ខ្ញុំ​មិន​សូវ​ស្គាល់​គេ​ដែរ ជា​អនុ​ប្រធាន​ភូមិ​ជ្រឹង។ ខ្ញុំ​បាន​ដឹង​ត្រឹម​ថា គេ​ចុច​យក​ទៅ​កាន់​ខ្លួន​គេ​តែ​ប៉ុណ្ណោះ។ សួរ​មេ​ភូមិ គេ​ថា​មិន​ដឹង ដល់​ពេល​គេ​បើក​ប្លង់​រួច​ហើយ បាន​មេ​ភូមិ​ឆ្លើយ​ថា ប្លង់​ហ្នឹង​គេ​បើក​យក​កាន់​បាត់​ហើយ»

ចំណែក​បុរស​អាយុ ៦៧​ឆ្នាំ​ម្នាក់​ទៀត គឺ​លោក ប៉ិល ប៉ូ បាន​មាន​ប្រសាសន៍​ថា រូប​គាត់ ២​នាក់​ប្ដី​ប្រពន្ធ គឺ​ជា​អ្នក​ក្រីក្រ បាន​ទៅ​រស់​នៅ​លើ​ដី​ទំហំ​ជាង ២​ហិកតារ តាំង​តែ​ពី​ឆ្នាំ​២០០៤ មក។ គាត់​ខំ​កាប់​ឆ្ការ​ដី​ព្រៃ​ទាំង​នោះ​ឱ្យ​ស្រឡះ ដើម្បី​ធ្វើ​ចម្ការ​ចិញ្ចឹម​ជីវិត ក៏ប៉ុន្តែ​នៅ​ពេល​ដែល​និស្សិត​ចាប់​ផ្ដើម​វាស់​វែង​ធ្វើ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ បែរ​ដី​នោះ​មិន​មែន​ជា​របស់​លោក៖ «ប្រធាន​ភូមិ​គេ​លក់​ឱ្យ​ប្រជាជន​អ្នក​ចម្ងាយ​នោះ​ផង ហើយ​ឱ្យ​ប្រធាន​ក្រុម​មក​ដណ្ដើម​យក​ទៀត។ ដល់​ពេល​ខ្ញុំ​ថត​រូប​ធ្វើ​សលាកបត្រ​បាន​ហើយ មេ​ភូមិ​រាំង​ស្ទះ គេ​ថា​ដី​ហ្នឹង​ពាក់ព័ន្ធ អត់​ឱ្យ​មាន​ចេញ​ប្លង់​ទេ។ ខ្ញុំ​ឡើង​តវ៉ា​ប៉ុន្មាន​លើក​ប៉ុន្មាន​សា ឡើង​ទៅ​ក្រុង​ក៏​គេ​មិន​ដោះស្រាយ​ឱ្យ ឃុំ​ក៏​គេ​មិន​ដោះស្រាយ​ឱ្យ ហើយ​គេ​សម្លុត​កំហែង គេ​ថា​ដី​នេះ​មិន​មែន​ដី​រដ្ឋ​ទេ គឺ​ជា​ដី​ដែល​គេ​តស៊ូ​បាន​មក! ប្រធាន​ភូមិ​គេ​ថា​អ៊ីចឹង។ ម្ល៉ោះ​ហើយ​ខ្ញុំ​អត់​មាន​ជំនឿ​ទេ ខ្ញុំ​និយាយ​ត្រង់ ទោះ​បី​យក​កាំភ្លើង​ទៅ​បាញ់​សម្លុត​ខ្ញុំ ក៏​ខ្ញុំ​អត់​មាន​ជំនឿ​ដែរ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ភូមិ​ជ្រឹង​ខាង​កើត លោក លឹម អូ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់​ពី​ចៅ​សង្កាត់ រហូត​ដល់​អភិបាល​ក្រុង​សំរោង និង​មន្ត្រី​ខេត្ត​ឧត្តរមានជ័យ ផង​ក៏​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ ដោយសារ​តែ​មន្ត្រី​ខ្លះ​មិន​ទទួល​ទូរស័ព្ទ និង​មន្ត្រី​ខ្លះ​ទៀត​បាន​ចុច​ផ្ដាច់​ថា​ជាប់​រវល់។

កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ ក្រុម​អ្នក​ភូមិ​ជ្រឹង​ខាង​កើត ធ្លាប់​លើក​គ្នា​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​ឧត្តរមានជ័យ ម្ដង​មក​ហើយ ជុំវិញ​រឿង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទី​នោះ។ កាល​ណោះ អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ លោក វ៉ាត ប៉ារ៉ានីន ធ្លាប់​បាន​សន្យា​ថា​នឹង​ដោះស្រាយ ក៏ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​ឃើញ​ដំណោះស្រាយ​អ្វី​ទេ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) បាន​ចុះ​ស៊ើប​អង្កេត​បញ្ហា​នេះ​កាល​ពី​ពេល​ថ្មីៗ ដោយ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ទី​នោះ​មែន។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា លោក​បាន​រក​ឃើញ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០​គ្រួសារ ក្នុង​ភូមិ​ជ្រឹង​ខាង​កើត ដែល​កំពុង​មាន​បញ្ហា​អាជ្ញាធរ​មិន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ ឯ​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​អ្នក​ផ្សេង​ធ្វើ​ជា​ម្ចាស់​ជំនួស​ទៅ​វិញ។ លោក ស្រី ណារ៉េន បាន​បញ្ជាក់​ទៀត​ថា លោក​បាន​ស៊ើប​អង្កេត​ទៅ​លើ​ប្រជាពលរដ្ឋ​ចំនួន ៨​គ្រួសារ ដែល​មាន​បញ្ហា​នេះ​រួច​ហើយ ក៏ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ចំនួន ៩​គ្រួសារ​ផ្សេង​ទៀត គឺ​លោក​នឹង​ធ្វើ​ការ​អង្កេត​បន្ត៖ «យើង​មើល​ទៅ​ដំណាំ​ដីធ្លី​របស់​ពួក​គាត់​ហ្នឹង គឺ​គាត់​រស់​នៅ​តាំង​ពី​ឆ្នាំ​២០០២-២០០៣ មុន​ពេល​កើត​ភូមិ​ជ្រឹង​នោះ​ទៅ​ទៀត។ តែ​គ្រាន់​ថា​នេះ​ប្រហែល​ជា​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​គណៈកម្មការ​វាស់​វែង​ដី​ខេត្ត និង​អ្នក​ចេញ​ប័ណ្ណ ចេញ​អី​ហ្នឹង»

ក្រុម​អ្នក​ភូមិ​បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​ថ្នាក់​ជាតិ ចុះ​ទៅ​ពិនិត្យ​មើល​បញ្ហា​ដែល​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដោយ​មិន​ចំ​ម្ចាស់​ពិត​ប្រាកដ​នោះ។

អ្នក​ភូមិ​ជ្រឹង​ខាង​កើត ម្នាក់​ទៀត​ដែល​ដឹង​ពី​ភាព​អយុត្តិធម៌​ជាច្រើន​ក្នុង​រឿង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នោះ បាន​រិះគន់​ថា មេ​ភូមិ​ជ្រឹង​ខាង​កើត បាន​បង្ក​ភាព​អយុត្តធម៌​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ក៏ប៉ុន្តែ​បាន​បម្រើ​ផល​ប្រយោជន៍​ជាច្រើន​ដល់​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច៖ «បើ​ប្រជាជន​ណា​មិន​ឱប​ជើង​ឱប​ដៃ​គាត់​ទេ គឺ​គាត់​មិន​ឱ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ គាត់​មិន​ទទួល​ស្គាល់។ គាត់​មិន​ឱ្យ​ក្រុម​និស្សិត​ចុច​វាស់​វែង​ទេ។ សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​ជា​អចិន្ត្រៃយ៍ គឺ​អត់​មាន​ដី ឯ​អ្នក​មាន​អំណាច​មន្ត្រី​គ្រាក់ៗ មាន​ប្លង់​កម្មសិទ្ធិ​កាន់»

ក្រុម​អ្នក​ភូមិ​ខ្លះ​បាន​រិះគន់​ថា អាជ្ញាធរ​ទំនង​ជា​ឃុបឃិត​គ្នា​ក្នុង​រឿង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​មិន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ ហើយ​ឆ្លៀត​យក​ប្រយោជន៍​ខ្លួន​ឯង។ ការ​រិះគន់​បែប​នេះ ដោយសារ​តែ​គេ​ឃើញ​ថា មាន​មន្ត្រី​ខេត្ត​ឧត្តរមានជ័យ ខ្លះ និង​មន្ត្រី​យោធា​ខ្លះ ជាប់​ពាក់ព័ន្ធ​នឹង​ការ​មាន​កម្មសិទ្ធិ​ដីធ្លី​ជាច្រើន​ហិកតារ​ក្នុង​ភូមិ​ជ្រឹង​ខាង​កើត នោះ។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​ចាត់​ទុក​ថា បច្ចុប្បន្ន​ខេត្ត​ឧត្តរមានជ័យ គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ខ្លះ​ទៀត​ដែល​នៅ​មាន​បញ្ហា​អាជ្ញាធរ និង​កង​ទាហាន​ខ្លះ រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ។ បញ្ហា​ទាំង​នោះ គឺ​មន្ត្រី​ខេត្ត​ឧត្តរមានជ័យ មិន​ទាន់​មាន​ឆន្ទៈ​ដោះស្រាយ​ដោយ​ស្មោះ​ត្រង់​ទេ។

កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ផ្អាក​គម្រោង​សិក្ខា​សាលា​មួយ ស្ដីពី​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​តាម​ផ្លូវ​ច្បាប់ ដោយសារ​តែ​មន្ត្រី​សាលា​ខេត្ត​ឧត្តរមានជ័យ មិន​អនុញ្ញាត ព្រម​ទាំង​មិន​សហការ​ក្នុង​ការ​បញ្ជូន​មន្ត្រី​រដ្ឋ​មួយ​ចំនួន​ឱ្យ​ចូល​រួម​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។