ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​បារម្ភ​ពី​បណ្ដឹង​ទាក់ទង​នឹង​ដីធ្លី​ដែល​កំពុង​រស់​នៅ

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​នាក់ នៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរបាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​ជួប​ប្រជុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៣។ ពួក​គេ​បាន​ទៅ​តាម​តំណាង​ពួក​គេ​ដែល​បាន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ ដើម្បី​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ករណី​បណ្ដឹង​ទាមទារ​របស់​មនុស្ស​បី​នាក់ ដែល​អះអាង​ថា ជា​ម្ចាស់​ដី ហើយ​ដែល​បាន​ចោទ​ពលរដ្ឋ​ថា រស់​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ពួក​គេ។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរបាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កំពុង​ព្រួយ​បារម្ភ​ពី​ករណី​បណ្ដឹង​ទាក់ទង​នឹង​ដីធ្លី​ដែល​ពួក​គេ​កំពុង​រស់​នៅ​សព្វថ្ងៃ។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ នួន សុខុន ដែល​បាន​ទៅ​កាន់​តុលាការ​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៣ បាន​អោយ​ដឹង​ថា តុលាការ​នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​តុលាការ​បាន​ស្នើ​អោយ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​បណ្ដឹង​ដីធ្លី​នេះ រៀប​ចំ​ឯកសារ​របស់​ពួក​គេ ប្រគល់​អោយ​តុលាការ​ពិនិត្យ​មើល​ជា​មុន​សិន។ លោក​បន្ត​ថា តុលាការ​ទុក​ពេល​អោយ​ប្រជាពលរដ្ឋ​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ សម្រាប់​រៀប​ចំ​ឯកសារ។ តុលាការ​ក៏​បាន​អោយ​ប្រជាពលរដ្ឋ​ដឹង​ថា ដី​ដែល​ពាក់ព័ន្ធ​ក្នុង​បណ្ដឹង មិន​មែន​មាន​តែ ៣៧​ហិកតារ នោះ​ទេ គឺ​មាន​រហូត​ដល់ ៣៧៣​ហិកតារ ឯណោះ។

លោក នួន សុខុន៖ «ដល់​ពេល​មក​ដល់​នេះ​គេ​ដាក់ ៣៧៣​ហិកតារ អា ៣៧​ហ្នឹង គេ​ថា​ខុស​បច្ចេកទេស​ខាង​គាត់ (តុលាការ) សរសេរ​ខុស វាយ​ខុស។ តុលាការ​គាត់​ថា​ឥឡូវ ប្រសិន​បើ​យើង​រស់​នៅ​លើ​ដី​ហ្នឹង​ពិត​ប្រាកដ អោយ​ស្គាល់​ពី​ការ​រស់​នៅ​របស់​យើង​មាន​ព្រំប្រទល់ មាន​ដំណាំ ការ​រស់​នៅ យើង​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​លើ​ដី​ហ្នឹង រៀប​ចំ​ឯកសារ​មក​ដាក់​តុលាការ ដើម្បី​អោយ​តុលាការ​ពិនិត្យ ហើយ​តុលាការ​ហ្នឹង​ចុះ​ដល់​ទីតាំង​ហ្នឹង​ទៀត ចាប់​ពី​ថ្ងៃ​ហ្នឹង ដល់​ថ្ងៃ​២៩ គឺ​យើង​ស្រាវជ្រាវ​បង​ប្អូន​យើង ដែល​មាន​ដី​ផ្ទះ​សម្បែង ហើយ​ចេញ​ទៅ​រក​ស៊ី​ឆ្ងាយៗ​អត់​ដឹង គឺ​ផ្តល់​ព័ត៌មាន​អោយ​គាត់​បាន​មក​ធ្វើ​ឯកសារ​ហ្នឹង​អោយ​ច្បាស់​លាស់»

លោក នួន សុខុន និយាយ​ថា ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ ប្ដេជ្ញា​ថា​នឹង​មិន​ចាក​ចេញ​ពី​ដី​របស់​ពួក​គេ​ឡើយ ព្រោះ​ពួក​គេ​បាន​រស់​នៅ​លើ​ដី​ទាំង​នេះ​តាំង​ពី​យូរ​មក​ហើយ មិន​ដែល​មាន​នរណា​មក​ប្តឹងផ្តល់ ឬ​អះអាង​ថា​ជា​ម្ចាស់​ដី​នោះ​ទេ។ លោក​ថា ប្រជាពលរដ្ឋ​មិន​ដឹង​ថា ត្រូវ​ទៅ​រស់​នៅ​ឯណា​ទៀត​ឡើយ។

កន្លង​មក ពលរដ្ឋ​ខ្មែរ​ជាច្រើន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ដី​លំនៅឋាន​របស់​ពួក​គេ ដើម្បី​យក​ដី​អោយ​ក្រុមហ៊ុន​ធ្វើ​វិនិយោគ។ ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​អយុត្តិធម៌​បាន​ធ្វើ​អោយ​ពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាត់​បង់​ដីធ្លី​របស់​ខ្លួន។ ការ​បណ្ដេញ​ចេញ​ដោយ​អយុត្តិធម៌ ក៏​តែង​បណ្ដាល​អោយ​កើត​ជា​អំពើ​ហិង្សា​រាប់​មិន​អស់ រវាង​សមត្ថកិច្ច និង​ពលរដ្ឋ​ដែល​ជា​ជន​រងគ្រោះ។

អ្នកស្រី ជាប សុធារី អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​តាម​ដាន​រឿង​នេះ​ដែរ​នោះ បាន​អោយ​ដឹង​ថា តុលាការ​បាន​បង្ហាញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​អចលនវត្ថុ​ចំនួន ៩៧​ប័ណ្ណ ដែល​ភាគី​ដើម​ចោទ​បាន​ទទួល​ពី​មនុស្ស ៧​នាក់ និង​ក្រុមហ៊ុន​មួយ​ដែល​លក់​ដី​អោយ​ពួក​គេ កាល​ពី​ឆ្នាំ​២០១២។ អ្នកស្រី​ថា មនុស្ស​ទាំង ៧​នាក់​នោះ មាន​ឈ្មោះ លី ស៊ើង លូ ឈុន លិញ ឆាន ចាង ហុង តាំង ផេង ទូ អ៊ី លី តុង និង​ក្រុមហ៊ុន ជុង ថៃ ពាណិជ្ជ។ អ្នកស្រី​បន្ត​ថា ក្នុង​ចំណោម​ដើម​បណ្ដឹង​ទាំង ៣​នាក់ មាន​ម្នាក់​ជា​តំណាង​របស់​ក្រុមហ៊ុន ជុង ថៃ ពាណិជ្ជ ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកស្រី​ថា តុលាការ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌ និង​សន្តិវិធី។

អ្នកស្រី ជាប សុធារី៖ «ខាង​យើង​សង្គម​ស៊ីវិល យើង​នឹង​ព្យាយាម​អោយ​មាន​ដំណើរ​ការ​ទៅ​តាម​សន្តិវិធី ទៅ​តាម​នីតិវិធី ហើយ​យើង​គ្រាន់​តែ​សំណូម​ពរ​ទៅ​ដល់​ភាគី​ដើម​ចោទ​ដែរ បើ​ក្នុង​ករណី​ដែល​មិន​ទាន់​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​អោយ​បាន​ចប់​ទេ អោយ​វា​ទៅ​តាម​ដំណាក់​ការ​ទេ កុំ​អោយ​ខាង​ភាគី​ដើម​ចោទ​ហ្នឹង ប្រញាប់​ប្រើ​កម្លាំង​ទៅ​ឈូស​ឆាយ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ ប្រជាពលរដ្ឋ​គាត់​នៅ​តែ​អះអាង​ថា គាត់​បាន​ចូល​រស់​នៅ​ហ្នឹង​យូរ​ណាស់​ហើយ សំខាន់​ទៀត​ថា រឿង​នេះ គឺ​អាជ្ញាធរ​គាំទ្រ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ»

លោក ពិន សេន មេ​ឃុំ​អូរបាក់រទេះ ធ្លាប់​បាន​និយាយ​ថា ពលរដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ដីធ្លី​នោះ បាន​រស់​នៅ​លើ​ដី​ពួក​គេ​តាំង​ពី​យូរ​មក​ហើយ មិន​ដែល​មាន​អ្នក​ណា​មក​រំខាន ប្ដឹង​ទាមទារ​ដី​របស់​គេ​ឡើយ។ លោក ពិន សេន ក៏​មិន​ដឹង​ថា អ្នក​ដែល​អះអាង​ថា ជា​ម្ចាស់​ដី​នោះ​ជា​នរណា ហើយ​មក​ពី​ខាង​ណា​នោះ​ដែរ។ លោក​ថា លោក​នឹង​ឈរ​ខាង​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។