ប្រជាពលរដ្ឋជាង ៥០គ្រួសារ រស់នៅភូមិកាលិ ឃុំស៊ឺង ស្រុកបរកែវ ខេត្តរតនគិរី នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៣ បានប្រមូលផ្តុំគ្នាមករុះរើបង្គោលព្រំដីមួយកន្លែង ដែលអ្នកភូមិចោទថាមេឃុំបានកាត់យកដីសាលាឃុំមួយផ្នែកទៅលក់ឲ្យឯកជន។ មិនមានអំពើហិង្សាអ្វីកើតមានក្នុងហេតុការណ៍នេះទេ ពីព្រោះមន្ត្រីក្រុមប្រឹក្សាឃុំពុំមានវត្តមាននៅសាលាឃុំ និងចេញមុខដោះស្រាយជាមួយប្រជាពលរដ្ឋអ្នកតវ៉ាឡើយ។
អ្នកតវ៉ាមួយរូប គឺអ្នកស្រី គឹម ហេង មានប្រសាសន៍បញ្ជាក់ថា ដីដែលមេឃុំ និងស្មៀនលក់ គឺជាដីដែលអ្នកភូមិគ្រប់គ្រងថែរក្សា និងប្រើប្រាស់ជាលក្ខណៈសហគមន៍។ អ្នកភូមិសម្រេចកាត់ចេញដីទំហំ ៣.៥០០ម៉ែត្រក្រឡា នៅជាប់ពីក្រោយសាលាឃុំទៅឲ្យមន្ត្រីឃុំទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
អ្នកស្រីបន្តថា ស្មៀនឃុំបានដកបង្គោលរបងចាស់ចេញ ហើយបោះបង្គោលរបងថ្មីរំលោភចូលដីអ្នកភូមិនៅក្បែរនោះបន្ថែមទៀត ដើម្បីយកដីនោះលក់ទៅឲ្យអ្នកទិញដី៖ «ឃុំមានសិទ្ធិលក់ដី ហេតុអ្វីបានជាមិនប្រាប់ប្រជាជន ហើយលួចដីលក់? តែដីមិនគ្រប់ចំនួនវាស់ ទៅយកដីប្រជាជនថែមទៀត។ ហើយដកបង្គោលកូនខ្ញុំថែមទៀត ស្មៀនឃុំមានសិទ្ធិអ្វីទៅដកបង្គោលព្រំកូនខ្ញុំចេញ។ រកយុត្តិធម៌ឲ្យប្រជាជនផងណា!»។
ចំណែកអ្នកតវ៉ាមួយរូបទៀត គឺលោក រម៉ាស ពាង មានប្រសាសន៍បញ្ជាក់ដែរថា នេះគឺជាអំពើពុករលួយលក់ទ្រព្យសម្បត្តិរដ្ឋ ហេតុនេះអ្នកភូមិទាមទារឲ្យអាជ្ញាធរស្រុកខេត្ត ចាត់វិធានការដកហូតដីទុកជាសម្បត្តិរដ្ឋវិញ។ លោកបន្តថា ដីដែលមេឃុំលក់មានតម្លៃ ១ម៉ឺនដុល្លារអាមេរិក៖ «មេឃុំគេអត់ចេញមកទេ គេនៅផ្ទះគេ។ ខ្ញុំជាមេឃុំ ខ្ញុំមានសិទ្ធិលក់។ ខ្ញុំអ្នកការពារដីឃុំហ្នឹង គេថាខ្ញុំមានសិទ្ធិលក់អត់ហៅប្រជាពលរដ្ឋទេ»។
មេឃុំស៊ឺង លោក រម៉ាម ថាំង មានប្រសាសន៍ទទួលស្គាល់ថា លោកពិតជាបានលក់ដីនោះមែន ក៏ប៉ុន្តែដីដែលលក់ គឺជាដីសល់ពីដីសាលាឃុំដែលបានចុះបញ្ជីសារពើភ័ណ្ឌរួចហើយ។ លោកបន្តថា ប្រាក់ដែលបានពីលក់ដី លោកនឹងរាយការណ៍ជូនអាជ្ញាធរស្រុក ដើម្បីយកប្រាក់ទៅទិញសម្ភារៈជួសជុលសាលាឃុំ៖ «ដីហ្នឹង ស្រុកដឹងទាំងអស់ វាក្រៅបញ្ជី។ ដីហ្នឹង វាដប់ម្ភៃម៉ែត្រ មិនធំប៉ុន្មានទេ វាសល់តែបន្តិចហ្នឹង។ ហើយដោះដូរមិនមែនយកទៅចាយណាណីទេ យកទៅជួសជុលសាលាឃុំ។ មើលឃើញស្រាប់ហើយ ខ្ញុំទើបនឹងដាក់អ៊ីណុកនេះ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា ដីសាលាឃុំ គឺជាដីរដ្ឋ ដូច្នេះមេឃុំមិនមានសិទ្ធិលក់ដីដោយគ្មានការអនុញ្ញាតពីថ្នាក់ខេត្ត និងក្រសួងមហាផ្ទៃ នោះទេ។ លោកអំពាវនាវឲ្យអាជ្ញាធរស្រុក ខេត្ត ស៊ើបអង្កេតករណីនេះ៖ «ខុសនឹងគោលបំណងសហគមន៍ ដែលសហគមន៍បានសម្រេចទុកដីហ្នឹងទៅឲ្យសាលាឃុំ ដើម្បីប្រើប្រាស់។ អ៊ីចឹងហើយ កាលណាឃុំសម្រេចលក់ដោយបុគ្គលខ្លួនគាត់ ហ្នឹងហើយផ្ទុយពីផ្លូវច្បាប់»។
យ៉ាងនេះក្តី នៅរសៀលថ្ងៃច័ន្ទ ទី១៨ ខែមីនា តំណាងអ្នកភូមិកាលិ មានគ្នា ៧នាក់ បានដាក់ពាក្យប្តឹងមេឃុំទៅស្ថាប័នអយ្យកាតុលាការខេត្តរួចហើយ ពីបទលួចលក់ទ្រព្យសម្បត្តិរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។